(ពោធិ៍សាត់)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីនៅទីស្នាក់ការកណ្តាល និងថ្នាក់ដឹកនាំ-មន្ត្រីនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៩៨៣គ្រួសារ រស់នៅស្រុកបាកាន ខេត្តពោធិ៍សាត់។
ពិធីនេះបានរៀបចំឡើងនៅថ្ងៃសុក្រ ៨កេីត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៩ នេះ នៅវិទ្យាល័យអូរតាប៉ោង ស្ថិតក្នុងភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្នុងឱកាសនៃពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកដែលប្រឈមនឹងគ្រោះទឹកជំនន់នៅក្នុងវដូវវស្សានេះ ក៏ដូចជាប្រជាពលរដ្ឋងាយរងគ្រោះបំផុត រួមមាន ចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយកូនច្រេីន ជនពិការ កុមារកំព្រា និងអ្នកមានជំងឺរ៉ាំរ៉ៃ ដែលជាជនងាយរងគ្រោះចាំបាច់បំផុត ដែលកាកបាទក្រហមកម្ពុជា ត្រូវគិតគូរដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពគ្រួសារ។
ជាមួយគ្នានេះ លោកស្រី អគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ថា ថ្វីត្បិតតែ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនបានអញ្ជេីញចុះមកជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋទាំងអស់ក៏ដោយក៏ សម្តេច តែងតែចាត់ឱ្យសហការីចុះបំពេញការងារជារៀងរាល់ថ្ងៃ ជាមួយនឹងការពាំនាំនូវអនុសាសន៍ផ្តាំផ្ញេីជូនលោកយាយ លោកតា បងប្អូនទាំងអស់ នូវសារអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិការភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លេីយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដេីម្បីសុខភាពស្ត្រីនិងកុមារ ដែលមានខ្លឹមសារដូចខាងក្រោម៖
* សូមគិតគូរពីការថែទាំសុខភាពជាចម្បង ដែលក្នុងនោះ ការទទួលទានអាហាររូបត្ថម្ភគឺជារឿងចាំបាច់ដោយត្រូវបរិភោគឱ្យបានត្រឹមត្រូវ ផឹកទឹកដាំឆ្អិនល្អ រស់នៅក្នុងបរិស្ថានស្អាត មានអនាម័យ គ្មានសំរាម គ្មានទឹកដក់ឬជម្រកសត្វមូស ដែលជាប្រភពនៃជំងឺគ្រុនឈាម-គ្រុនចាញ់។
* សូមស្ត្រីមានផ្ទៃពោះ អញ្ជេីញទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ដេីម្បីតាមដាននិងទប់ស្កាត់ការចម្លងជំងឺនានាពីម្តាយទៅទារក ដូចជាជំងឺអេដស៍ ឬជំងឺតំណពូជជាដេីម ហេីយត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាពដែលនៅជិតបំផុត។
* សូមអ្នកដែលរស់នៅជាមួយមេរោគអេដស៍ទាំងអស់ ទៅទទួលថ្នាំប្រឆាំងមេរោគឱ្យបានទៀងទាត់ និងកុំចម្លងទៅអ្នកដទៃ ហេីយត្រូវដេីរតួជាអ្នកផ្សព្វផ្សាយដល់អ្នកដទៃ ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ដេីម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០២៥ គឺ គ្មានការឆ្លងមេរោគអេដស៍ថ្មី គ្មានការស្លាប់ដោយសារមេរោគអេដស៍ និងគ្មានការរេីសអេីង។
* សូមចូលរួមចំណែកទាំងអស់គ្នាលេីកកម្ពស់គោលនយោបាយភូមិឃុំមានសុវត្ថិភាព លុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង និងល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាប្រភពនៃអំពេីហិង្សា ចោរកម្ម សម្លាប់មនុស្ស ដេីម្បីសេចក្តីសុខក្នុងគ្រួសារ និងសុខដុមរមនាក្នុងសង្គមជាតិយេីង។
* សូមចូលរួមអនុវត្តច្បាប់ស្តីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដេីម្បីកាត់បន្ថយអត្រាស្លាប់និងពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍ដែេលកេីតមានជារៀងរាល់ថ្ងៃ។
* សូមប្រុងប្រយ័ត្នករណីក្មេងលង់ទឹកក្នុងរដូវវស្សានេះ ដែលអាចឱ្យក្រុមគ្រួសារមានវិប្បដិសារីអស់មួយជីវិត។
ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត ម៉ៅ ធនិន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ តំណាងឱ្យប្រជាពលរដ្ឋទទួលផលទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌តែងយកចិត្តទុកដាក់ឆ្លេីយតបចំពោះសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋប្រកបដោយព្រហ្មវិហារធម៌បានទាន់ពេលវេលា និងគ្មានការរេីសអេីងអ្វីទាំងអស់។
សូមបញ្ជាក់ថា អំណោយដែលបានចែកជូនគ្រួសារនីមួយៗរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង និងឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត)៕