(ក្រចេះ)៖ កម្លាំងចម្រុះដឹកនាំដោយលោក នូ សុផល អភិបាលរងក្រុងក្រចេះ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចុះបង្រ្កាបបទល្មើសជលផល នៅចំណុចបឹងរំលាច សង្កាត់អូរឬស្សី ក្រុងក្រចេះ ដោយរឹបអូសបាន វត្ថុតាងជាច្រើនដុតបំផ្លាញចោល។
លោក សៀង គិន នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានឲ្យដឹងថា កម្លាំងចម្រុះចូលរួមបង្រ្កាបរួមមាន៖ ខណ្ឌរដ្ឋបាលជលផលក្រចេះ ផ្នែករដ្ឋបាលជលផលកាំពី អាជ្ញាធរក្រុង នគរបាលក្រុង សហគមន៍នេសាទក្រគរ សហគមន៍នេសាទរការកណ្ដាល បានរួមគ្នាចុះបង្រ្កាបដោយរឹបអូសបានវត្ថុតាងដូចជា លូសាច់ប៉ាក់នីឡុងចំនួន២៧មាត់, របាំងសាច់ប៉ាក់នីឡុងចំនួន២៧ខ្សែប្រវែង១,៣៥០ម៉ែត្រ, បង្គោលឬស្សីឃ្លៃឯចំនួន៤០៥ដើម និងចាក់លែងកូនត្រីចម្រុះ ចូលបឹងធម្មជាតិវិញ ប្រមាណជាង៣៥គីឡូក្រាម រីឯវត្ថុតាងដែលរឹបអុស បានដុតចោលនៅកន្លែងតែម្ដង។
លោកនាយខណ្ឌបន្តទៀតថា ទិសដៅបន្តនៃការចុះបង្រ្កាបបទល្មើសជលផល ក្នុងរដូវបិទនេសាទនេះ លោកត្រូវបែងចែកភារកិច្ច តាមទិសដៅភារកិច្ចទទួលខុសត្រូវតាមផ្នែក តាមសង្កាត់ដោយសហការ ជាមួយអាជ្ញាធរដែនដីស្ថាប័នពាក់ព័ន្ធ ពោលគឺគណៈបញ្ជាការឯកភាពស្រុកឃុំ ដើម្បីត្រួតពិនិត្យក្នុងដែនសមត្ថកិច្ច នូវបទល្មើសនេសាទគ្រប់ប្រភេទ។
លោកថា ត្រូវបន្តសហការជាមួយក្រុមឆ្មាំទន្លេសហគមន៍ មូលដ្ឋានអាជ្ញាធរដែនដីផ្សព្វផ្សាយ ដោយសហការជាមួយអង្គការក្នុង និងក្រៅរដ្ឋាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹង អំពីសារៈប្រយោជន៍ នៃធនធាន ជលផលការប្រើប្រាស់ ឧបករណ៍នេសាទតួនាទីភារកិច្ច។ ហើយនិងត្រូវបន្ត ជាមួយគណៈបញ្ជាការឯកភាពខេត្តស្រុកឃុំអនុវត្តការងារត្រួតពិនិត្យបទល្មើស និងផ្សព្វផ្សាយច្បាប់ជលផលលិខិតបទដ្ឋានគតិយុត្ត ដូចភ្លៀងរលឹម ដើម្បីឲ្យធនធានមាននិរន្តរភាពយូរអង្វែង៕