(ភ្នំពេញ)៖ និស្សិតឆ្នើម ហុង ភារិន ដែលត្រូវបានមហាជនទូទៅប្រសិទ្ធនាមជា «អច្ឆរិយកម្ពុជា» នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ទទួលបានប្រាក់ឧបត្ថម្ភ ពីហាងមាសពេជ្រ «ហេង ហេង» ដែលមានទីតាំង ផ្ទះលេខ៩៨Eo ផ្លូវលេខ១៣៦ ខាងត្បូងផ្សារធំថ្មី រាជធានីភ្នំពេញ។
ការទទួលបានប្រសិទ្ធនាម ពីមហាជនទូទៅជា «អច្ឆរិយកម្ពុជា» នេះ បន្ទាប់ពីនិស្សិត ហុង ភារិន បានបង្ហាញសមត្ថភាព និងទេពកោសល្យ នៃការចងចាំរបស់ខ្លួន នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាព របស់ទូរទស្សន៍ថៃ «Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស។
និស្សិតឆ្នើម ហុង ភារិន មានអាយុ២៣ឆ្នាំ ជាកូនទី២ ក្នុងចំណោមបងប្អូនប្រុស២នាក់ មានទីកន្លែងកំណើតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
ដោយស្ថិតក្នុងគ្រួសារកសិករ មានជីវភាពលំបាក ឪពុក ម្តាយបានលែងលះគ្នា ភារិន បានខិតខំតស៊ូប្រឹងប្រែងរៀនសូត្រ រហូតទទួលបានអាហារូបករណ៍ ព្រះរាជទានថ្នាក់បរិញ្ញាបត្រ ប្រចាំសាកលវិទ្យាល័យ រ៉ាឆាផាត់ឆៃយ៉ាភូមិ ឯកទេសអភិវឌ្ឍន៍ជនបទ។ ក្តីសុបិន្តរបស់និស្សិតឆ្នើម ថ្នាក់បរិញ្ញាបត្រឆ្នាំទី៤រូបនេះ គឺចង់យកចំណេះដឹងដែលខ្លួន បានខិតខំរៀនសូត្រមកអភិវឌ្ឍប្រទេសជាតិ៕