(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសលទ្ធផលផ្លូវការមួយ សម្រាប់កិច្ចប្រជុំ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយខាងភាគីសហជីពបានស្នើទាមទារប្រាក់ឈ្នួល១៩៩ដុល្លារ ចំណែកឯខាងនិយោជក ស្នើសុំផ្តល់ត្រឹម១៨៤ដុល្លារ ក្នុង១ខែ សម្រាប់កម្មករកាត់ដេរ នៅឆ្នាំ២០២០។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ កាលពីថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបន្តកិច្ចប្រជុំលើកទី៣ របស់ខ្លួន ដើម្បីចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០ ក្រោយពីភាគីកម្មករនិយោជិត និងភាគីនិយោជកបានប្រជុំពិភាក្សាផ្ទៃក្នុងរបស់ខ្លួនចំនួន២ដង។

ក្រសួងការងារបានបន្តថា៖ ភាគីនីមួយៗ បានបន្តប្រជុំពិភាក្សាយ៉ាងផុសផុល និងបានបង្ហាញនូវគោលជំហរបឋមរបស់ខ្លួនជូនអង្គប្រជុំ ដោយភាគីកម្មករនិយោជិតស្នើយកតួលេខ ១៩៩ដុល្លារអាមេរិក និងភាគីនិយោជកស្នេយកតួលេខ១៨៤ដុល្លារអាមេរិក ជាតួលេខប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០។ ភាគីនីមួយៗបានឯកភាពបន្តប្រជុំពិភាក្សា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៣រសៀល៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការងារ៖