(ស្ទឹងត្រែង)៖ លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអមដំណើរដោយលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត, លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមន្ត្រីពាក់ព័ន្ធជុំវិញខេត្ត បានចុះពិនិត្យមើលដោយផ្ទាល់នូវស្ថានភាព ជំនន់ទឹកភ្លៀង តាមបណ្តាសង្កាត់ទាំង៤ ក្រុងស្ទឹងត្រែង។
ក្រោយពេលមានភ្លៀងធ្លាក់ជាប់គ្នា៣-៤ថ្ងៃនេះ ធ្វើឲ្យទឹកទន្លេហក់ឡើងខ្ពស់ និងជនលិចលង់ខូចខាតភោគផលដំណាំ និងប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋ ទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវរៀបចំទីទួលសុវត្ថិភាព ដើម្បីជម្លៀសប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ទៅស្នាក់នៅបណ្តោះអាសន្ន។
ទេសរដ្ឋមន្ដ្រី គន់ គីម បានណែនាំប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសកុមារតូច កុំឲ្យលេងទឹក និងឲ្យពួកគាត់ប្រកាន់ភ្ជាប់ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ ជាពិសេស មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ត្រូវត្រៀមសម្ភារបរិក្ខាពេទ្យ និងបញ្ជូនមន្ត្រីសុខាភិបាលចុះនៅជាប់ជាប្រចាំ និងប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ ដើម្បីសង្គ្រោះបានទាន់ពេលវេលា។
ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី គន់ គីម បានចុះទៅពិនិត្យមើលទួលសុវត្ថិភាព ស្ថិតនៅឃុំបុរីអូស្វាយសែនជ័យ ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលមានប្រជាពលរដ្ឋសរុប៧៦៣គ្រួសារ មកពីឃុំចំនួន៣ ត្រូវបានជម្លៀសមកទីទួលសុវត្ថិភាព។ ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភអង្ករ១,០០០បាវ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្ទឹងត្រែង គិតត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្ពស់ទឹកនៅទន្លេមេគង្គ ខេត្តស្ទឹងត្រែង បានឡើងដល់១២ម៉ែត្រ ខណៈកម្ពស់ទឹកត្រូវប្រកាសអាសន្នត្រឹមតែ១០,៧០ម៉ែត្រប៉ុណ្ណោះ៕