(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានជួយលើកកម្ពស់សុខភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ជាពិសេស ទទួលបានការពេញចិត្ដយ៉ាងខ្លាំងពីប្រជាជន លើសេវាព្យាបាលដោយឥតគិតថ្លៃ និងចុះមកព្យាបាលក្បែរគេហដ្ឋានរបស់ពួកគាត់។
ជាក់ស្ដែងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកសាស្ដ្រាចារ្យ ងី ម៉េង ប្រធានក្រុមការងារចុះជួយសង្កាត់ទឹកថ្លា ក្នុងខណ្ឌសែនសុខ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាង១ពាន់នាក់ ដោយឥតគិតថ្លៃ។
ក្នុងឱកាស លោកយាយ លោកតា រួមទាំងប្រជាពលរដ្ឋមួយនៃសង្កាត់ទឹកថ្លា បានថ្លែងសម្ដែងនូវការសប្បាយចិត្ដយ៉ាងខ្លាំង ដែលក្រុមគ្រូពេទ្យ បានចុះមកព្យាបាលជំងឺឱ្យដោយអត់យកលុយ ថែមទាំងទទួលបានការយកចិត្ដទុក្ខដាក់ថែមទៀតផង។ ការចុះមកព្យាបាល មកដល់ និងក្បែរលំនៅឋានរបស់ប្រជាពលរដ្ឋនេះ បានជួយច្រើនណាស់ ទាំងការថែទាំសុខភាពឱ្យបានល្អ មិនចំណាយពេលទៅយូរ មិនអស់លុយ ពិសេសជួយដល់ចាស់ជរា ដែលមិនអាចដើរ និងជិះបានឆ្ងាយដែលធ្វើឱ្យពួកគាត់ពិតជាត្រេកអរណាស់ ។
ទន្ទឹមនឹងនោះផងដែរ លោកសាស្ដ្រាចារ្យ ងី ម៉េង បានថ្លែងថា «ការដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ មកព្យាបាលប្រជាពលរដ្ឋ នៅសង្កាត់ទឹកថ្លា ដោយឥតគិតថ្លៃនេះ គោលដៅចម្បង គឺដើម្បីផ្ដល់ភាពងាយស្រួល និងជួយកាត់បន្ថយភាពក្រីក្ររបស់បងប្អូនពូមីង តាយាយ និងក្មួយៗមួយផ្នែក ហើយយើងនឹងបន្ដចុះព្យាបាលដោយឥតគិតថ្លៃនេះបន្ដទៅទៀត។ ថ្ងៃនេះ យើងមានសេវាពិនិត្យព្យាបាលបងប្អូន ទាំងជំងឺជំងឺទូទៅ ជំងឺសើរស្បែក ជំងឺមនុស្សចាស់ ត្រចៀក ច្រមុះ បំពង់ក ភ្នែក ជំងឺមាត់ធ្មេញ និងចែកវែនតាជាដើម»។
លោកថ្លែងបន្ដថា អ្នកគ្រូពេទ្យ ប្ដេជ្ញាបំពេញនូវកាតព្វកិច្ច ជាអ្នកបម្រើសេវាព្យាបាលជូនប្រជាពលរដ្ឋ ប្រកបដោយសមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីផ្ដល់សេវាមួយនេះឲ្យកាន់តែប្រសើរ។ ជាពិសេស នៅក្នុងរដូវភ្លៀងធ្លាក់នេះ ត្រូវមានអនាម័យលើចំណីអាហារកុំឱ្យរាករូស និងត្រូវបោសសម្អាត ជុំវិញលំនៅឋាន ដែលខ្លួនរស់នៅ ត្រូវលុបបំបាត់របស់ដែលអាចដក់ទឹកបាន ដូចជា សំបកកង់ឡាន ម៉ូតូ កង សំបកដូង និងសម្រាប់សំបកកំប៉ុងជាដើម ដោយមុននឹងបោះចោល ត្រូវកំទេចក្បាល និងបាតកំប៉ុង ដើម្បីកុំឱ្យដក់ទឹកបាន ដែលធ្វើឱ្យមានប្រភពកកើតនៃដង្កូវទឹក ក្លាយទៅជាមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ដល់កូនចៅរបស់យើងទាំងកុមារ និងមនុស្សធំដូចគ្នា។
មកទល់នឹងពេលនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានទទួលពិនិត្យ ផ្តល់ថ្នាំ និងវ៉ែនតា ដល់ប្រជាពលរដ្ឋសរុប ១,១៨៥ ករណី៖ ជំងឺទូទៅ ចំនួន ៣៥០ករណី, ជំងឺត្រចៀក ច្រមុះ បំពង់ក ចំនួន ៤០ ករណី, ជំងឺភ្នែក ២៥០ករណី និងវ៉ែនតា ៥៥០, ជំងឺសើស្បែក ចំនួន ៤៥ករណី, ជំងឺមាត់ធ្មេញ ចែកថ្នាំដុសធ្មេញបានចំនួន ២០០នាក់។
សូមជម្រាបថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ ចុះជួយមូលដ្ឋានខណ្ឌសែនសុខ ក្រោមការដឹកនាំរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង តែងតែចុះមកពិនិត្យព្យាបាលប្រជាពលរដ្ឋនៅតាម សង្កាត់ជាទៀងទាត់ រៀងរាល់មួយខែម្ដង ដែលបានជួយលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋមួយកម្រិតផងដែរ៕