(ភ្នំពេញ)៖ រាជរដ្ឋាភិបាល និងសង្គមស៊ីវិលរួមគ្នា កសាងបណ្តាញស្រ្តី ដើម្បីសន្តិភាពក្នុងគោលដៅជួយដល់ស្រ្តីឲ្យរួចផុតពីអំពើហិង្សា និងការរំលោភបំពាននានា នៅតាមមូលដ្ឋាន។ គណៈកម្មាធិការនារីអន្តរជាតិ ដើម្បីសន្តិភាពនេះ បានឯកភាពគ្នា ក្នុងការកសាងបណ្តាញស្រ្តី ដើម្បីសន្តិភាពឲ្យគ្រប់២៥រាជធានី-ខេត្ត ដើម្បីនាំសារសន្តិភាពនៅតាមសហគមន៍ ខណៈបច្ចុប្បន្នបណ្តាញនេះ ពង្រីកខ្លួនបានចំនួន២១បណ្តាញហើយ ស្ថិតនៅក្នុងខេត្តព្រះវិហារ កណ្តាល តាកែវ ព្រះសីហនុ និងខេត្តបាត់ដំបង។

ថ្លែងក្នុងសន្និសីទ ក្រុមការងារគណៈកម្មាធិការនារីអន្តរជាតិ ដើម្បីសន្តិភាពឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកស្រី ហូយ សុជីវណ្ណី តំណាងគណៈកម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាព បានអះអាងថា ក្រុមបណ្តាញស្រ្តីដើម្បីសន្តិភាពនេះ មានតួនាទីសំខាន់ណាស់នៅក្នុងសង្គម តាមរយៈការចុះអប់រំសង្គមបញ្ជៀសអំពើហិង្សា ការផ្តល់វិធីសាស្រ្ត និងយុទ្ធសាស្រ្តអោយប្រព្រឹត្តអំពើល្អ នៅក្នុងសង្គម មិនបៀតបៀនអ្នកដទៃ ពោលគឺជួយតម្រង់មនុស្សឲ្យមានគំនិតស្រលាញ់សន្តិភាព។

លោកស្រី បានបញ្ជាក់ថា យន្តការនេះ ក៏បានជួយដល់ស្រ្តី ឲ្យកាន់តែមានសមត្ថភាពអង់អាចក្លាហាន ក្នុងធ្វើសេចក្តីសម្រេចចិត្តនានា នៅក្នុងសហគមន៍ ដើម្បីចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ឲ្យកាន់តែរីកចំរើន។

ជាមួយគ្នានេះ លោកស្រី ឡុង ផល្លី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានអះអាងថា រាជរដ្ឋាភិបាល បានគាំទ្រយ៉ាងខ្លាំងលើគម្រោងបង្កើតបណ្តាញស្ត្រី ដើម្បីសន្តិភាពនៅតាមសហគមន៍នេះ គឺដើម្បីរួមចំណែកការពារ សុខសន្តិភាពនៅកម្ពុជា ពិសេសការទប់ស្កាត់អំពើហិង្សា និងការរំលោភពាននានាលើស្រ្តី។

សូមបញ្ជាក់ថា ការបង្កើតគណៈកម្មាធិការនារីអន្តរជាតិ ដើម្បីសន្តិភាពកម្ពុជានេះ បានធ្វើឡើងខណៈដែលស្រ្តីនៅតែមានភាពទន់ខ្សោយ ងាយរងគ្រោះដោយអំពើហិង្សា និងការរំលោភបំពាននានាពីសង្គម៕