Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាក្តីខ្មែរក្រហម ជ្រើសរើសយក លោកស្រី Megan Hirst ជាសហមេធាវីនាំមុខអន្តរជាតិថ្មី តំណាងដើមបណ្តឹងរដ្ឋប្បវេណី

06-09-2019 18:22

(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលហៅកាត់ថា សាលាក្តីខ្មែរក្រហម នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការសម្រេចជ្រើសរើស លោកស្រី Megan Hirst ជនជាតិអូស្ត្រាលី ជាសហមេធាវីនាំមុខអន្តរជាតិថ្មី តំណាងដើមបណ្តឹងរដ្ឋប្បវេណី។

លោកស្រី Megan Hirst ត្រូវជំនួសតំណែងលោកស្រី Marie Guiraud ជនជាតិបារាំង ដែលបានលាលែងពីមុខតំណែងកាលពីខែមិថុនា ឆ្នាំ២០១៩។

សាលាក្តីខ្មែរក្រហមបានឲ្យដឹងថា លោកស្រី Hirst មានបទពិសោធន៍ បម្រើការងារក្នុងវិស័យច្បាប់សិទ្ធិមនុស្ស និងច្បាប់ព្រហ្មទណ្ឌអន្តរជាតិ រយៈពេល១៥ឆ្នាំ។ លោកស្រីមានបរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យ Queensland និងបរិញ្ញាបត្រជាន់ខ្ពស់ ​ផ្នែកច្បាប់​ពី​សាកល​វិទ្យាល័យ Cambridge។

លោកស្រី Hirst នឹងធ្វើការជាមួយលោក ពេជ អង្គ ដែលជាសហមេធាវីនាំមុខជាតិ តំណាងដើមបណ្តឹងរដ្ឋប្បវេណី នៅ​ក្នុងកិច្ចដំណើរការនីតិវិធី ក្នុងសំណុំរឿង ០០២/០២។ ដើមបណ្តឹងរដ្ឋប្បវេណីធានា ឲ្យមាន​ការរៀបចំតំណាង​ប្រកប​ដោយ​ប្រសិទ្ធភាព សម្រាប់ដើមបណ្តឹងរដ្ឋប្បវេណី ដែលជាជនរងគ្រោះនៃឧក្រិដ្ឋកម្មនានា នៅក្នុងយុត្តាធិការរបស់ អ.វ.ត.ក ដែលអាចចូលរួមក្នុងកិច្ចដំណើរការនីតិវិធី និងធ្វើការទាមទារសំណងផ្លូវចិត្ត និងសំណងសមូហភាព។

បើតាមសាលាក្តីខ្មែរក្រហម ការ​ទទួល​ខុសត្រូវចម្បង របស់សហមេធាវីនាំមុខតំណាង ដើមបណ្តឹងរដ្ឋប្បវេណី រួមមានតំណាងឲ្យផល​ប្រយោជន៍​ដើម​បណ្តឹង​រដ្ឋប្បវេណីដែលរួមគ្នាជាក្រុមតែមួយ ផ្តល់នូវការអះអាង និងយុទ្ធសាស្រ្តជាទូទៅ ព្រមទាំងតំណាង​នៅចំពោះ​មុខ​តុលាការ​អំពីផលប្រយោជន៍របស់ដើមបណ្តឹងរដ្ឋប្បវេណី ដោយសហការយ៉ាងជិតស្និទ្ធជាមួយនឹង មេធាវីដើម​បណ្តឹង​រដ្ឋប្បវេណីម្នាក់ៗ៕