(ភ្នំពេញ)៖ តាមការកំណត់នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកការប្រឡងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌ"ក" ដោយមានបេក្ខជនចូលរួមប្រឡងសរុប ៧៥៨នាក់ ។
ការប្រឡងជ្រើសរើសមន្រ្តីរាជការ សិស្ស និស្សិតឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់ឆ្នាំ២០១៩នេះ បានប្រព្រឹត្តទៅ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ លើជំនាញសំខាន់ៗចំនួន ៨ផ្សេងគ្នា មានដូចជា ព័ត៌មានវិទ្យា នីតិសាស្រ្ត គ្រប់គ្រងទូទៅ ធនាគារ និងហិរញ្ញវត្ថុ អក្សរសាស្រ្តអង់គ្លេស រដ្ឋបាលសាធារណៈ គណនេយ្យ និងទំនាក់ទំនងអន្តរជាតិ។
ក្នុងពេលបើកវិញ្ញាសារប្រឡង លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ដល់បេក្ខជនថា គណៈកម្មការ និងអនុគណៈកម្មការរៀបចំ នឹងទទួលខុសត្រូវការប្រឡងនេះ នៅតែពង្រឹងការងារត្រួតពិនិត្យ ក៏ដូចជាការកែសន្លឹកកិច្ចការយ៉ាងហ្មត់ចត់ជានិច្ច ដើម្បីចម្រាញ់យកមន្ត្រីថ្មីប្រកបដោយសមត្ថភាពពិតប្រាកដ ដែលនឹងក្លាយទៅជាកម្លាំងជួយជំរុញការអភិវឌ្ឍជាតិ។
ដោយឡែក សម្រាប់បេក្ខជនប្រឡង ត្រូវធ្វើយ៉ាងណាឱ្យការប្រឡងនេះ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌។
ពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០១៩នេះ ត្រូវបានចែកចេញជា ២វិញ្ញាសា គឺចំណេះដឹងទូទៅពាក់ព័ន្ធ រដ្ឋបាល និងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល ២ម៉ោង និងភាសាអង់គ្លេស (QCM) ១ម៉ោង ៣០នាទី។
ការប្រឡងនេះទៀតសោត ក៏មានការចូលរួមសហការរៀបចំពីក្រសួងមុខងារសាធារណៈ និងមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ផងដែរ៕