(ភ្នំពេញ)៖ ការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងរ៉ែ និងថាមពល សម្រាប់ឆ្នាំ២០១៩នេះ បានចាប់ផ្តើមដំណើរការហើយនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រោមវត្តមានលោក ស៊ុយ ឌីម៉ង រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និងជាប្រធានគណៈកម្មាធិការមណ្ឌលប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌ ក្រសួងរ៉ែនិងថាមពល សម្រាប់ឆ្នាំ២០១៩ ដោយមានបេក្ខជនចូលរួមប្រឡងសរុបចំនួន ១៩១នាក់ ក្នុងនោះមានស្រី៨៧នាក់ ដែលបានធ្វើឡើងនៅសាលាបឋមសិក្សាព្រះនរោត្តម។
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្របខណ្ឌថ្មី (ប្រភេទ «ក») នៅក្នុងឆ្នាំ២០១៩នេះ មាន១១កន្លែង ដើម្បីឱ្យចូលបម្រើការងារ នៅតាមអង្គភាពនានាចំណុះក្រសួងរ៉ែ និងថាមពល ទាំងនៅក្នុងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានអង្គភាពជ្រើសរើសដូចជា មន្ទីរ៉ែ និងថាមពលខេត្តកំពត ចំនួន០១កន្លែង, មន្ទីរ៉ែ និងថាមពលខេត្តកោះកុង០១កន្លែង, មន្ទីរ៉ែ និងថាមពលខេត្តតាកែវចំនួន០១កន្លែង និង០៨កន្លែងទៀត ត្រូវចូលបម្រើការងារនៅក្នុងក្របខណ្ឌក្រសួងរ៉ែ និងថាមពល ហើយការជ្រើសរើសមន្ត្រី ក្របខណ្ឌថ្មី (ប្រភេទ «ក») នេះ គឺដើម្បីឱ្យចូលបម្រើការងារ ជំនួសមន្ត្រីចាស់ដែលបានចូលនិវត្តន៍។
សូមបញ្ជាក់ដែរថា ការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌ ក្រសួងរ៉ែ និងថាមពលក្នុងឆ្នាំ២០១៩នេះ គឺជាជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្របខណ្ឌថ្មី ជាលើកទី៤ហើយ សម្រាប់ក្រសួងរ៉ែ និងថាមពល ដែលវិញ្ញាសារប្រឡងនៅក្នុងឆ្នាំ២០១៩នេះ មានចំនួន៣ ដូចជា វិញ្ញាសារ វប្បធម៍ទូទៅ អង់គ្លេសទូទៅ និងវិញ្ញាសារជំនាញបច្ចេកទេស ហើយចំពោះវិញ្ញាសារជំនាញបច្ចេកទេសនេះ គឺផ្តោតទៅលើរដ្ឋបាលសាធារណៈ ឫច្បាប់ សេដ្ឋកិច្ច គណនេយ្យ ធនាគារ និងហិរញ្ញវត្ថុ៕