Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ស្នើឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បន្តការងារផ្សព្វផ្សាយអប់រំបញ្ហាចរាចរណ៍ឲ្យបានកាន់តែច្រើន

05-09-2019 17:53

(កំពត)៖ គណៈប្រតិភូក្រសួងមហាផ្ទៃ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានជួបពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តកំពត ដែលដឹកនាំ ដោយលោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំសាលាខេត្តកំពត។

ក្នុងកិច្ចជំនួបពិភាក្សានេះ លោកអភិបាលខេត្ត ជាវ តាយ បានសំដែងនូវមនោសញ្ចេត នាស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈប្រតិភូក្រសួងមហាផ្ទៃ ដែលបានឆ្លៀតឱកាសដ៏មមាញឹក ក្នុងការអញ្ជើញចុះសួរ សុខទុក្ខ និងពិនិត្យសកម្មភាពការងារ របស់កងកម្លាំងតាមបណ្តាវរៈនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគ៣ ព្រមទាំងជួបពិភាក្សាការងារ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នាពេលនេះ។

លោកអភិបាលខេត្ត ក៏បានលើកឡើងថា លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលខេត្តកំពត រក្សាបាននូវបរិយាកាស សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម មានស្ថេរភាពល្អប្រសើរ។ កងកម្លាំងដែលឈរជើង នៅក្នុងភូមិសាស្ត្រខេត្តកំពត បានសហការគ្នាល្អ ក្នុងការការពារសុខសន្តិភាព ជូនប្រជាពលរដ្ឋ ក៏ដូចជាតិមាតុភូមិ ហើយបានចូលរួមសហការ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងស្មារតីសាមគ្គីភាព ឆ្ពោះទៅសម្រេចគោលដៅតែមួយ គឺវឌ្ឍនភាពរបស់ខេត្តកំពតទាំងមូល

លោកបន្ដថា ជាពិសេស ក្នុងឆ្នាំ២០១៩នេះ ខេត្តកំពត មានតួនាទីជាម្ចាស់ផ្ទះ ក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ព្រមទាំងពិធីបុណ្យជាតិធំៗ មួយចំនួនទៀត តាមការចាត់តាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ត្រូវតែមានការសហការ ដោយមិនអាចខ្វះបានពីកងកម្លាំងគ្រប់ប្រភេទផងដែរ។

នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី បានលើកឡើងថា ការងារផ្សព្វផ្សាយអប់រំ ដល់មន្ត្រី កងកម្លាំង និងប្រជាពលរដ្ឋ ជារឿងមួយ ដ៏ចាំបាច់បំផុត ក្នុងការទប់ស្កាត់ គ្រោះថ្នាក់ និងសកម្មភាពមិនល្អនានានៅក្នុងសង្គម ដូចចោរកម្ម អំពើហឹង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ ដើម្បីរក្សាបាននូវ សុខសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អនៅក្នុងសង្គម និងចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋផងដែរ។

លោករដ្ឋលេខាធិការ ក៏បានស្នើឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ត្រូវបន្តការងារផ្សព្វផ្សាយអប់រំ ឲ្យកាន់តែច្រើន និងមានលក្ខណៈទូលំទូលាយ ក្នុងនោះមាន ការផ្សព្វផ្សាយអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស និងសាធារណជន ព្រោះគ្រោះថ្នាក់កើតចេញពីមិនគោរពច្បាប់ របស់អ្នកបើកបរ ឬបើកបរដោយខ្វះការប្រុងប្រយ័ត្ន ខ្វះការយោគយល់គ្នា។

លោកថា ត្រូវផ្សព្វផ្សាយអំពីគ្រឿងញៀន ទាំងផលប៉ះពាល់ ការដាក់ទោសទណ្ឌ និងការលើកទឹកចិត្តក្នុងការជៀសឆ្ងាយអំពីការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ព្រោះលោករដ្ឋលេខាធិការ បានយល់ឃើញថា បើមិនការផ្សព្វផ្សាយអប់រំទេ ទោះកងកម្លាំងខំបង្ក្រាបយ៉ាងណា ក៏បទល្មើសនៅតែមានដែរ។

លោករដ្ឋលេខាធិការ ក៏បានក្រើនរំឭកដល់មន្ត្រី កងកម្លាំងគ្រប់ប្រភេទផងដែរថា ត្រូវអនុវត្តភារកិច្ចរបស់ខ្លួន ដោយរក្សាឲ្យបានដាច់ខាត់នូវតម្លាភាព។ ព្រោះបើផ្សព្វផ្សាយអប់រំដល់តែប្រជាពលរដ្ឋ ឲ្យគោរពច្បាប់ តែមន្ត្រី កងកម្លាំង មិនគោរពច្បាប់នោះ គឺមិនអាចរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈបានល្អទេ ដូច្នេះត្រូវចូលរួមទាំងអស់គ្នា អនុវត្តតាមច្បាប់ ហើយបន្តផ្សព្វផ្សាយឲ្យបានធូលំទូលាយបន្ថែមទៀត៕