Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទូរហ្គេមបាញ់ត្រី ចំនួន១១ទូរ ត្រូវបានរដ្ឋបាលខណ្ឌច្បារអំពៅ យកទៅដុតកំទេចចោល

06-09-2019 16:30

(ភ្នំពេញ)៖ ទូរហ្គេមបាញ់ត្រី ចំនួន១១ទូរ ព្រមទាំងឧបករណ៍ សម្ភារប្រើប្រាស់មួយចំនួនទៀត ដែលបានរឹបអូស មកពីមូលដ្ឋានសង្កាត់ច្បារអំពៅទី២ និងសង្កាត់ព្រែកប្រា ត្រូវបានរដ្ឋបាលខណ្ឌច្បារអំពៅ យកទៅដុតកំទេចចោល នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រោយពីបានឆ្លងយោបល់ និងមានការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានថ្លែងថា សម្រាប់ការបើកកន្លែងហ្គេមខុសច្បាប់ នៅក្នុងទឹកដីខណ្ឌច្បារអំពៅ ចាប់ពីពេលនេះទៅ រដ្ឋបាលខណ្ឌ មិនចេញច្បាប់អនុញ្ញាតឲ្យបើកនោះទេ ដែលបញ្ហានេះ នាំឲ្យប៉ះពាល់ ដល់ការរៀនសូត្ររបស់ក្មេងៗ ក្រោយពីពួកគេបានគេចសាលា, ចំណាយពេលវេលា និងលុយកាក់សម្រាប់ទៅលេងហ្គេមទាំងនោះ។

លោកថា ទាក់ទងទៅនឹងអ្នក ដែលមានច្បាប់កន្លងមក ត្រូវចូលរួមអនុវត្តឲ្យបានល្អ ទៅតាមច្បាប់កំណត់។ ប្រសិនបើនៅក្នុងអាជីវកម្មណាមួយ មានបង្កប់នូវទូរហ្គេមស៊ីសងខុសច្បាប់, រដ្ឋបាលខណ្ឌច្បារអំពៅ នឹងចុះបិទ ព្រមទាំងដកហូត យកមកកំទេចចោល ដោយស្វ័យប្រវត្តិ។

លោកអភិបាលខណ្ឌច្បារអំពៅ បានអំពាវនាវដល់អ្នកធ្វើអាជីវកម្មមានច្បាប់ទាំងឡាយ សូមកុំឲ្យអ្នកដែលមានពាក់ឯកសណ្ឋានសិស្ស ចូលលេងក្នុងម៉ោងសិក្សាជាដាច់ខាត។ ជាមួយគ្នានេះ ក៏សូមឲ្យម្ចាស់ទាំងនោះ ជួយសរសេរបំរ៉ាម នៅមុខកន្លែងរបស់ខ្លួននិមួយៗ ដោយសសេរថា «ហាមលេងអ៊ីនធ័រណែតក្នុងម៉ោងសិក្សា» ផងដែរ។

ការសរសេរដាក់ដូចនេះ ក៏ព្រោះតែកន្លងមក កម្រងមានអ្នកចូលលេងទៅស្រាវជ្រាវ ដើម្បីជាប្រយោជន៍ដល់ការសិក្សាណាស់ គឺពួកគេគ្រាន់តែចូលទៅលេងហ្គេមតែប៉ុណ្ណោះ។

លោកអភិបាលខណ្ឌ ក៏បានណែនាំដល់ម្ចាស់អាជីវកម្មហ្គេមទាំងអស់ ជាពិសេសអ្នកដែលមានច្បាប់ត្រឹមត្រូវ ចូលរួមអនុវត្តឲ្យបានល្អ តាមគោលការណ៍ច្បាប់ មិនត្រូវកែឆ្នៃពីហ្គេមកំសាន្ត ឲ្យទៅជាហ្គេមស៊ីសងនោះទេ។ ចំពោះអ្នកមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ, ត្រូវតែទៅសុំច្បាប់ពីមន្ទីរពាក់ព័ន្ធ បើមិនដូចច្នេះទេ រដ្ឋបាលខណ្ឌ នឹងមានវិធានការណ៍ទៅតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ គេសង្កេតឃើញមានកន្លែង បើកល្បែងហ្គេមមួយចំនួន បានបើកឲ្យលេងជាប្រភេទហ្គេមស៊ីសង ដោយបើកឲ្យចូលលេង២៤ម៉ោង លើ២៤ម៉ោង ហើយកន្លែងខ្លះនោះ ក៏មានការចែកចាយ និង ប្រើប្រាស់គ្រឿងញៀនទៀតផង៕