(ប៉ៃលិន)៖ ដោយមានការសំណូមពរពីប្រជាពលរដ្ឋ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការស្ថាប័នជំនាញជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ បានអញ្ជើញបើកការស្ថាបនាផ្លូវបេតុង ១ខ្សែ ប្រវែង ២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទួលល្វា និងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលជួបការលំបាកជាច្រើនឆ្នាំមកហើយ។
លោក ផាន់ ចាន់ធុល បានលើកឡើងថា ផ្លូវ ស្ពាន ជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះ មានផ្លូវគឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ១ខ្សែនេះ ពិតជាបានបំពេញនូវសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេស បានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន។
អភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងដោះស្រាយរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេស ការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យជាដើម។
ក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះ ឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។
ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ១ខ្សែនេះ បានសំដែងនូវសេចក្តីត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ ជាពិសេសឯកឧត្តមអភិបាលខេត្ត ដែលបានសម្រេចយ៉ាងឆាប់រហ័ស ក្នុងការស្ថាបនាផ្លូវនេះ។
សូមបញ្ជាក់ថា ផ្លូវបេតុង ១ខ្សែ ដែលអាជ្ញាធរខេត្តប៉ៃលិន បានចាប់ផ្តើមបើកការដ្ឋានស្ថាបនានាពេលនេះ គឺមានប្រវែង ២០០ម៉ែត្រ ទទឹង ៦ម៉ែត្រ សំណង់លូមូលអង្កត់ផ្ចិត ១ម៉ែត្រ ប្រវែង ៧ម៉ែត្រ ចំនួន ១កន្លែង ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្ត៕