(បាងកក,ថៃ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជារដ្ឋមន្រ្តីក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ានរបស់កម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ានលើកទី៣៣ (33rd ASEAN Free Trade Area (AFTA) Council Meeting) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅរាជធានីបាងកក ប្រទេសថៃ។
កិច្ចប្រជុំនេះ ត្រូវរៀបចំឡើងទន្ទឹមគ្នានឹងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥១ (51st AEM Meeting) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទីចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ានលើកទី៣៣នេះ, បណ្តារដ្ឋមន្ត្រីក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA Council Ministers) បានធ្វើការកត់សម្គាល់ និងវាយតម្លៃ ខ្ពស់លើវឌ្ឍនភាពនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ ស្ថិតក្រោមក្របខណ្ឌផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ (AEC Blueprint 2025) តាមរយៈការធ្វើសេរីភាវូនីយកម្មពន្ធ គយអាស៊ាន ដោយអនុលោមតាមការសន្យា និងកាតព្វកិច្ចក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) ដែលក្នុងនោះ អត្រាពន្ធគយលើបន្ទាត់ពន្ធចំនួន ៩៨,៦%នៃបន្ទាត់ពន្ធសរុបអាស៊ាន ត្រូវបានលប់បំបាត់ គិតត្រឹមឆ្នាំ២០១៩ នេះ។
បន្ថែមពីនេះ អង្គប្រជុំក៏បានពិនិត្យ និងពិភាក្សា ផ្លាស់ប្តូរមតិយោបល់លើវឌ្ឍនភាព និងបញ្ហាប្រឈមមួយចំនួន នៅក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) រួមមាន៖ កិច្ចសម្រួលពាណិជ្ជកម្ម, វិធានដើមកំណើតទំនិញ, ការធ្វើសេរីភាវូនីយកម្មពន្ធគយ និងការលុបបំបាត់របាំងពាណិជ្ជកម្ម ក៏ដូចជាការធ្វើសមាហរណកម្មគយជាដើម។
ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងលើនេះ អង្គប្រជុំបានផ្តល់អនុសាសន៍ឱ្យក្រុមការងារពាក់ព័ន្ធរបស់អាស៊ានបន្តស្វែងរកនូវដំណោះស្រាយដែលសមស្រប និងអាចទទួលយកបាន ដោយឈរលើស្មារតីយោគយល់ និងសាមគ្តីភាពរបស់អាស៊ាន ព្រមទាំងបានអំពាវនាវឱ្យប្រទេសជាសមាជិកអាស៊ានទាំងអស់គោរព និងអនុវត្តការសន្យា និងកាតព្វកិច្ចទាំងឡាយ ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) ឱ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធិភាពខ្ពស់ សំដៅកាត់បន្ថយ និងចៀសវាងនូវជម្លោះរវាងសមាជិកដែលអាចកើតឡើងជាយថា ហេតុពីការអនុវត្តកិច្ចព្រមព្រៀងនេះ។
ក្រៅពីនេះ អង្គប្រជុំក៏បានពិនិត្យ និងអនុម័តលើឯកសារសំខាន់ៗចំនួន៣ ដែលនឹងផ្តល់អាណត្តិកិច្ចឱ្យបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ អាចអនុវត្តនូវការប្រើប្រាស់វិក្កយបត្រ សម្រាប់ធ្វើប្រតិវេទន៍ស្វ័យបញ្ជាក់ប្រភពដើមទំនិញទូទាំងតំបន់អាស៊ាន (ASEAN-Wide Self Certification) ក៏ដូចជាអាចចាប់ផ្តើមដំណើរការនៃការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) ផងដែរ៕