(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារចុះអន្តរាគមន៍ភ្លាមៗ ដល់ប្រជាពលរដ្ឋចំនួន ៤គ្រួសារ ដែលសម្រេចចិត្ត រុះរើផ្ទះ ចេញពីតំបន់ប្រឈមនឹងការបាក់ច្រាំងទន្លេស្ថិតក្នុងឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។
សូមបញ្ជាក់ថា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យមើលតំបន់បាក់ស្រុតច្រាំងទន្លេ ចំនួន៣ឃុំ ក្នុងនោះមានឃុំសូរគង, ឃុំរកាអារ និងឃុំស្តៅ នៃស្រុកកងមាស។
ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានចែកអំណោយជូនប្រជាពលរដ្ឋចំនួន ៤គ្រួសារ ដែលរងគ្រោះដោយការបាក់ស្រុតច្រាំងទន្លេ ក្នុងមួយគ្រួសារទទួលបានប៉ាតង់០១ និងថវិកាចំនួន ២០ម៉ឺនរៀល៕