(បាត់ដំបង)៖ ហាងលក់ម៉ូតូ ហុងដា ហ៊ុយទៀង បវេល ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ ៥៧B1ភូមិ ដាច់ព្រ័ត្រ ឃុំបវេល ស្រុកបវេល ខេត្ដបាត់ដំបង ត្រូវបានបើកសម្ពោធជាផ្លូវហើយ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ។
លោក បេន កៀស្រ៊ីថា ណាកន ប្រធានក្រុមហ៊ុន អិន ស៊ីអិច បានឱ្យដឹងថា ដោយសារលក្ខណៈសម្បត្ដិភូមិសាស្ដ្រល្អ និងមានការកែលំអរ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលនឹងធ្វើឱ្យតម្រូវការម៉ូតូមានកើនឡើង ទើបក្រុមហ៊ុនសម្រេចបើកសាខានៅទីនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អតិថិជន ដែលនៅក្បែរទីតាំងនេះ ។
ក្នុងឱកាសអបអរសាទរពិធីសម្ពោធហាងថ្មីនេះ លោក បេន កៀស្រ៊ីថា ណាកន បានថ្លែងថា «នេះជាសាខាទី៧១ របស់យើង ដែលមាននៅទូទាំងប្រទេស ហើយក៏ជាសាខាទី៧ សម្រាប់ខេត្ដបាត់ដំបងផងដែរ។ ដូច្នេះ សរុបមកក្នុងខេត្ដបាត់ដំបង យើងមាន៩សាខា ដោយរាប់បញ្ជូលទាំងសាខាមីនី២ផងដែរ» ។
លោកបន្ដថា «លោក ហ៊ុយ ទៀង គឺជាម្ចាស់សាខាម្នាក់ដែលមានស្នាដៃដ៏ឆ្នើម ក្នុងចំណោមសាខាជាច្រើនទៀត និងជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន អិន ស៊ីអិច រយៈពេល៨ឆ្នាំមកហើយ។ភាពជោគជ័យ ក្នុងរយៈពេល៨ឆ្នាំរបស់គាត់ ក្នុងវិស័យអាជីវកម្មម៉ូតូកន្លងមកនេះ ត្រូវបានទទួលស្គាល់ ហើយក៏មានសុទ្ធិដ្ឋិនិយម ដែរថា គាត់នឹងគ្រប់គ្រងហាងនេះប្រកបដោយតម្លាភាព និងប្រសិទ្ធិភាពខ្ពស់» ។
លោកសង្ឃឹមយ៉ាងមុតមាំថា អតិថិជនទាំងអស់ដែលរស់នៅក្នុងតំបន់នេះ និងក្បែរៗនេះ នឹងទទួលបានសេវាកម្មថែទាំងម៉ូតូ ទាំងអស់គ្នាគ្នា ក្រោយពីការដាក់ឱ្យដំណើរការ ហាងលក់ម៉ូតូហុងដា ហ៊ុយ ទៀង បវេល នៅពេលនេះ។
ទន្ទឹមនឹងនោះ លោក ហ៊ុយ ទៀង បវេល ម្ចាស់ហាងនិងជាសាខាលក់ម៉ូតូ ហុងដា ទី៧ នៅខេត្ដបាត់ដំបង បានថ្លែងថា ហាងរបស់លោក មានលក់ម៉ូតូម៉ាកហុងដាជាច្រើនប្រភេទ ធានាគុណភាពខ្ពស់ ជាពិសេសមានផ្ដល់នូវសេវាកម្មថែទាំ និងជួសជុលដោយជាងជំនាញៗដែលបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវពីក្រុមហ៊ុន អិន ស៊ី អិច ព្រមទាំងមានលក់គ្រឿងបន្លាស់សុទ្ធរបស់ហុងដា ធានាថាមិនក្លែងក្លាយជូនដល់អតិថិជនទាំងអស់ទៀតផង៕