(កណ្តាល)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ រួមជាមួយលោក កែវ សុទ្ធិ ជាប្រធានក្រុមហ៊ុនមេធាវី កែវ (Keo law firm) បាននាំអំណោយមនុស្សធម៌ និងសម្ភារសិក្សាជួយដល់កុមារកំព្រាកម្ពុជា នៅក្នុងអង្គការការអភិវឌ្ឍន៍កម្ពុជា ដែលមានទីតាំងស្ថិត ភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
នៅក្នុងឱកាសនោះដែរលោកមេធាវី កែវ សុទ្ធិ ក៏បានជំរុញប្អូនៗកុមារកំពា្រទាំងអស់ដែលកំពុងតែរស់នៅ ក្នុងមណ្ឌលកុមារកំព្រា ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីធ្វើជាទំពាំងស្នងឫស្សី ជាពិសេសសូមកុំបាក់ទឹកចិត្ត ត្រូវខំតស៊ូសិក្សារៀនសូត្រនោះនឹងធ្វើឱ្យពួកគេទាំងអស់ ផ្លាស់ប្តូរជីវភាព តាមរយៈចំណេះដឹងដែលបានសិក្សាពីសាលាជាដើម។
បន្ថែមពីនេះលោកមេធាវី កែវ សុទ្ធិ ក៏បានកោតសរសើរចំពោះ លោកស្រី ឈូក សីហា នាយិការប្រតិបត្តិអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» ដែលបានបង្កើតជាកន្លែងដ៏កក់ក្តៅ ដើម្បីជួយដល់កុមារ ដែលជួបការលំបាកគ្រប់រូបភាព តាមរយៈការផ្តល់កន្លែងស្នាក់នៅការផ្តល់អាហារ និងការសិក្សាអប់រំ។ ទាំងនេះជាគំរូដ៏វិសេសវិសាល ក្នុងការរួមចំណែកជួយដល់រាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការលើកកម្ពស់ វិស័យសិទ្ធិមនុស្សជាពិសេសសិទ្ធិកុមារ។
លោក កែវ សុទ្ធិ ក៏បានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសសូមជួយឧបត្ថម្ភគាំទ្រអង្គការនេះ ស្ថិតនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ដើម្បើជួយដល់កុមារជួបការលំបាកនៅកម្ពុជា។ សម្ភារដែលនាំយកមកប្រគល់ជូនដល់កុមារកំព្រានៅពេលនេះ រួមមាន៖ អង្ករ ទឹកដោះគោ គ្រឿងឧបភោគបរិភោគ និងបានពាំនាំយកនូវសៀវភៅ ប៊ិក ខ្មៅដៃ និងសម្ភារៈសិក្សាមួយចំនួនទៀត ដែលជាអំណោយ របស់សប្បុរសជនដែលជាអាជីវករ នៅផ្សារក្រចេះ តាមរយៈ Facebook ផ្ទាល់ខ្លួនរបស់លោក កែវ រ៉េមី ផងដែរ។ ការនាំយកអំណោយមនុស្សធម៌ ក៏ដូចជាសម្ភារសិក្សា ទៅប្រគល់ជូនដល់កុមារកំព្រានាពេលនេះ គឺស្របតាមការអំពាវនាវ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលមានលោក កែវ រ៉េមី ជាប្រធាន កន្លងមក ដើម្បីធ្វើយ៉ាងណាគៀងគររកជំនួយនានា ដើម្បីមកផ្គត់ផ្គង់ដល់មណ្ឌលកុមារកំព្រានេះផងដែរ។
ស្ថិតនៅក្នុងឱកាសនោះដែរ តំណាងគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដល់ក្មួយៗ ដែលជាកុមារកំព្រាទាំងអស់ ខិតខំសិក្សារៀនសូត្រ ជៀសវាងនូវប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ការសេពគប់មិនល្អ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀននេះហើយដែលបានបំផ្លាញអ្វីៗ ទាំងអស់។
ដោយឡែកការនាំយកអំណោយមនុស្សធម៌ ក៏ដូចជាសម្ភារសិក្សា ទៅប្រគល់ជូនដល់កុមារកំព្រានាពេលនេះ គឺស្របតាមការអំពាវនាវ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលមានលោក កែវ រ៉េមី ជាប្រធាន កន្លងមក ដើម្បីធ្វើយ៉ាងណាគៀងគររកជំនួយនានា ដើម្បីមកផ្គត់ផ្គង់ដល់មណ្ឌលកុមារកំព្រានេះផងដែរ។
អង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» ផ្តល់នូវភាពទុកចិត្ត និងការពារសិទ្ធិកុមារ ក្នុងការទទួលម្ហូបអាហារទីជំរកការថែទាំ សុខភាពការអប់រំមូលដ្ឋាន សមភាពយេនឌ័រ ចាកផុតពីអំពើហឹង្សា ការរំលោភបំពាន និងការជួញដូរ។ បេសកកម្មអង្គការ គឺចូលរួមក្នុងការលើកកម្ពស់ស្ថានភាព និងសុខុមាលភាពកុមារក្រីក្រនៅកម្ពុជា។ ដោយផ្តោតលើការយកចិត្តទុកដាក់ទៅលើកុមារក្រីក្របំផុត និងកុមារដែលឪពុកម្តាយស្លាប់ចោល ដោយសារមេរោគអេដស៍ ជំងឺអេដស៍ កុមារដែលងាយរងគ្រោះដោយការជួញដូរ និងការកេងប្រវ័ញ្ចពលកម្ម។
សព្វថ្ងៃនេះអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» មានបុគ្គលិកចំនួន១០នាក់ ក្នុងនោះមានបុគ្គលិក ស្រីចំនួន៧នាក់ និងបុគ្គលិក ប្រុសចំនួន៣នាក់ និងមានកុមារកំព្រាដែលកំពុងស្នាក់នៅជាអចិន្ត្រៃយ៍ចំនួន ៤១នាក់ ក្នុងនោះមានស្រីចំនួន ១៥នាក់ ប្រុសចំនួន ២៦នាក់ មានអគារទាំងអស់មានចំនួន១៤បន្ទប់ ក្នុងនោះមានបន្ទប់ការិយាល័យ០១ បន្ទប់ក្មេងគេង០៤ បន្ទប់ក្មេងស្រីមាន០២ បន្ទប់ក្មេងប្រុស០២ បន្ទប់បណ្ណាល័យ០១ បន្ទប់ពេទ្យ០១ និងបន្ទប់ទឹកចំនួន ០២កន្លែង គឺបន្ទប់ទឹកសម្រាប់ក្មេងស្រី០១ និងបន្ទប់ទឹកសម្រាប់ក្មេងប្រុស០១។
អង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» បានខិតខំប្រឹងប្រែងធ្វើឱ្យកូនៗ កុមារក្រីក្រ កុមារកំព្រា និងកុមារងាយរងគ្រោះដែលឪពុកម្តាយស្លាប់ចោល ដោយសារមេរោគអេដស៍ ជំងឺអេដស៍ បានប្រែក្លាយមុខមាត់សារជាថ្មីក្នុងការរស់នៅប្រកបដោយសុវត្តិភាព សុភមង្គល គ្មានការរើសអើង ការថែទាំសុខភាព ការអប់រំមូលដ្ឋានដើម្បីឲ្យចាកផុត ពីអំពើហឹង្សាការរំលោភបំពាន និងការជួញដូរ ជាពិសេសធ្វើឱ្យពួកគេ មានសេចក្តីសង្ឃឹមក្នុងការតស៊ូរស់នៅ ដើម្បីទទួលបានជោគជ័យ ក្នុងថ្ងៃអនាគត៕