(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ អគ្គលេខាធិការរងក្រសួងការពារជាតិ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញនិស្សិតឆ្នើម ហុង ភារិន មកចែករំលែកបទពិសោធន៍ ជូនដល់សិក្ខាកាមវគ្គបំប៉នការងាររដ្ឋបាល និងឋានលេខា(វគ្គពិសេស) ឆ្នាំ២០១៩ ចំនួន២៤០នាក់ ដែលបានរៀបចំធ្វើឡើង នៅក្រសួងការពារជាតិ។
ក្នុងពិធីនោះឧត្ដមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ បានកោតសរសើរ ចំពោះទេពកោសល្យរបស់ ហុង ភារិន ដែលមានសមត្ថភាពពិសេស អាចចងចាំបានយ៉ាងល្អ និងបានចូលរួមអបអរសាទរ ចំពោះគ្រួសារ ភា រិន
ដែលមានកូនឆ្លាត និងបានបង្ហាញនូវសមត្ថភាពដ៏អស្ចារ្យ ដែលប្រទេសជិតខាង បានទទួលស្គាល់ថា ជាមនុស្សអច្ឆរិយៈ។
ជាមួយគ្នានោះ ឧត្ដមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ ក៏បានជំរុញលើកទឹកចិត្ត ឲ្យ ហុង ភារិន មានស្មារតីស្រឡាញ់សង្គមជាតិ ទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ខ្លួនជាកូនខ្មែរ មានបេះដូងជាខ្មែរ ត្រូវយកចំណេះជំនាញដែលខ្លួនមាន មកបម្រើប្រទេសជាតិវិញផងដែរ។
ថ្លែងប្រាប់សិក្ខាកាម ទាំង២៤០នាក់ លោក ហុង ភារិន បាននិយាយថា ភាពអច្ឆរិយៈរបស់គាត់នេះ មិនមែនមានតាំងពីកំណើតនោះទេ គឺកើតឡើងដោយសារតែ ការខិតខំប្រឹងប្រែងរៀនសូត្ររបស់គាត់។
លោក ហុង ភារិន បានឲ្យដឹងថា លោកចង់បង្កើតសាលាមួយ ទាក់ទងនឹងការបង្រៀនការចង់ចាំ សម្រាប់បង្រៀនក្មេងៗពីតូច ឲ្យពួកគាត់ប្រើប្រាស់ខួរក្បាលឲ្យបានត្រឹមត្រូវ ពីព្រោះថា ខួរក្បាលរបស់យើង ចែកជាឆ្វេង-ស្ដាំ ដូច្នេះអ្នកខ្លះកើតមក មានសមត្ថភាពខួរក្បាលខាងឆ្វេង ឯអ្នកខ្លះទៀត កើតមកមានសមត្ថភាពផ្នែកខាងស្ដាំ។
លោក ហុង ភារិន បានបញ្ជាក់ផងដែរថា បើសិនជាមានឱកាស លោកចង់ចូលបម្រើការងារ ក្នុងជួររដ្ឋាភិបាល ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិកម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខទៀត។
និស្សិតឆ្នើម ហុង ភារិន ក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះការបណ្តុះបណ្តាលធនធានមនុស្ស និងតែងតែយកចិត្តទុកដាក់ អភិវឌ្ឍប្រទេសជាតិ ឲ្យមានសុខសន្ដិភាពមកដល់សព្វថ្ងៃនេះ។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ និស្សិត ហុង ភារិន បានបង្ហាញសមត្ថភាព និងទេពកោសល្យ នៃការចងចាំរបស់ខ្លួន នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ « Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនទូទៅប្រសិទ្ធនាម និស្សិត ហុង ភារិន ជា «អច្ឆរិយកម្ពុជា» ថែមទៀតផង។ និស្សិតឆ្នើម ហុង ភារិន មានអាយុ២៣ឆ្នាំ ជាកូនទី២ ក្នុងចំណោមបងប្អូនប្រុស២នាក់ មានទីកន្លែងកំណើត នៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
ដោយស្ថិតក្នុងគ្រួសារកសិករ មានជីវភាពលំបាក ឪពុក ម្តាយបានលែងលះគ្នា ភារិន បានខិតខំតស៊ូប្រឹងប្រែងរៀនសូត្រ រហូតទទួលបានអាហារូបករណ៍ ព្រះរាជទានថ្នាក់បរិញ្ញាបត្រ ប្រចាំសាកលវិទ្យាល័យ រ៉ាឆាផាត់ឆៃយ៉ាភូមិ ឯកទេសអភិវឌ្ឍន៍ជនបទ។ ក្តីសុបិន្តរបស់និស្សិតឆ្នើម ថ្នាក់បរិញ្ញាបត្រឆ្នាំទី៤រូបនេះ គឺចង់យកចំណេះដឹងដែលខ្លួន បានខិតខំរៀនសូត្រមកអភិវឌ្ឍប្រទេសជាតិ។
លោកឧត្ដមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ ក៏បានអញ្ជើញនិស្សិតឆ្នើម ហុង ភារិន និងបងប្រុសទៅទទួលទានអាហារនៅគេហដ្ឋានរបស់លោក ដើម្បីសំណេះសំណាល រួមជាមួយមិត្តភក្ដិ និងបានឧបត្ថម្ភថវិកាមួយចំនួន ជូនលោក ហុង ភារិន ផងដែរ៕