(ត្បូងឃ្មុំ)៖ លោក ប្រាជ្ញ ចន្ទ អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ និងលោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានចុះពិនិត្យ និងប្រគល់អំណោយសម្ភារ ឧបភោគ បរិភោគ និងថវិកា មួយចំនួនជូនដល់ប្រជាពលរដ្ឋក្នុងឃុំក្រួចឆ្មារ និងឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ដែលកំពុងរងគ្រោះដោយការបាក់ច្រាំងទន្លេ និងព្រែក។
ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារបាក់ច្រាំងទន្លេស្ថិតនៅឃុំក្រូចឆ្មារ រួមមាន៖ ភូមិខ្សាច់ប្រឆេះលើបាក់ច្រាំងទន្លេសរុប ១៥ផ្ទះ (១៥គ្រួសារ) ក្នុងនោះមានចំនូន ៣ផ្ទះ ដែលបានរុះរើចេញ ១២ផ្ទះកំពុងប្រឈម និងឃុំស្វាយឃ្លាំង រួមមាន៖ភូមិទី៦ (ភូមិព្រែកជ្រឹង) បាក់ច្រាំងព្រែកចាមសរុប១០ផ្ទះ (១០គ្រួសារ) ក្នុងនោះ ៥ផ្ទះ បានរុះរើ និង៥ផ្ទះទៀតកំពុងប្រឈម។
ស្ថិតក្នុងឱកាសនោះ លោកតំណាងរាស្ត្រ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សហការជាមួយអាជ្ញាធរ មូលដ្ឋានឲ្យបានល្អប្រសើរ ក្នុងការផ្តល់ព័ត៌មានរាល់បញ្ហា និងគ្រោះមហន្តរាយ ដែលកើតមាន ពិសេសសូមចូលរួមការពារសន្តិភាពដែលកំពុងមានដើម្បីបន្តការអភិវឌ្ឍនប្រទេសជាតិយើង។
ទាំងលោកតំណាងរាស្រ្ត និងលោក ហាក់ សុខមករា បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរ និងសមត្ថកិច្ច ព្រមទាំងក្រុមការងារទាំងអស់ ដែលបានចាត់វិធានការបន្ទាន់ចំពោះមុខនាពេលនេះ ក៏ដូចជា វិធានការយូរអង្វែងដែលត្រូវអនុវត្តបន្តនាពេលខាងមុខ។
ពេលជួបសំណេះសំណាល, បងប្អូនប្រជាពលរដ្ឋបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ចំពោះបញ្ហាប្រឈម និងការលំបាករបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង តួយ៉ាងដូច ការបាក់ច្រាំងនៅភូមិសាស្រ្តមូលដ្ឋានពូកគាត់រស់នៅសព្វថ្ងៃនាពេលនេះជាសក្ខីកម្មស្រាប់៕