Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរងស្រុកខ្សាច់កណ្តាល សំណូមពរឲ្យប្រជាពលរដ្ឋ មកទទួលសេវាសាធារណៈ ពីការិយាល័យច្រកចេញចូលតែមួយដោយខ្លួនឯង ជៀសវាងពឹងលើអ្នករត់ការ

05-09-2019 19:11

(កណ្តាល)៖ លោក ឃឹម សំភារ អភិបាលរងស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ មកទទួលសេវាសាធារណៈ ពីការិយាល័យច្រកចេញចូលតែមួយស្រុក និងពីរដ្ឋបាលស្រុក ដោយផ្ទាល់ជៀសវាងការប្រើប្រាស់ និងពឹងពាក់លើអ្នកម៉ៅការ (អ្នករត់ការ) ធ្វើឲ្យមានការប្រើប្រាស់ពេលវេលាយូរ និងខាតទាំងពេលវេលា និងថវិកាច្រើន។

ការស្នើបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក ឃឹម សំភារ ដឹកនាំក្រុមការងារចម្រុះស្រុក ចុះជំរុញផ្សព្វផ្សាយសេវារដ្ឋបាលស្រុកគ្រប់វិស័យ នៃការិយាល័យច្រកចេញចូលតែមួយស្រុក និងធ្វើលិខិតអនុញ្ញាត ជូនប្រជាពលរដ្ឋក្នុងស្រុក នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩។

លោក ឃឹម សំភារ បានបញ្ជាក់ថា ការិយាល័យច្រកចេញចូលតែមួយ ស្រុកខ្សាច់កណ្តាល គឺជាកន្លែងដែលប្រជាពលរដ្ឋត្រូវការចាំបាច់ ឲ្យបានរហ័សទាន់ពេលវេលា មានតម្លាភាព និងតាមនីតិវិធីសាមញ្ញ ជាកន្លែងប្រមូលផ្តុំសេវាកម្ម និងនីតិវិធីរដ្ឋបាលមួយចំនួន នៅកន្លែងតែមួយ។

លោកថា ការិយាល័យច្រកចេញចូលតែមួយ ជាកន្លែងដែលប្រជាពលរដ្ឋមកទទួលទម្រង់បែបបទ និងទទួលព័ត៌មានគ្រប់គ្រាន់ច្បាស់លាស់ ស្តីពី ការផ្តល់សេវាសាធារណៈផ្សេងៗ និងបង់កំវៃសេវាកម្ម ជាកន្លែងផ្តល់លទ្ធផលសំរេចជាផ្លូវការ លើសេចក្តីស្នើសុំដល់ប្រជាពលរដ្ឋវិញ។

ជាក់ស្តែង ក្រោមការដឹកនាំដោយយកចិត្តទុកដាក់ពីសំណាក់លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានបង្កើតនិងធ្វើការបែងចែកក្រុមការងារចម្រុះស្រុកជាបីក្រុម ដោយមាន លោក ឃឹម សំភារ អភិបាលរងស្រុក ខ្សាច់កណ្តាល បានដឹកនាំក្រុមការងារចំរុះស្រុក ចុះជំរុញ ផ្សព្វផ្សាយ សេវារដ្ឋបាលស្រុកគ្រប់វិស័យ នៃការិយាល័យច្រកចេញចូលតែមួយស្រុក និងធ្វើលិខិតអនុញ្ញាត ជូនប្រជាពលរដ្ឋក្នុងស្រុកផងដែរ៕