(ភ្នំពេញ)៖ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបា្ររព្ធពិធីអបអរសាទរ ប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការទទួលស្គាល់ដេប៉ាតឺម៉ង់ថ្មី មុខជំនាញថ្មី នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា គឺដេប៉ាតឺម៉ងបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ព្រមទាំងមុខជំនាញពីរគឺ មុខជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ និងមុខជំនាញបច្ចេកវិទ្យាព័ត៌មានធុរកិច្ច។
លោក មាស សង្វាត ប្រធានដេប៉ាតឺម៉ង់បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ នៃវិទ្យាស្ថាន ពាណិជ្ជសាស្ត្រអេស៊ីលីដា បានថ្លែង «យើងពិតជាមានមោទនភាពក្រៃលែង ដែលក្រសួងអប់រំ យុវជន និងកីឡា តែងតែ ជឿជាក់ និងផ្តល់ទំនុកចិត្តខ្ពស់ដល់វិទ្យាស្ថាន ក្នុងការផ្តល់សេវាកម្មអប់រំថ្នាក់ឧត្តមសិក្សា។ វិទ្យាស្ថានតែងតែយកចិត្តទុកដាក់ស្តាប់ដំបូន្មានដ៏មានតម្លៃ និងបំពេញតម្រូវការរបស់អតិថិជននូវជំនាញថ្មីៗ ប្រកប ដោយ ជម្រើសយ៉ាងសម្បូរបែប»។
ថ្ងៃនេះវិទ្យាស្ថាន ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមុខជំនាញ ពីរបន្ថែមទៀតគឺ មុខជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ និងមុខជំនាញបច្ចេកវិទ្យាព័ត៌មានធុរកិច្ច ស្របពេលយុគ្គសម័យបដិវត្តឧស្សាហកម្ម៤.០ ជាយុគ្គសម័យនៃការ ប្រកួតប្រជែងពាណិជ្ជកម្មដោយប្រើប្រាស់បច្ចេកវិទ្យា ដើម្បីទទួលបានភាពជោគជ័យក្នុងដំណើរការអាជីវកម្ម។ ដូច្នេះគ្រប់ ក្រុមហ៊ុនឯកជន ក៏ដូចជាវិស័យ សាធារណ ត្រូវការនិស្សិតព័តមានវិទ្យា ដើម្បីដោះស្រាយបញ្ហាបច្ចេកវិទ្យានានាជាចាំបាច់ ដែលពាក់ព័ន្ធនិងដំណើរការអាជីវកម្មរបស់ខ្លួន។
១៖ មុខជំនាញ បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech)៖ ជាមុខជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ រៀបចំឡើងដោយបញ្ចូលគ្នារវាងជំនាញពីរ គឺជំនាញបច្ចេកវិទ្យា និងជំនាញគណនេយ្យ និងហិរញ្ញវត្ថុ។ មុខជំនាញនេះ រៀបចំឡើង ដើម្បីផ្តល់ឱកាសដល់និស្សិតអាចបង្កើត បច្ចេកវិទ្យាថ្មី ដើម្បីបំពេញបន្ថែមទៅលើវិធីសាស្ត្រ នៃប្រតិបត្តិការផ្នែកហិរញ្ញវត្ថុដែលមានស្រាប់ ឬអាចនិយាយបានថា មុខជំនាញ Fintech គឺជាគំនិតច្នៃប្រឌិតបែបវិទ្យាសាស្ត្រមួយ ដែលបានប្រែក្លាយការផ្តល់ និងប្រើប្រាស់ហិរញ្ញវត្ថុជាសាច់ប្រាក់ មកជាការបង្កើតកម្មវិធីទូទាត់ដោយប្រព័ន្ធអេឡិចត្រូនិចជំនួសវិញ មានដូចជា អេស៊ីលីដា យូ នី ធី ទាន់ ចិត្ត((ACLEDA Unity ToanChet) ដែលជាកម្មវិធីប្រើលើ Mobile Device និង ACLEDA Internet Banking ដែលជាកម្មវិធីប្រើលើ Web Browser ជាដើម។
២៖ មុខជំនាញ បច្ចេកវិទ្យាព័ត៌មានធុរកិច្ច (Business IT) ជាកម្មវិធីអប់រំរៀបចំឡើង ដោយបានរួមបញ្ចូលគ្នារវាងជំនាញផ្នែកបច្ចេកវិទ្យា និងធុរកិច្ច។ មុខជំនាញនេះ ផ្តល់ឱកាសឲ្យនិស្សិតអាចបង្កើតកម្មវិធីប្រើប្រាស់បែបឌីជីថល សម្រាប់ជំនួយក្នុងការធ្វើអាជីវកម្ម និងការរកទីផ្សារជាដើម ដូចជា E-commerce, M-Commerce និងប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងៗទៀត។
លោកបន្ដថា ចំពោះការបង្រៀន វិទ្យាស្ថានបានត្រៀមខ្លួនជាស្រេចដូចជា មានសាស្ត្រាចារ្យគ្រប់គ្រាន់ ដែលមានបទពិសោធន៍ និងកំពុងបម្រើការងារផ្ទាល់ ជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងមានសាស្ត្រាចារ្យ ខ្មែរ និងបរទេស ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត ទាំងក្នុងនិងក្រៅប្រទេស។
លើសពីនោះ មានបន្ទប់ពិសោធន៍ សម្រាប់ឲ្យនិស្សិតអនុវត្តផ្ទាល់, មានបណ្ណាល័យ សម្រាប់ឲ្យនិស្សិតអាចអានសៀវភៅ ឬធ្វើកិច្ចការសាលាផ្សេងៗ, មានកុំព្យូទ័រ ភ្ជាប់ Internet ដែលមានល្បឿនលឿន សម្រាប់ឲ្យនិស្សិតងាយស្រួលក្នុងការសិក្សាស្រាវជ្រាវ, បន្ទប់រៀនមានផាសុកភាព និងបំពាក់ដោយសម្ភារទំនើបៗ។ក្រោយបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ និស្សិតមានឱកាសការងារដូចខាងក្រោម៖
* អ្នកគ្រប់គ្រងគម្រោងបច្ចេកវិទ្យាព័ត៌មានធុរកិច្ច ឬហិរញ្ញវត្ថុ
* អ្នកបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាព័ត៌មានធុរកិច្ច ឬហិរញ្ញវត្ថុ
* អ្នកប្រឹក្សាផ្នែកបច្ចេកវិទ្យាព័ត៌មានធុរកិច្ច ឬហិរញ្ញវត្ថុ
* អ្នករចនា និងបង្កើតគេហទំព័រ
* អ្នករចនា និងបង្កើតកម្មវិធីលើទូរសព្ទដៃ (Android & iOS)
* អ្នកគ្រប់គ្រងទិន្នន័យព័ត៌មានវិទ្យា
* អ្នកអភិបាលកិច្ចបណ្តាញ និងប្រព័ន្ធសុវត្ថិភាពព័ត៌មានវិទ្យា
* អ្នកឯកទេសបង្កើតកម្មវិធីកុំព្យូទ័រ
* គណនេយ្យករ
* អ្នកវិភាគថវិកា និងហិរញ្ញវត្ថុ
* អ្នកគ្រប់គ្រងផលិតកម្ម ៕