(ភ្នំពេញ)៖ រាជធានីភ្នំពេញរបស់កម្ពុជា ត្រូវបានអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) អញ្ជើញតំណាងឱ្យចូលរួមក្នុងវេទិកាអន្តរជាតិទីក្រុងវៃឆ្លាត លើកទី៤ ដែលធ្វើឡើង នៅក្នុងទីក្រុងវីយែននៃប្រទេសអូទ្រីស កាលពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែកញ្ញា កន្លងទៅនេះ។
វេទិការនេះ មានការអញ្ជើញចូលរួមពីបណ្តារថ្នាក់ដឹកនាំតំណាងទីក្រុង ចំនួន៣០ ដែលអញ្ជើញមកពីប្រទេសនានានៃទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក និងពីតំណាងអង្គការអន្តរជាតិ និងវិស័យឯកជនជាច្រើនរូបទៀត ដើម្បីពិភាក្សា ដោះដូរយោបល់ បទពិសោធន៍ និងរិះរកដំណោះស្រាយល្អៗ ក្រោមអធិបតីភាពរបស់លោក លី យ៉ុង អគ្គនាយកអង្គការសហប្រជាជាតិដើម្បីការអភិវឌ្ឍវិស័យឧស្សាហកម្ម (UNIDO) ជុំវិញប្រធានបទ «ស្ពានឆ្ពោះទៅទីក្រុង ៤.០៖ ការផ្សារភ្ជាប់ទីក្រុង តាមរយៈបដិវត្តឧស្សាហកម្មបែបថ្មី»។
ចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ពីប្រទេសកម្ពុជា រួមមាន លោក ផាន់ ផល្លា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ, លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ និងកញ្ញា ខុន ខេម៉ា ប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិរដ្ឋបាលរាជធានីភ្នំពេញ ដែលទាំងអស់គ្នាត្រូវបានអញ្ជើញធ្វើជាវាគ្មិន និងវេទិកាតុមូលអភិបាលក្រុង តាមកម្មវិធីរៀងៗខ្លួន។
វេទិកាដែលប្រារព្ធ នាពេលនេះ ផ្តោតសំខាន់ទៅលើបញ្ហាធំៗ ចំនួន ៦ ៖ (១) បម្រែម្រួលអាកាសធាតុ, (២)ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព, (៣)ការគ្រប់គ្រងធនធាន, (៤) ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន, (៥) ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិជ្ជាទំនើបក្នុងការគ្រប់គ្រងទីក្រុង និង (៦) ការពិចារណាពិនិត្យលទ្ធភាព ជ្រើសរើសមធ្យោបាយផ្តល់ហិរញ្ញប្បទានថ្មីៗ សមស្របសម្រាប់ ការអភិវឌ្ឍក្នុងយុគសម័យឧស្សាហកម្ម៤.0 និងយុគសម័យនៃទីក្រុងវៃឆ្លាត។
លោក នួន ផារ័ត្ន តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងទីក្រុងស៊ិនជិន ត្រូវបានផ្តល់កិត្តិយសអញ្ជើញចូលរួមកាត់ខ្សែបូរសម្ពោធស្តង់ពិព័រណ៍ទីក្រុងវៃឆ្លាតជាមួយអគ្គនាយកនៃអង្គការ UNIDO ដើម្បីបង្ហាញ និងចែករំលែកព័ត៌មាន ស្តីពីវឌ្ឍនភាព និងសក្តានុពលរបស់រាជធានីភ្នំពេញ និងទីក្រុងធំៗ ដទៃទៀត ដែលមានវត្តមាននៅក្នុងការពិព័រណ៍នោះផងដែរ។ រូបភាព និងវីដេអូ បង្ហាញអំពីការប្រែប្រួលមុខមាត់ និងការរីកចម្រើន ជាជំហានៗ ចាប់តាំងពីការឈានចេញទីក្រុងមួយដែលគ្មានមនុស្សរស់នៅកំឡុងទសវត្ស ឆ្នាំ១៩៧០ រហូត ដល់ទិដ្ឋភាពបច្ចុប្បន្ន ដែលពេញដោយការអភិវឌ្ឍជាទីក្រុងទំនើបថ្មីមួយ ដែលកំពុងស្ថិតនៅ មាគ៌ា ដ៏ត្រឹមត្រូវដើររឆ្ពោះទៅរកការអភិវឌ្ឍជាទីក្រុងវៃឆ្លាត នាពេលអនាគតខាងមុខ។
ឆ្លងចេញពីលទ្ធផលដែលទទួលបានតាមរយៈវេទិកាពីរថ្ងៃកន្លងទៅនេះ អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍឧស្សាហកម្ម បានរកឃើញនូវដំណោះស្រាយ និងបទពិសោធន៍ល្អៗជាច្រើន ព្រមទាំងជំរុញឱ្យទីក្រុងជាសមាជិកជុំវិញពិភពលោករបស់ខ្លួន បន្តសហការជួយគ្នាទៅវិញទៅមក ដើម្បីចាប់យកឱកាសនិងសក្តានុពលទាំងនោះ ជាពិសេសបានផ្គូរផ្គង និងគាំទ្រ ជាឱឡារិក ឲ្យទីក្រុងស៊ិនជិន ដែលជាទីក្រុងមួយដ៏ជោគជ័យឈានមុខគេលើពិភពលោក ខាងអភិវឌ្ឍទីក្រុងទំនើបឧស្សាហកម្ម ៤.០ សហការជាមួយរាជធានីភ្នំពេញ ក្នុងនាមជាទីក្រុងដៃគូ និងជាទីក្រុងសម្ព័ន្ធមេត្រី ដើម្បីការអភិវឌ្ឍន៍ទីក្រុងវៃឆ្លាត ក្នុងយុគសម័យឧស្សហកម្ម៤.០ នេះ។ ការផ្គូរផ្គងនេះត្រូវបានលើកឡើងផ្ទាល់ដោយ ឯឧ លី យ៉ុង អគ្គនាយក UNIDO នៅក្នុងសន្ទរកថាបើកកម្មវិធីរបស់ខ្លួន។
គួររំលឹកផងដែរថា UNIDO គឺជាស្ថាប័នរបស់អង្គការ សហប្រជាជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍវិស័យឧស្សាហកម្ម៕