(ត្បូងឃ្មុំ)៖ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តរួមជាមួយអភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ប្រតិភូគណៈកម្មការទី៨ ទទួលវិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ដែលដឹកនាំដោយលោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ ដើម្បីស្វែងយល់ពីវិស័យមួយចំនួន ក្នុងការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ ក្នុងខេត្តត្បូងឃ្មុំ។
ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ លោក ជាម ច័ន្ទសោភ័ណ បានជម្រាបពីស្ថានភាពទូទៅភូមិសាស្ត្ររដ្ឋបាល និងវិស័យសក្តានុពល ក្នុងខេត្ត ពិសេសវិស័យសុខាភិបាល វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា វិស័យការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី។
លោកអភិបាលខេត្ត បានលើកឡើងថា ខេត្តមានសក្តានុពល លើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មាន៖ ស្រូវ ម្រេច កៅស៊ូ ស្វាយចន្ទី ស្វាយកែវរមៀតជាដើម និងពាណិជ្ជកម្ម ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយខេត្តជាប់ព្រំដែនប្រទេសជិតខាង ក្នុងកិច្ចការងារទំនាក់ទំនង ព្រំដែនពាណិជ្ជកម្ម និងការងារចេញ-ចូល ឆ្លងកាត់ព្រំដែន របស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ។ ក្នុងនោះសក្តានុពលទេសចរណ៍ បានរួមចំណែកយ៉ាងច្រើន ក្នុងការចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋមួយចំនួនផងដែរ។
លោក ជាម ច័ន្ទសោភ័ណ បានគូសរំលេចវិស័យ៤សំខាន់ ក្នុងដំណើរការអភិវឌ្ឍខេត្តរួមមាន៖
*ទី១៖ វិស័យសុខាភិបាលខេត្ត មានមន្ទីរពេទ្យបង្អែកចំនួន ០៦កន្លែង និងមណ្ឌលសុខភាព ចំនួន៦៨កន្លែង, មានសេវាសុខាភិបាលឯកជន សរុបចំនួន ៧៩៩កន្លែង និងមានឪសថស្ថាន ឪសថស្ថានរង ចំនួន១០៤កន្លែង។ ដោយគិតត្រឹម ខែសីហា ឆ្នាំ២០១៨នេះ សម្រេចបានបានការពិគ្រោះជំងឺ ចំនួន ៣៨៧,៦៥៣ករណី ទទួលការ សម្រាកព្យាបាលជំងឺ ២១,៤១៨ករណី និងសំរាលកូន ៦,៤៨៥នាក់។
*ទី២៖ វិស័យសង្គមកិច្ច អតីតយទ្ធជន និងយុវនីតិសម្បទា និវត្តន៍ជនកំពុងគ្រប់គ្រង សរុបចំនួន ២,០៧៦នាក់ ស្រី ៤០៤នាក់ និងបាត់បង់សម្បទានវិជ្ជាជីវៈកំពុងគ្រប់គ្រង សរុបចំនួន ៨៥១នាក់ ស្រី ១៥៨នាក់។
*ទី៣៖ វិស័យការងារបណ្តុះបណ្តាល ខេត្តមានមូលដ្ឋានកាងារងារសរុប ចំនួន ៤២៧កន្លែង (រោងចក្រ សហគ្រាស ២កន្លែងសិប្បកម្ម អាជីវកម្ម និងឧស្សាហកម្មធុនតូច ៣៣៩កន្លែង និងមូលដ្ឋានសេវាកម្ម ៨៦កន្លែង ដែលបានផ្តល់ការងារចំនួន ១៧,៥៦៤នាក់ ក្នុងនោះស្រី ៧,៨៩២នាក់។
*ទី៤៖ វិស័យកិច្ចការនារី រដ្ឋបាលខេត្តបានលើកម្ពស់សមភាពយេនឌ័រ ដោយបានរួមចំណែកយ៉ាងធំក្នុងការអភិវឌ្ឍន៍ខេត្តមួយនេះ។
លោកអភិបាលខេត្ត ជាម ច័ន្ទសោភ័ណ បានបន្តថា រដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ក៏បានយកចិត្តទុកដាក់បំពេញកាតព្វកិច្ច បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើ ស្របតាមចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមវិញ គឺរដ្ឋបាលខេត្តរដ្ឋបាលក្រុង/ស្រុក, ឃុំ/សង្កាត់ និងស្ថាប័ន មានសមត្ថកិច្ចគ្រប់ផ្នែក មានការសហការគ្នា រក្សានិងគ្រប់គ្រងបានល្អប្រសើ ជូនដល់ប្រជាពលរដ្ឋ។
លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានថ្លែងថា កិច្ចប្រជុំនៅពេលនេះ ដើម្បីស្វែងយល់ពីប្រសិទ្ធភាព នៃការប្រតិបត្តិច្បាប់នានា ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ ក្នុងខេត្តត្បូងឃ្មុំ និងស្តាប់ពីបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្ត និងមន្ទីរជំនាញចំនួន៤មាន មន្ទីរសុខាភិបាល មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមន្ទីរកិច្ចការនារី ដែលមានបញ្ហាកន្លងមក ដើម្បីកត់ត្រាឲ្យបានត្រឹមត្រូវ យកទៅជូនថ្នាក់លើសម្រេច និងដោះស្រាយជូន និងជាពិសេសណែនាំពីច្បាប់នានាបន្ថែមទៀត ដើម្បីជាគំនិត និងជំនាញសំដៅការ អនុវត្តការងារនៅក្នុងស្ថាប័នអង្គភាពរបស់ខ្លួន ឲ្យទទួលបានជោគជ័យ។
ជាមួយគ្នានោះ លោកស្រី ក៏បានជំរុញដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញ ដែលជាប់ពាក់ព័ន្ធទាំងអស់ត្រូវពង្រឹង លើកិច្ចការរបស់ខ្លួនឲ្យមានគុណភាពប្រសិទ្ធភាព ដើម្បីចូលរួមកសាង អភិវឌ្ឍនខេត្ត ឲ្យកាន់មានការរីកចំរើនថែមទៀត៕