(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសាលាជាតិកសិកម្មព្រែកលៀប ដែលបានខិតខំស្វះស្វែងរកដៃគូទាំងក្នុង និងក្រៅប្រទេស ដើម្បីទទួលបាននូវជំនួយឧបត្ថម្ភ គាំទ្រក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សីរបស់ជាតិ។
ការលើកឡើងបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិត ដែលនឹងត្រូវចេញដំណើរទៅហាត់ការសម្រាប់ឆ្នាំសិក្សា២០១៩ -២០២០ ជំនាន់ទី០៣ ចំនួន៥១នាក់ នៅប្រទេសអ៉ីស្រាអែល។
លោកបណ្ឌិត ធន់ វឌ្ឍនា នាយកសាលាជាតិកសិកម្មព្រែកលៀប បានបញ្ជាក់ថា កម្មវិធីនិស្សិតហាត់ការនៅប្រទេសអ៉ីស្រាអែល មានចាប់តាំងពីឆ្នាំ២០១៧មក ដោយសាលាជាតិកសិកម្មព្រែកលៀប បានចាប់ផ្តើមបញ្ជូននិស្សិតចំនួន ១០នាក់ ជារៀងរាល់ឆ្នាំឲ្យទៅធ្វើកម្មសិក្សារយ:ពេល១១ខែ នៅប្រទេសអ៉ីស្រាអែល តាមរយ:កូតារបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម។
លោកបន្តថា ក្នុងឆ្នាំ២០១៩ សាលាបានចុះអនុស្សរណយោគយល់គ្នា (MOU) ជាមួយ Sedot Regional Council Israel Center (SRCIC) លើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកសិកម្ម ហើយជាក់ស្តែងឆ្នាំទី១ នៃការអនុវត្ត MOU នេះ សាលា និង SRCIC បានសម្រេចបង្កើនចំនួននៃការជ្រើសរើសនិសិស្សិតរហូតដល់៥១នាក់ ឲ្យទៅធ្វើកម្មសិក្សារយ:ពេល១១ខែ នៅប្រទេសអ៉ីស្រាអែលតាមមុខវិជ្ជារៀងៗខ្លួន ដែលក្រុមទី១ នឹងត្រូវចេញដំណើរនៅថ្ងៃទី១០ ហើយក្រុមទី២ នៅថ្ងៃ១៧ ខែកញ្ញាខាងមុខនេះ។
លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ សាលាទទួលបានការគាំទ្រ និងឱកាសជាបន្តបន្ទាប់ ផ្តល់ដល់និស្សិតខ្មែរយើង ទៅធ្វើការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មទំនើបទាន់សម័យ មានប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច និងភាតរបរិស្ថាន នៅបណ្តាប្រទេសដែលកំពុង មានការជឿនលឿនក្នុងវិស័យកសិកម្ម ដូចជាប្រទេសអ៉ីស្រាអែលនេះតែម្តង ហើយនេះក៏ជាឱកាសរបស់ក្មួយៗ ដើម្បីដកស្រង់ ផ្លាស់ប្តូរបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងទាំងក្នុងបន្ទប់សិក្សា ក្នុងមន្ទីរពិសោធន៍ និងនៅចំការថែមទៀតផង»។
លោកបានបន្តថា ណែនាំឲ្យនិស្សិតគ្រប់រូបត្រូវឆ្លៀតយកឱកាសដ៏ប្រពៃនេះ ខិតខំព្យាយាមតស៊ូ ដើម្បីអភិវឌ្ឍន៍ និងធ្វើនវានុវត្តន៍ខ្លួនឯងឲ្យក្លាយជាបុគ្គល ដែលមានសក្តានុពលផ្នែកចំណេះជំនាញ បទពិសោធន៍ បុគ្គលដែលមានតម្លៃសម្រាប់ខ្លួនឯង និងសង្គមជាតិក្រោយពីត្រឡប់មកមាតុភូមិវិញ។
លោករដ្ឋមន្រ្តីក៏បានធ្វើការណែនាំដល់ក្មួយៗ និស្សិតឲ្យយកចិត្តទុកដាក់ គិតគូពិចារណា និងប្រតិបត្តិឲ្យបានត្រឹមត្រូវ និងទទួលបានលទ្ធផលល្អត្រលប់មកវិញ ក្នុងនោះរួមមាន៖
* ទី១៖ ត្រូវខិតខំសិក្សារៀនសូត្រ និងក្រេបជញ្ជក់យកបទពិសោធន៍ចំណេះដឹង ចំណេះធ្វើទាំងបច្ចេកទេស ការគ្រប់គ្រងលើជំនាញបច្ចេកទេសទំនើប រត់ឲ្យទាន់សម័យកាលឧស្សាហកម្មទី៤ បច្ចេកទេសសមស្របតាមលក្ខខណ្ឌភូមិសាស្រ្ត អាកាសធាតុ និងក្សេត្របរិស្ថានរបស់ប្រទេសយើង។
* ទី២៖ ត្រូវគោរពច្បាប់វិន័យ លក្ខខណ្ឌការងាររបស់សាលា និងក្រុមហ៊ុន ប្រពៃណី វប្បធម៌ និងទំនៀមទំលាប់របស់ប្រទេសគេ ឧស្សាហ៍ព្យាយាម និងថែរក្សាប្រពៃណី វប្បធម៌ជាតិ និងទំនៀមទម្លាប់ឲ្យបានខ្ជាប់ខ្ជួន។ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពការងារជាចម្បង។ មិនត្រូវចូលរួមពាក់ព័ន្ធរឿងនយោបាយ ឬសកម្មភាពណាដែលខុសនឹងច្បាប់នៃប្រទេសគេទ្បើយ។
* ទី៣៖ ត្រូវមានកិច្ចសហប្រតិបត្តិការល្អ ចងសម្ព័ន្ធមេត្រីភាពជាមួយមិត្តនិស្សិតអន្តរជាតិទាំងអស់ ដែលរស់នៅរៀនសូត្រ និងបំពេញការងារជាមួយគ្នា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ទំនាក់ទំនង និងចំណេះជំនាញ។
* ទី៤៖ ក្មួយៗនឹងត្រូវប្រឡូកនៅក្នុងសាលារៀននៃជីវិតជាក់ស្តែង ដើម្បីកសាងជីវភាពផ្ទាល់ខ្លួនផង វាសនាអនាគតរបស់គ្រួសារផង និងដើម្បីបំពេញការងារតាមវិជ្ជាជីវៈរបស់ខ្លួន ដែលជាការចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងនាមជាពលរដ្ឋល្អម្នាក់។
លោកមរដ្ឋមន្រ្តី បានផ្ញើក្តីសង្ឃឹម និងជឿជាក់លើក្មួយៗ នឹងខិតខំប្រឹងប្រែងតស៊ូ លះបង់ ព្យាយាមធ្វើការ ដើម្បីអនាគតខ្លួនផ្ទាល់ និងកិត្តិយសជាតិផង ហើយលោកសូមជូនពរឲ្យក្មួយៗនិស្សិតទាំងអស់ទទួលបានជោគជ័យល្អប្រសើរ មានសុវត្ថិភាព និងសូមទទួលបាននូវសេចក្តីសុខ និងសេចក្តីចម្រើនក្នុងឱកាសស្នាក់នៅ និងបំពេញការងារនៅប្រទេសអីស្រាអែល៕