(ព្រះវិហារ)៖ គិតមកដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ គឺមានរយៈពេល ៣យប់ ៤ថ្ងៃហើយ ដែលសពកុមារាម្នាក់មានអាយុទើបតែ ២ឆ្នាំ ត្រូវទឹកហូរគួចយកទៅបាត់នោះ រកពុំទាន់ឃើញនៅឡើយទេ ដោយឡែកម៉ូតូដែលត្រូវទឹកហូរគួចដែរនោះ បានរកឃើញវិញហើយនៅថ្ងៃម្សិលមិញ។
លោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានថ្លែងប្រាប់ថា «រហូតមកដល់ថ្ងៃនេះ សពកុមារាដែលទឹកហូរគួចបាត់ ខណៈកំពុងជិះម៉ូតូឆ្លងកាត់ទំនប់បង្ហៀជាមួយ ឪពុកម្តាយនោះ រកពុំទាន់ឃើញនៅឡើយ ចំណែកម៉ូតូបានរកឃើញវិញហើយនៅថ្ងៃម្សិលមិញ។ ទោះជាយ៉ាងណា សមត្ថកិច្ចនៅតែបន្តស្វែងរកសពកុមារារងគ្រោះ»។
សូមបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ កុមារាម្នាក់ដែលមានអាយុទើបតែ២ឆ្នាំ និងម៉ូតូមួយគ្រឿង ត្រូវទឹកគួចហូរបាត់ ខណៈដែលឪពុកម្តាយជិះដឹកឆ្លងកាត់ទំនប់ បង្ហៀមួយកន្លែង ដែលមានទឹកហូរខ្លាំង ស្ថិតក្នុងភូមិតេជោបុស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕