Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌច្បារអំពៅ នាំយកអំណោយជូនប្រជាពលរដ្ឋ៣០គ្រួសារ កំពុងខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃនៅសង្កាត់ព្រែកប្រា

05-09-2019 17:51

(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បាននាំយកអំណោយអនុសាខា ទៅផ្តល់ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតជីវភាព ចំនួន៣០គ្រួសារ រស់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងពិធីប្រគល់អំណោយខាងលើនេះ មានការចូលរួម ពីលោក-លោកស្រី អភិបាលរងខណ្ឌ លោកនាយក នាយករងរដ្ឋបាលសាលាខណ្ឌ និងលោកប្រធានការិយាល័យ ចំណុះសាលាខណ្ឌ។

នាឱកាសនោះ លោក ចេង មុនីរ៉ា បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលមកទទួលអំណោយថា ថ្ងៃនេះអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ បានទទួលសេចក្តីរាយការណ៍ពីលោកចៅសង្កាត់ព្រែកប្រាថា មានបងប្អូនប្រជាពលរដ្ឋចំនួន៣០គ្រួសារ កំពុងខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ដែលភាគច្រើនគឺជាមនុស្សចាស់ជនពិការ និងស្ត្រីមេម៉ាយ។ ដោយទទួលបានសេចក្តីរាយការណ៍ ពីលោកចៅសង្កាត់រួចមក លោកក៏បានរួសរាន់រៀបចំអំណោយ មកផ្តល់ជូនលោកតា-លោកយាយ និងពូមីងភ្លាមៗ ដោយពុំពន្យាពេលឡើយ។

លោក ចេង មុនីរ៉ា បានបន្តថា ជារៀងរាល់ថ្ងៃ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ បានចុះជួយប្រជាពលរដ្ឋ ដែលជួបការលំបាកក្នុងជីវភាព មិនដែលខកខានឡើយ ឲ្យតែមានសេចក្តីរាយការណ៍ពីមូលដ្ឋានភូមិ និងសង្កាត់។

លោកថា សកម្មភាពចែករំលែកនេះ គឺអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ អនុវត្តតាមប្រសាសន៍ណែនាំពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែង ជំរុញ ដល់អាជ្ញាធរតាមបណ្តាមូលដ្ឋាន ពិសេសសមាជិក សមាជិកា អនុសាខាកាកបាទក្រហមកម្ពុជារាជធានី ខេត្ត ត្រូវចុះជួយប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតដោយពុំប្រកាន់និន្នាការនយោបាយឡើយ។ និយាយរួម គឺឲ្យតែប្រជាពលរដ្ឋរស់នៅលើទឹកដីកម្ពុជា។

លោកបន្ដថា ជាក់ស្តែងនៅថ្ងៃនេះ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ បាននាំយកអំណោយមកផ្តល់ជូន លោកយាយ លោកតា ចំនួន៣០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ, ទឹកត្រី, ទឹកដោះគោ, ស្ករស, មី, និងថវិកាមួយចំនួន៕