(ភ្នំពេញ)៖ ក្រុមហ៊ុន Cambodia Broadcasting Service Co.,Ltd (CBS) ដែលរួមមានទូរទស្សន៍ CTN, MYTV និង CNC ទទួលបានសិទ្ធិផ្តាច់មុខក្នុងការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍បាល់ទាត់ជើងឯកអឺរ៉ុប UEFA Euro ដែលនឹងចាប់ផ្តើមនាអំឡុងខែមិថុនា និងបញ្ចប់ទៅវិញខែកក្កដា ឆ្នាំ២០២០ ខាងមុខ។
ក្រុមហ៊ុន CBS បានបញ្ជាក់ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នេះថា «យើងខ្ញុំនឹងធ្វើការផ្សាយបន្ត ផ្ទាល់នូវការប្រកួតបាល់ទាត់ជម្រុះយូរ៉ូ និងយូរ៉ូ 2020 តាមរយៈស្ថានីយ៍ទូរទស្សន៍ទាំងបីដូចដែលបានជម្រាបខាងលើ។
ក្រុមហ៊ុននេះបានក្លាយជាដៃគូដ៏ស្អិតរមួត និងជាទីទុកចិត្តរបស់សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប (UEFA) ដែលបាន ផ្តល់សិទ្ធិផ្តាច់មុខនូវការផ្សាយបន្តផ្ទាល់ EURO 2020 តាំងពីវគ្គជម្រុះនេះយកមកចែករំឡែកឲ្យប្រិយមិត្តកម្ពុជា ទស្សនាដោយមិនគិតថ្លៃ។
ហេតុដូចនេះ ប្រិយមិត្តទាំងអស់សូមកុំឲ្យឱកាសដ៏ល្អនេះរំលងពីចក្ខុអស់លោកអ្នកឲ្យសោះ ដោយគ្រាន់តែទស្សនាការ ប្រកួតរបស់ពួកគេនៅតាមកញ្ចក់ទូរទស្សន៍របស់លោកអ្នក តាមរយៈប៉ុស្តិ៍ CTN, MYTV និង CNC៕