(បាត់ដំបង)៖ កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោក យឹម សៀប អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និងលោក អេ សារ៉ុម សមាជិកក្រុមប្រឹក្សាភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលខេត្តបាត់ដំបង ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាលសំដៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា» ដោយមានការចូលរួមពី តំណាងមន្ទីរ-អង្គភាពចំណុះសាលាខេត្ត និងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តជាច្រើននាក់។
ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានរៀបចំវេទិកាសន្ទនានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយអំពី គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដល់អង្គការសង្គមស៊ីវិលនៅក្នុងខេត្តបាត់ដំបង ឱ្យបានស្វែងយល់និងជ្រួតជ្រាបកាន់តែច្បាស់ ដើម្បីឈានទៅបង្កើតភាពជាដៃគូសហការជាមួយ ភាគីពាក់ព័ន្ធនិងរាជរដ្ឋាភិបាល ឱ្យកាន់តែជិតស្និទ្ធនិងមានប្រសិទ្ធភាពថែមទៀត សំដៅចូលរួមចំណែកក្នុងការធ្វើឱ្យសម្រេចបានតាមគោលដៅទាំង ១៨ចំណុច ប្រកបដោយជោគជ័យនៅឆ្នាំ២០៣០។
នៅក្នុងអង្គវេទិកាសន្ទនានេះដែរ អង្គការសង្គមស៊ីវិលបានលើកយកនូវបញ្ហាប្រឈមនិងសំណូមពរជាច្រើន មកជជែកពិគ្រោះយោបល់ជាមួយអាជ្ញាធរពាក់ព័ន្ធយ៉ាងផុសផុលនិងដោយត្រង់ទៅត្រង់មកជាមួយគ្នា ដើម្បីសហការស្វែងរកដំណោះស្រាយសមស្រប។
ថ្លែងក្នុងអង្គវេទិកាកាលពីព្រឹកមិញនេះ លោកប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានស្នើឱ្យអង្គការសង្គមស៊ីវិលយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើសង្គតិភាពផែនការការងាររបស់ខ្លួន ជាមួយផែនការអភិវឌ្ឍន៍ និងវិនិយោគថ្នាក់មូលដ្ឋាន និងត្រូវបន្តពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមចំណែកធ្វើឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ហើយអាជ្ញាធរមូលដ្ឋានត្រូវបន្ត សម្របសម្រួលអង្គការសង្គមស៊ីវិល ក្នុងការអនុវត្តការងាររបស់ខ្លួននៅតាមមូលដ្ឋាន។
លោកបានបន្ថែមថា សមិទ្ធផលទាំងឡាយដែលអង្គការសង្គមស៊ីវិល សម្រេចបាននាពេលកន្លងមក តែងមានការចូលរួមចំណែកយ៉ាងសំខាន់ និងមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល តាមរយៈការធានាឱ្យមានសន្តិភាព សន្តិសុខ និងការអភិវឌ្ឍនៅទូទាំងប្រទេស ព្រមទាំងបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងសម្របសម្រួលគ្រប់បែបយ៉ាង ដើម្បីបង្កបរិយាកាសអំណោយផល សម្រាប់អង្គការសង្គមស៊ីវិល អាចចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ហើយនេះគឺជាគុណតម្លៃរួមរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាល ដែលអង្គការសង្គមស៊ីវិលគួរតែទទួលស្គាល់។
ជាងនេះទៀត វាមានភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្នារវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងភាពដៃគូដោយឆន្ទៈស្មោះត្រង់ ក៏ដូចជាការបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង សំដៅចូលរួមចំណែកឱ្យកាន់តែសកម្មថែមទៀត ក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនេះ លោកក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលត្រូវប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាព ផ្នែកនយោបាយក្នុងការអនុវត្តការងាររបស់ខ្លួន ដោយប្រតិបត្តិតាមតួនាទី ភារកិច្ច និងកាតព្វកិច្ចតាមផ្លូវច្បាប់ ជាធរមានឱ្យបានត្រឹមត្រូវ និងត្រូវធ្វើការចុះបញ្ជីនៅក្រសួង ស្ថាប័នពាក់ព័ន្ធឱ្យបានត្រឹមត្រូវតាមនីតិវិធី រួមទាំងការចុះបញ្ជីពន្ធដារ ដើម្បីអង្គការសង្គមស៊ីវិល អាចទទួលបានការការពារដោយច្បាប់ និងអនុគ្រោះពន្ធផ្សេងៗ៕