(ប៉េកាំង)៖ លោក YU Jun ទីប្រឹក្សានៃនាយកកិច្ចការអាស៊ី-អឺរ៉ុបកណ្តាល នៃក្រសួងការបរទេសចិន នៅថ្ងៃទី០៥ ខែកញ្ញានេះ បានអនុញ្ញាតឲ្យអ្នកសារព័ត៌មានកម្ពុជា ក្នុងនោះមានអ្នកព័ត៌មាន Fresh News និងអ្នកព័ត៌មានចំនួន ១៧ប្រទេសទៀត ដែលជាគ្រួសារនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ចូលជួបសម្តែងការគួរសម។
ជំនួបនេះត្រូវបានធ្វើឡើង នៅទីស្តីការក្រសួង នាទីក្រុងប៉េកាំង ក្នុងឱកាសដែលអ្នកសារព័ត៌មានទាំង ១៨ប្រទេសនោះ ត្រូវបានអនុញ្ញាតឱ្យធ្វើទស្សនកិច្ច នៅប្រទេសចិនចំនួន ១០ថ្ងៃ។
សូមបញ្ជាក់ថា គណៈកម្មការភាពជាអ្នកជិតខាងល្អ មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (GNFCC SCO) បានអញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអង្គភាពព័ត៌មាន មកពី១៧ប្រទេសផ្សេងទៀត ឱ្យធ្វើទស្សនកិច្ច នៅប្រទេសចិន ចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។
ក្នុងនាមជាអនុស្ថាប័ន ដែលជាផ្នែកមួយនៃ ក្រសួងការបរទេស, GNFCC បានប្តេជ្ញាពង្រីកបណ្តាញផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ប្រកបដោយភាពស្និទ្ធស្នាល ក្នុងចំណោមប្រទេស SCO និងរួមចំណែក ដល់ការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់។
បច្ចុប្បន្ននេះ SCO មានប្រទេសជាសមាជិកចំនួន៨ រួមមាន ចិន ឥណ្ឌា កាហ្សាក់ស្ថាន Kyrgyzstan ប៉ាគីស្ថាន រុស្ស៊ី តាជីគីស្ថាន និង Uzbekistan។ ប្រទេសជាអ្នកសង្កេតការណ៍មាន៤ រួមមាន អាហ្វកានីស្ថាន បេឡារុស អ៉ីរ៉ង និងម៉ុងហ្គោលី។ ចំណែកឯ ប្រទេស ដែលជាដៃគូសន្ទនាមាន៦ រួមមាន កម្ពុជា អាហ្សេបេហ្សង់ អាមេនី នេប៉ាល់ តួកគី និងស្រីឡាំងកា៕