(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំ ដើម្បីធ្វើការផ្សព្វផ្សាយសភាពការណ៍ទូទៅ និងលទ្ធផលការងារ ដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងឆមាសទី១ និងលើកទិសដៅការងារ សម្រាប់ឆមាសទី២ ឆ្នាំ២០១៩។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខធិការ ទីប្រឹក្សា ប្រតិភូរាជរដ្ឋាភិបាល លោក លោកស្រី ប្រធាននាយកដ្ឋាន និងមន្រ្តីរាជការជាង៥០០នាក់ ដែលរៀបចំធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម។
ថ្លែងក្នុងពិធីនោះ លោករដ្ឋមន្រ្តី វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលសំខាន់ៗដែលថ្នាក់ដឹកនាំ មន្រ្តីរាជការ បានខិតខំប្រឹងប្រែងក្នុងស្មារតីទទួលខុសត្រូវ បំពេញភារកិច្ច ក្នុងវិស័យកសិកម្ម ក្នុងឆមាសទី១ ទទួលបានលទ្ធផលល្អប្រសើរ គួរឲ្យកត់សម្គាល់ ជាពិសេសសកម្មភាពការងារ នៅឯមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។
លោកបានបញ្ជាក់បន្ថែមទៀតថា សមិទ្ធផលដ៏ធំធេងដែលក្រសួងសម្រេចបាន ក៏ដោយសារមានការចូលរួម យ៉ាងពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្ម ជាពិសេសតាមការចង្អុលបង្ហាញ និងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងគុណសម្បត្តិនៃម្លប់សុខសន្តិភាព ស្ថិរភាពយ៉ាងពេញលេញទូទាំងប្រទេស។
ឆ្លៀតយកឱកាសនៃការជួបជុំ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ លោក វេង សាខុន បានលើកយកសភាពការណ៍ទូទៅ របស់ប្រទេសជាតិ ស្ថានការណ៍នយោបាយ សេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រទេស ជាពិសេសសភាពការណ៍ថ្មីៗ ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ច នយោបាយ និងការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះ ក៏មានវិស័យកសិកម្មផងដែរ។
តែទោះជាយ៉ាងណា លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម តាមរយៈការធ្វើទំនើបកម្មកសិកម្ម កសិពាណិជ្ជកម្ម ពិពិធកម្មកសិកម្ម និងអភិបាលកិច្ចល្អ។
ព្រមជាមួយគ្នានេះ ក្រសួងក៏បាននិងកំពុងធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅ ស្រពតាមអភិក្រមទាំង៥ គឺឆ្លុះកញ្ចក់ ងួតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ ក្នុងន័យនេះ ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ ត្រូវយកស្មារតីទទួលខុសត្រូវ លើភារកិច្ចចំបងរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ ជូនសាធារណៈជនឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ក្រៅពីនេះ លោករដ្ឋមន្ត្រី បានដាក់ទិសដៅការងារសម្រាប់ឆមាសទី២ ជូនថ្នាក់ដឹកនាំ និងមន្រ្តី ដើម្បីយកទៅអនុវត្តឲ្យទទួលបានជោគជ័យ ក្នុងនោះ មានជាអាទិ៍៖
១៖ ពង្រឹងការគ្រប់គ្រង ដឹកនាំផ្សព្វផ្សាយ អប់រំ និងជំរុញដំណើរការកែទម្រង់ផ្ទៃក្នុងក្រសួង ដើម្បីបង្កើនជំនឿទុកចិត្តរបស់ប្រជាជន លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងប្រសិទ្ធភាពការងារ។
២៖ បង្កើនភាពម្ចាស់ការក្នុងការដោះស្រាយ និងឆ្លើយតបឲ្យទាន់ពេលវេលា ប្រកបដោយស្មារតីប្រុងប្រយ័ត្ន ចំពោះបញ្ហាអសកម្មផ្សេងៗក្នុងវិស័យកសិកម្ម។
៣៖ ពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍតាមអភិក្រម «រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍»។
៤៖ បន្តយកចិត្តទុកដាក់ ខិតខំកសាង និងពង្រឹងប្រសិទ្ធភាពដឹកនាំ ស្រមតាមលក្ខន្តិកមន្រ្តីរាជការស៊ីវិលនៅតាមអង្គភាព។ រួមគ្នាដោះស្រាយរាល់បញ្ហាប្រឈម ឲ្យបានស្រុះដៃគ្នា ប្រកបដោយឆន្ទះមុតស្រួច ជាពិសេសអនុវត្តគោលការណ៍ សមូហភាពដឹកនាំ បុគ្គលៗទទួលខុសត្រូវ និងអនុវត្តតាមតួនាទី ភារកិច្ច សិទ្ធិ និងរបៀបរបបការងារ ដែលរាជរដ្ឋាភិបាល និងក្រសួងប្រគល់ជូន។
៥៖ បង្កើនប្រសិទ្ធភាពការងាររបស់អង្គភាពនីមួយៗ តាមរយៈការពង្រីងសមត្ថភាពដឹកនាំ ការអនុវត្តយន្តការសម្របសម្រួល ដោះស្រាយរាល់បញ្ហាក្នុងអង្គភាពខ្លួន។
៦៖ គ្រប់អង្គភាព ត្រូវតាមដានពិនិត្យមើលលើការបញ្ជូនមន្រ្តី ចូលរួមក្នុងវគ្គអប់រំ និងបណ្តុះ បណ្តាលទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កើនសមត្ថភាពលើការអភិវឌ្ឍធនធានមនុស្ស។
៧៖ ត្រូវបន្តថែរក្សាសមគ្គីភាព ឯកភាពផ្ទៃក្នុង និងផ្សារភ្ជាប់ជិតស្និតជាមួយមន្រ្តី និងប្រជាកសិករនៅមូលដ្ឋាន ដើម្បីបង្កើនជំនឿជឿជាក់ ទុកចិត្ត និងគាំទ្រ។
៨៖ ពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំ នៅគ្រប់ជាន់ថ្នាក់ក្នុងក្រសួង ក្នុងការត្រួតពិនិត្យ និងវាយតម្លៃ ឧទ្ទេសនាមមន្រ្តីដែលទទួលតំណែងក្នុងស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់ ស្របតាមគោលការណ៍រដ្ឋ ព្រមទាំងលើកកម្ពស់ភាពស្អាតស្អំ និងរឹងមាំរបស់មន្រ្តីរបស់ក្រសួង។
៩៖ ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពេញលេញ ស៊ីជម្រៅលើការផលិតផលិតផល ជាមួយគ្រប់ភាគីពាក់ព័ន្ធ សមស្របតាមសភាពការណ៍ជាក់ស្តែង និងបរិបទនៃកំណើនសេដ្ឋកិច្ច ប្រជាជន ការប្រកួតប្រជែង តម្រូវការ និងតម្រូវចិត្តរបស់ទីផ្សារក្នុង និងក្រៅប្រទេស។
១០៖ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង អនុវត្តកម្មវិធី ឬគម្រោងនានា ធ្វើយ៉ាងណាទាញយកប្រយោជន៍ ឲ្យបានជាអតិបរមាសម្រាប់ប្រជាពលរដ្ឋនៅឯមូលដ្ឋានផ្ទាល់ ហើយក៏ត្រូវរៀនសូត្រ ដកស្រង់បទពិសោធន៍ពីគម្រោង ដើម្បីបង្កើនសមត្ថភាពខ្លួន សម្រាប់ជាទុកពុទ្ធិក្នុងការអភិវឌ្ឍអង្គភាពខ្លួន៕