(កំពត)៖ លោក អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ នៃព្រឹទ្ធសភា (គណៈកម្មការនីតិកម្ម និងយុត្តិធម៌) បានជំរុញដល់ថ្នាក់ដឹកនាំខេត្តកំពត គ្រប់លំដាប់ថ្នាក់ តាមបណ្ដាមន្ទីរ និងស្ថាប័នពាក់ព័ន្ធ បន្តខិតខំកិច្ចការប្រតិបត្តិច្បាប់ ឲ្យប្រសើរឡើងថែមទៀត។
ការជំរុញបែបនេះធ្វើឡើងខណៈលោក អ៊ុក ប៊ុនឈឿន ដឹកនាំគណៈប្រតិភូ បើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខេត្ត និងស្ថាប័ន អង្គភាពពាក់ព័ន្ធ នៅសាលាខេត្តកំពត នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ។
នៅក្នុងជំនួបខាងលើ លោក ជាវ តាយ អភិបាលខេត្ត បានរាយការណ៍ជូនប្រតិភូ អំពីសភាពការណ៍រួមទូទៅ និងវឌ្ឍនភាពរីកចម្រើន ព្រមទាំងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តកំពត សម្រេចបានកន្លងមក និងផែនការទិសដៅអនុវត្តបន្ត នូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងនីតិកាលទី៦ នៃរដ្ឋសភា ព្រមទាំងបញ្ហាប្រឈម និងសំណូមពរនានា ដែលរដ្ឋបាលខេត្តកំពត បានជួបប្រទះកន្លងមក និងកំពុងបានខិតខំជំរុញការអភិវឌ្ឍជាប្រចាំ។
លោក អ៊ុក ប៊ុនឈឿន ប្រធានគណៈប្រតិភូ បានថ្លែងថា គណៈកម្មការចុះមកបំពេញបេសកកម្ម ក្នុងខេត្តកំពតពេលនេះ គឺក្នុងគោលបំណង ទទួលព័ត៌មាន អំពីលទ្ធផលនៃការដោះស្រាយវិវាទទាំងឡាយ នៅការិយាល័យប្រជាពលរដ្ឋ ក្រុង ស្រុក និងទូទាំងខេត្ត ព្រមទាំងដំណើរការដោះស្រាយទំនាស់ដីធ្លីរបស់គណៈកម្មការសុរិយោដី ដែលបញ្ជូនមកខេត្ត សំណូមពរធ្វើវិសោធនកម្មច្បាប់ ឬបំពេញបន្ថែមក្នុងច្បាប់ដោយឡែក ដែលជាសមត្ថកិច្ចរបស់ខ្លួនត្រូវបំពេញ និងការងារផ្សព្វផ្សាយច្បាប់នៅក្នុងខេត្តខ្លួនអំពីការលំបាក និងការងាយស្រួល។
លោកប្រធានប្រតិភូ ក៏បានបញ្ជាក់ថា ក្រោយការតាក់តែងច្បាប់រួច ប្រធាន និងសមាជិកគណៈកម្មការទទួលបន្ទុកផ្នែកនោះ ត្រូវចុះមកពិនិត្យ សិក្សាស្រាវជ្រាវតាមដាន អំពីដំណើរការអនុវត្ត និងការប្រតិបត្តិច្បាប់ជាក់ស្តែង នៅគ្រប់បណ្តាខេត្តទាំងអស់ ដើម្បីដឹងថា ច្បាប់ដែលបានចងក្រងនោះ អនុវត្តបានកម្រិតណា? ខ្វះចន្លោះអ្វីខ្លះ? ត្រូវដកចេញចំណុចណាខ្លះ? ឬត្រូវបញ្ចូលចំណុចណាបន្លែមទៀត ដើម្បីរក្សាបាននូវផលប្រយោជន៍រួម របស់ជាតិមាតុភូមិ និងប្រជាពលរដ្ឋ។
លោក អ៊ុក ប៊ុនឈឿន ក៏បានស្នើដល់ថ្នាក់ដឹកនាំខេត្តកំពត គ្រប់លំដាប់ថ្នាក់ បន្តខិតខំចូលរួមជំរុញកិច្ចអភិវឌ្ឍន៍បន្ថែមទៀត ពិសេសការចូលរួមជំរុញការងារប្រតិបត្តិច្បាប់ ឲ្យបានកាន់តែប្រសើរឡើង៕