(កំពង់ចាម)៖ ក្នុងពិធីសំណេះសំណាលជាមួយលោកយាយលោកតា នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិតាមាស ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បំរើសេវាឲ្យបានកាន់តែល្អប្រសើ ផ្ដល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។
លោក អ៊ុន ចាន់ដា បានថ្លែងទៀតថា «ពិតណាស់លោកយាយ លោកតា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវការភាពកក់ក្តៅពីមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលជាអ្នកបម្រើសេវា ឬក៏ផ្តល់នូវយោបល់ផ្សេងៗ ដើម្បីធ្វើឲ្យមានការរីកចំរើននៅក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋផងដែរ ដូច្នេះក្នុងនាមមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ»។
លោកអភិបាលខេត្ត បានបន្តថា នៅក្នុងពេលបច្ចុប្បន្ន ខណៈដែលប្រទេសជាតិរបស់យើងកំពុងមានសុខសន្តិភាពក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្វើឲ្យកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ។
ទន្ទឹមនឹងនោះ មន្ត្រីរាជការអាជ្ញាធរខេត្តកំពង់ចាម ក៏បានខិតខំប្រឹងប្រែងក្នុងការបម្រើសេវាជូនបងប្អូនប្រជាពរដ្ឋ ក៏ដូចជា នាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ដូចជា ការស្ថាបនាផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀត ដែលទាំងអស់នោះក្នុងគោលបំណងធ្វើឲ្យប្រជាពលរដ្ឋមានសេចក្តីសុខ និងមានជីវភាពធូរធារកើនឡើងពីមួយដំណាក់កាល ទៅមួយដំណាក់កាល។
ស្ថិតក្នុងឱកាសនោះដែរ លោកអភិបាលខេត្តកំពង់ចាម ក៏បានផ្ដាំផ្ញើដល់លោកយាយ លោកតា កុំមានការខ្លាចក្រែងអ្វី ហើយត្រូវចាត់ទុកថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋាន កូនចៅ និងហ៊ានផ្ដល់ព័ត៌មានអំពីទុក្ខលំបាកផ្សេងៗ មកកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យមន្ត្រីយើងបានដឹង និងជួយអន្តរាគមន៍បានទាន់ពេលវេលាផងដែរ៕