(ព្រះវិហារ)៖ កម្ពស់ទឹកដងស្ទឹងសែន ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ឡើងលើសកម្រិតប្រកាសអាសន្នហើយគឺកម្ពស់១២៖៣៨ម៉ែត្រ ដែលកម្រិតប្រកាសអាសន្ន ត្រឹមតែ១១៖៥០ម៉ែត្រប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីលោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News។
លោក ចាប កុយ បានបន្តថា ស្ថានភាពជំនន់ទឹកភ្លៀងនៅតាមព្រំដែនក្នុងស្រុកជាំក្សាន្ត មានភាពធូរស្រាលហើយ ដោយសារភ្លៀងបានរាំងកាលពីថ្ងៃម្សិលមិញ ប៉ុន្តែទឹកនៅតាមដងស្ទឹងសែន នៅព្រឹកនេះ បានហក់ឡើងខ្ពស់កម្រិតប្រកាសអាសន្នហើយគឺ ១២៖៣៨ម៉ែត្រ ដែលកម្រិតប្រកាសអាសន្នត្រឹម១១៖៥០ម៉ែត្រប៉ុណ្ណោះ ចំពោះទឹកទន្លេមេគង្គជាប់ព្រំដែនឡាវក្នុងឃុំកំពង់ស្រឡៅមួយ កំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ បានហក់ឡើងលិចភូមិ និងដំណាំអ្នកស្រុកមួយចំនួន។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានជូនដំណឹងឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសែន និងតំបន់ងាយ រងគ្រោះមួយចំនួន មេត្តាប្រុងប្រយត្ន័ខ្ពស់ និងស្វែងរកទីទួលសុវត្ថិភាពដែលនៅជិត ចៀសវាងកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ ហើយអជ្ញាធរ និងសមត្ថកិច្ចតាមមូលដ្ឋានត្រូវត្រៀម លក្ខណៈជាប់ជានិច្ចដើម្បីសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ។
ដោយឡែកនៅរសៀលថ្ងៃម្សិលមិញ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានដឹកនាំកងកម្លាំងប្រដាប់អាវុធ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធរួម និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពជំនន់ ទឹកភ្លៀង នៅស្រុកឆែប និងជំនន់ទឹកទន្លេមេគង្គ ឃុំកំពង់ស្រឡៅមួយ កំពង់ស្រឡៅពីរជាប់និងព្រំដែនឡាវ ដែលស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកឆែប មិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដោយសារតែទឹកលិចផ្លូវ លិចស្ពានបានស្រកវិលមករកភាពធម្មតា ប្រជាពលរដ្ឋចរាចរណ៍បានស្រួលវិញហើយ។
ចំណែកនៅឃុំកំពង់ស្រឡៅមួយ កំពង់ស្រឡៅពីរជាប់ព្រំដែនឡាវ ទឹកទន្លេមេគង្គបានហក់ឡើងបណ្តាលឲ្យលិចភូមិ និងដំណាំប្រជាពលរដ្ឋមួយចំនួន។ ជាមួយគ្នានោះ លោកអភិបាលខេត្តព្រះវិហារ បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ពិសេសចំពោះកូនតូចៗ កុំឲ្យចុះលេងទឹកផ្តេសផ្តាស ខ្លាចមានគ្រោះថ្នាក់ដោយចៃដន្យណាមួយកើតឡើង និងត្រូវផឹកស្អាត ហូបស្អាត រស់នៅស្អាត ដើម្បីសុខភាពរបស់យើង៕