(កណ្តាល)៖ ប្រជាពលរដ្ឋក្នុងឃុំក្រាងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល បានសម្ដែងក្ដីត្រេកអរ បន្ទាប់ពីអាជ្ញាធរបានជួសជុលផ្លូវមួយខ្សែរ ខណៈដែលកាលពីមុនផ្លូវនេះ ពិបាកក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលណាស់ ប៉ុន្តែឥឡូវងាយស្រួលជាងមុនហើយប្រសិនជាបានចាក់បេតុងទៀតនោះកាន់តែប្រសើរ។
អ្នកស្រី ប៉ោក រ៉ាវី ពលរដ្ឋនៅរសនៅភូមិអូអណ្តូងឃុំក្រាំងយ៉ូវ និងលោកតា ម៉ុត មាន នៅភូមិវិហ៊ា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បាននិយាយថា ផ្លូវនេះកាលពីដើមឡើយ ពិបាកធ្វើដំណើរណាស់ ពិសេសឱ្យតែមានភ្លៀងធ្លាក់ បែកភក់ រអិលប៉ប៉េចប៉ប៉ាច់ កុំថាឡើយជិះកង់ ម៉ូតូ សូម្បីតែដើរ ក៏ដួលដែរ។
ប៉ុន្តែឥឡូវគឺបានគ្រាន់បើជាងមុន បន្ទាប់លោក រុំដួលវន បានគៀគររកថវិការពីសប្បុរសជន សហការជាមួយពីអាជ្ញាធរឃុំ បានធ្វើការ ស្តារប្រឡាយ ធ្វើផ្លូវនិង ថ្មគ្រួសបន្ថែមឃើញថា បានប្រសើរជាងមុន ហើយបន្ទាប់ពីប្រឡាយ ត្រូវបានស្តារសង្ឃឹមថា ទឹកក៏លែងលិចផលដំណាំរបស់ពួកគាត់ដែរ។ ពលរដ្ឋទាំង២ ក៏បានបន្ថែមផងដែរថា កាលពីឆ្នាំមុនៗឱ្យតែទឹកឡើង គឺជន់លិចដំណាំ ហើយក៏ត្រូវបានលោកមេឃុំ យកម៉ាស៊ីនបូមទឹកបញ្ចេញរាល់តែឆ្នាំហ្នឹង ឥឡូវដល់ព្រែកត្រូវបានស្តារហើយផ្លូវធំល្អប្រសើរ ប្រហែលជាលែងលិចទឹកហើយ ចំណែកឯផ្លូវក៏បានធំ និងងាយស្រួលជាងមុនដែរ ប៉ុន្តែបើសិនជាបានចាក់បេតុងបន្ថែមទៀតនោះ មិនដឹងជាប្រសើរយ៉ាងណានោះទេ។
លោក លន់ លាង មេឃុំក្រាំងយ៉ូវ បានថ្លែងថា ចំពោះការជួសជុលផ្លូវនេះស្តារប្រឡាយ គឺជាការឧបត្ថមពីសប្បុរសជន ដែលលោក រុំ ដួលវន នៅភូមិតាពិចឃុំក្រាំងយ៉ូវ និងអាជ្ញាធរ ដើម្បីធ្វើការជួសជុលបន្ថែមទៀត នៅក្នុងមូលដ្ឋាន។
លោកថានៅក្នុងឃុំក្រាំងយ៉ូវនេះ មានផ្លូវជាច្រើនបានចាក់ក្រាលក្រួស និងកំទេចថ្ម ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាដឹកជញ្ជូនកសិផលពីស្រែចំការផងដែរ។
លោកបានបន្ថែមថា ក្រៅពីនោះលោកក៏កំពុងបន្តធ្វើប្រព័ន្ធលូ និងសន្ទះទឹក ដើម្បីរំដោះទឹកកុំឱ្យជនលិចភូមិដោយសារជំនន់ទឹកភ្លៀង។ នៅក្នុងឃុំក្រាំងយ៉ូវនេះមាន១៩ភូមិមាន៤៧៥២គ្រួសារ ដោយលើមុខរបរធ្វើស្រែចំការ ចំណែកផ្ទៃដីមានចំនួន៣ពាន់ហិកតាជាង។
ចំពោះការសំណូមពររបស់ប្រជាពល លោកនឹងដាក់ចូលទៅក្នុងផែនការអទិភាព៣ឆ្នាំរំកិល និងបន្តកៀគរសប្បុរសជនបន្ថែមទៀត ដើម្បីអភិវឌ្ឍមូលដ្ឋាន ពិសេសផ្លូវ និងប្រព័ន្ធធារាសាស្ត្រ ដើម្បីនាំទឹកស្រោចស្រពផលដំណាំរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឱ្យបានកាន់តែល្អប្រសើរ បន្ថែមទៀត ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាក និងភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕