(ហូជីមិញ-វៀតណាម)៖ ទន្ទឹមនឹងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ លើកទី១៥ ដែលបាននិងកំពុងរៀបចំឡើងចាប់ពីថ្ងៃទី០៤-០៧ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាមនោះ ក្រសួងទេសចរណ៍កម្ពុជា ក៏បានរៀបចំសិក្ខាសាលាមួយនៅសណ្ឋាគារ REX នារសៀលថ្ងៃទី០៥ ខែកញ្ញា ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន ទៅកាន់ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍នៅទីនោះផងដែរ។
ក្រោមការសម្របសម្រួលពីសំណាក់លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅស្រុក នៃក្រសួងទេសចរណ៍ តំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air តំណាងទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) តំណាងសណ្ឋាគារ Dara Airport តំណាងសណ្ឋាគារសុខា (ភ្នំពេញ សៀមរាប-អង្គរ កំពត-បូកគោ និងព្រះសីហនុ) បានឡើងធ្វើបទបង្ហាញជូនអង្គសិក្ខាសាលាជាបន្តបន្ទាប់ ព្រមទាំងបានផ្សព្វផ្សាយពីសក្ដានុពលលើវិស័យទេសចរណ៍ជាច្រើនរបស់កម្ពុជា។
ការត្រៀមទទួលបដិសណ្ឋារកិច្ចល្អ និងគោលដៅទេសចរណ៍ជាច្រើនសំខាន់របស់កម្ពុជា ដូចជានៅរាជធានីភ្នំពេញ សៀមរាប-អង្គរ ព្រះសីហនុ កំពត បាត់ដំបង កំពង់ធំ ក្រចេះ ស្ទឹងត្រែង កណ្ដាល កោះកុង តំបន់ឆ្នេរសមុទ្រ តំបន់ភូមិភាគឦសាន និងបណ្ដាគោលដៅមួយចំនួនទៀត ត្រូវបានអធិប្បាយយ៉ាងក្បោះក្បាយជាមួយនឹងការបញ្ចាំងរូបភាព និងវីដេអូផងដែរ។ ក្រៅពីនោះ ក៏មានការធ្វើបទបង្ហាញពីសេវាកម្មស្នាក់នៅ សេវាដឹកជញ្ជូនតាមផ្លូវអាកាស សេវាម្ហូបអាហារ និងចំណុចពាក់ព័ន្ធជាច្រើនទៀត។
ក្រោយធ្វើបទបង្ហាញពីសំណាក់មន្ត្រីក្រសួងទេសចរណ៍ និងផ្នែកឯកជនទៅពីកម្ពុជារួចមក អង្គសិក្ខាសាលាបានលើកឡើងនូវសំណួរ-ចម្លើយយ៉ាងផុសផុល ដែលទិដ្ឋភាពនេះហាក់បង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះគោលដៅទេសចរណ៍នៅកម្ពុជា ពីសំណាក់ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍វៀតណាម។
ទោះយ៉ាងណា សិក្ខាសាលានេះក៏បានចូលរួមយ៉ាងសកម្ម ក្នុងការចូលរួមផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍នៅកម្ពុជា ហើយនៅរាត្រីថ្ងៃទី០៥ ខែកញ្ញានេះផងដែរ ក្រសួងទេសចរណ៍កម្ពុជា ក៏មានរៀបចំព្រឹត្តិការណ៍ដ៏ពិសេសមួយទៀត នោះគឺ «រាត្រីកម្ពុជា ឬហៅថា Cambodia Night» ពោលគឺពេញមួយព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ លើកទី១៥ នៅទីក្រុងហូជីមិញនេះ កម្ពុជាពិតជាបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយពីសក្ដានុពល និងគោលដៅទេសចរណ៍របស់ខ្លួន សំដៅជំរុញកំណើនទេសចរអន្តរជាតិឱ្យទៅទស្សនាប្រទេសកម្ពុជា ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។
ការខិតខំរបស់ក្រសួងទេសចរណ៍ ក្នុងឱកាសរៀបចំពិព័រណ៍អន្តរជាតិនៅប្រទេសវៀតណាម និងការប្រឹងបប្រែងកន្លងមកនោះ ហាក់បញ្ជាក់ថា ការផ្សព្វផ្សាយគោលដៅទេសចរណ៍នៅក្រៅប្រទេស ពិតជាចាំបាច់យ៉ាងសំខាន់សម្រាប់ការជំរុញកំណើនទេសចរអន្តរជាតិ។
សូមជម្រាបថា នៅក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍វៀតណាមអន្តរជាតិ លើកទី១៥ ឆ្នាំ២០១៩» នេះផងដែរ គឺមានក្រុមហ៊ុនអ្នកលក់ (Sellers) ចូលរួមចំនួន ៣១៥ក្រុមហ៊ុន និងក្រុមហ៊ុនអ្នកទិញ (Buyers) ចំនួន ៣០០ក្រុមហ៊ុន មកពី១៧ប្រទេស។ ចំពោះកម្ពុជាមានក្រុមហ៊ុនចំនួន ១២ក្រុមហ៊ុន ចូលរួមផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍នេះ។
ចាប់តាំងពីបង្កើតព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះមក កម្ពុជាត្រូវបានអញ្ជើញឱ្យចូលរួមរៀងរាល់ឆ្នាំ ដែលបានជំរុញឱ្យកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា វៀតណាម និងបណ្ដាលប្រទេសនានាជុំវិញពិភពលោក ត្រូវបានពង្រឹង-ពង្រីកកាន់តែរឹងមាំ ពិសេសគោលដៅទេសចរណ៍ជាច្រើនរបស់កម្ពុជា ក៏ត្រូវបានផ្សព្វផ្សាយតាមរយៈព្រឹត្តិការណ៍នេះផងដែរ។
ដោយសារតែការខិតខំប្រឹងប្រែងផ្សព្វផ្សាយទេសចរណ៍ទាំងក្នុង និងក្រៅប្រទេសយ៉ាងដូច្នេះហើយ បានជានៅឆ្នាំ២០១៨កន្លងទៅ កម្ពុជាសម្រេចបានកំណើនក្នុងអត្រាប្រមាណ ១០.៧% ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិជាង ៦.២លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៤.៣៥៦លានដុល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះដែរ កម្ពុជាក៏បានបង្ហាញការរំពឹងទុកថា នៅឆ្នាំ២០២០ នឹងទទួលបានភ្ញៀវទេសចរជាង ៧លាននាក់ និងនាំមកនូវចំណូលប្រមាណ ៥ប៊ីលានដុល្លារ បង្កើតឱកាសការងារបានប្រមាណជិត ១លាននាក់៕