(ស្វាយរៀង)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ស្ថាប័ន បំពេញទស្សនកិច្ចសិក្សានៅខេត្តស្វាយរៀង និងនៅក្រុងបាវិត ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងផ្នែកឯកជន តំណាងគ្រឹះស្ថានស្រាវជ្រាវ និងតំណាងអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)។

ដំណើរទស្សនកិច្ចការងារនេះ ទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្ដៅពីលោក ម៉ែន វិបុល អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីប្រធានមន្ទីរពាក់ព័ន្ធ ចំណុះរដ្ឋបាលខេត្តស្វាយរៀង។ ទស្សនកិច្ចសិក្សានេះ ចែកចេញជាពីរផ្នែកសំខាន់ៗ គឺ១៖ កិច្ចប្រជុំការងាររវាងគណៈប្រតិភូអន្តរក្រសួងស្ថាប័ន និងរដ្ឋបាលខេត្តស្វាយរៀង, ២៖ ទស្សនកិច្ចនៅច្រកទ្វារអន្តរជាតិបាវិត-ម៉ុកបៃ និង៣៖ ទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន ក្នុងខេត្តស្វាយរៀង។

ទស្សនកិច្ចការងារនេះ មានគោលបំណងផ្សព្វផ្សាយពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅតាមតំបន់ជាយដែន និងពិនិត្យមើលស្ថានភាពជាក់ស្ដែង នៃសកម្មភាពវិនិយោគ និងពាណិជ្ជកម្មនៅតាមតំបន់ព្រំដែនក្នុងខេត្តស្វាយរៀង និងជាពិសេសក្រុងបាវិត ដើម្បីជាមូលដ្ឋានក្នុងការរៀបចំដាក់ចេញនូវយន្តការពិសេសសម្រាប់ទាក់ទាញការវិនិយោគឲ្យកាន់តែច្រើនថែមទៀត តាមរយៈជាអាទិ៍ ការរៀបចំតំបន់សេដ្ឋកិច្ចពិសេសនៅតាមជាយដែន ដោយយោងតាមស្មារតី និងលទ្ធផលនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោក សុខ ចិន្តាសោភា បានលើកឡើងថា ការដឹកនាំគណៈប្រតិភូអន្តរក្រសួង ស្ថាប័ន ក្នុងដំណើរទស្សនការងារនៅខេត្តស្វាយរៀង គឺជាខេត្តទីពីរ បន្ទាប់ពីលោកបានដឹកនាំ គណៈប្រតិភូជួបពិភាក្សាការងារ ជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ។

អង្គប្រជុំបានផ្តោតការពិភាក្សា លើប្រធានបទសំខាន់ៗចំនួន៤ រួមមាន ១៖ ការរៀបចំតំបន់សេដ្ឋកិច្ចពិសេសតាមជាយដែន, ២៖ ការតភ្ជាប់បណ្តាញ និងផ្គត់ផ្គង់អគ្គិសនី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស, ៣៖ ការកំណត់នូវវិស័យឧស្សាហកម្មដែលត្រូវទាក់ទាញ និងការរៀបចំឡើងវិញនូវការលើកទឹកចិត្តដល់ការវិនិយោគ, និង៤៖ ការរៀបចំបង្កើនការសម្រួលពាណិជ្ជកម្ម និងសម្រួលផ្នែកឡូជីស្ទីកនៅតាមជាយដែន ឬតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងបញ្ហាប្រឈមដែលកំពុងកើតមានឡើងពាក់ព័ន្ធនឹងការងារនេះ ដែលជាយន្តការពិសេសដើម្បីទាក់ទាញការវិនិយោគ។

នារសៀលថ្ងៃដដែល គណៈប្រតិភូអន្តរក្រសួង ស្ថាប័ន អមដំណើរដោយអាជ្ញាធរដែនដី និងមន្ទីរជុំវិញខេត្ត បានចុះទៅពិនិត្យមើលស្ថានភាពនៃច្រកទ្វារអន្តរជាតិបាវិត-ម៉ុកបៃ ព្រមទាំងតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ គឺ១៖ តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ, ២៖ តំបន់សេដ្ឋកិច្ចពិសេស មេនហាតធន, ៣៖ តំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត, ៤៖ តំបន់សេដ្ឋកិច្ចពិសេស អ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាសស្ទ្រី ខមផ្លេកស៏, និង៥៖ តំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក។

នៅក្នុងកិច្ចបន្ទាប់នៃកម្មវិធី គណៈប្រតិភូ បានពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនអភិវឌ្ឍន៍ និងក្រុមហ៊ុនវិនិយោគទាំងអស់ ដែលកំពុងមានប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនានា ក្នុងខេត្តស្វាយរៀង ដែលនៅក្នុងជំនួបនោះ តំណាងក្រុមហ៊ុនអភិវឌ្ឍន៍ និងក្រុមហ៊ុនវិនិយោគ បានលើកឡើងអំពីសកម្មភាពនិងព័ត៌មានទាក់ទងនឹងប្រតិបត្តិការវិនិយោគរបស់ខ្លួន ព្រមទាំងបញ្ហាប្រឈម និងសំណូមពរមួយចំនួនជូនដល់អង្គប្រជុំ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំយន្តការជាក់ស្ដែងនានា សំដៅសម្រេចឱ្យបាននូវគោលបំណងដែលបានលើកឡើងខាងលើ។

លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណចំពោះតំណាងក្រសួង ស្ថាប័ន រដ្ឋបាលខេត្តស្វាយរៀង មន្ទីរពាក់ព័ន្ធ តំណាងក្រុមហ៊ុនអភិវឌ្ឍន៍ និងក្រុមហ៊ុនវិនិយោគទាំងអស់ ដែលបានចូលរួមក្នុងទស្សនកិច្ចសិក្សា ដ៏មានសារៈសំខាន់នេះ ហើយលោក ក៏បានស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់ មេត្តាបន្តកិច្ចសហការគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបង្កើនការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រួលប្រតិបត្តិការ នៃគម្រោងវិនិយោគបច្ចុប្បន្ន សំដៅទាក់ទាញអ្នកវិនិយោគបរទេសបន្ថែម មកបណ្តាក់ទុននៅតាមតំបន់ជាយដែនរបស់កម្ពុជា៕