(សៀមរាប)៖ លោក សៀក សុជាតិ សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយស្រុកជីក្រែង និងជាប្រធានក្រុមការងារចះជួយឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាពក្នុពិធីសំណេះសំណាល និងចែកអំណោយជូនរង្វាន់លើកទឹកចិត្ត ដល់សិស្សពូកែចំនួន៤០៤នាក់ ដែលទទួលបានជ័យលាភីប្រចាំឆ្នាំ២០១៩។

ក្នុងពិធីនេះនៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ក៏មានការចូលរួមពីលោកភិបាលស្រុក និងប្រធានមន្ទីអប់រំស្រុកជីក្រែង លោកមេឃុំ ប្រធានក្រុមប្រឹក្សាឃុំឫស្សីលក កងកម្លាំងនគរបាល កម្លាំងប្រជាការពារ និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សចូលរួមប្រមាណជាង៦០០នាក់។

បន្ទាប់អំពីមតិស្វាគមន៍របស់លោកស្រី សែន សុផល មេឃុំឫស្សីលករួចមក លោក កែ សូរនី ប្រធានកម្រងឃុំឫស្សីលក បានអានរបាយការណ៍ ដោយលោកបញ្ជាក់ថា ក្នុងឃុំឫស្សីលក មានសាលាបឋមសិក្សាចំនួន៧ និងអនុវិទ្យាល័យចំនួន១ ហើយសិស្សានុសិស្សសរុបចំនួន៣,៣៥៩នាក់ ក្នុងនោះស្រី១០៩១នាក់ ហើយសិស្សដែលរៀនជាប់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥ ចំនួន៤០៤នាក់។

ថ្លែងក្នុងឱកាសនោះ លោក សៀក សុជាតិ បានធ្វើការកោតសរសើរដល់លោកគ្រូ អ្នកគ្រូទាំងអស់ដែល បានរៀបចំកម្មវិធីចែករង្វាន់ និងលើកទឹកចិត្ត ដល់សិស្សានុសិស្ស ដែលរៀនពូកែក្នុងឆ្នាំ២០១៩ នាពេលនេះយើងទាំងអស់គ្នារួមគ្នា បន្តកម្មវិធីនេះជារៀងរាលឆ្នាំដើម្បីលើកទឹកចិត្តដល់កូនក្មួយ ដែលបានខិតខំរៀនសូត្រ ហើយត្រូវយកចិត្តទុកដាក់អនុវត្តតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់ជាខ្លាំង ទៅលើវិស័យអប់រំពិសេស គឺការអប់រំកុមារតូចៗ ដែលជាទំពាំងស្នងឬស្សី ជាធនធានមនុស្សសម្រាប់បន្តវេនដឹកនាំ ប្រទេសជាតិ ក្នុងការកសាង អភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនជឿនលឿន ដូចបណ្តាប្រទេសធំៗលើពិភពលោក។ ដូច្នេះហើយលោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវអប់រំដល់សិស្សានុសិស្យទាំងអស់ ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញគ្រួសារ និងអនាគតរបស់ក្មួយៗ។

លោក សៀក សុជាតិ ក៏បាននាំយកនូវអំណោយចែករង្វាន់ដល់សិស្សពូកែ ក្នុងឆ្នាំ២០១៩ ចំនួន៤០៤នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ ប៊ិច ខ្មៅដៃ និងថវិកា៥,០០០រៀល លោកគ្រូអ្នកគ្រូ៧៤នាក់ ក្នុងម្នាក់ៗទទួលបាន សារុង១ ក្រម៉ា១ ថវិកា២ម៉ឺនរៀល, លោកនាយកសាលា ៨នាក់ក្នុងម្នាក់ៗ សារ៉ុង១ ក្រម៉ា១ ថវិកា៣ម៉ឺនរៀល, ក្រុមប្រឹក្សាឃុំ៩នាក់ ក្នុងម្នាក់ៗទទួលបានក្រម៉ា១ សារ៉ុង១ ថវិកា២ម៉ឺនរៀល, លោកមេភូមិទាំង៨ ភូមិស្មើ៨នាក់ ក្នុងម្នាក់ៗទទួលបាន ក្រម៉ា១ សារ៉ុង១ ថវិកា១ម៉ឺនរៀល, យុវជនឃុំ៦នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង១ ក្រម៉ា១ ថវិកា១ម៉ឺនរៀល, ប្រជាការពារទាំង៨ភូមិ ចំនួន៣០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា១ម៉ឺនរៀល, ស្មៀនឃុំ មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ប្រធានការិយាល័យវប្បធម៌៥នាក់ សារ៉ុង១ ក្រម៉ា១ ថវិកា២០,០០០រៀល, មន្ដ្រីនគរបាល៧នាក់ ម្នាក់១ម៉ឺនរៀល៕