(ឧត្តរមានជ័យ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលខេត្តឧត្តរមានជ័យ ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលាខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពលោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោក ហួន វ៉ាន់និត អភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពចំណុះសាលាខេត្ត រួមទាំងតំណាងអង្គការ សមាគម និងសហគមន៍នានានៅក្នុងខេត្តជាច្រើននាក់។
វេទិកាសន្ទនានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យអង្គការសង្គមស៊ីវិលបានស្វែងយល់ និងជ្រួតជ្រាប អំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដើម្បីឈានទៅបង្កើតភាពជាដៃគូ សហការកាន់តែជិតស្និទ្ធនិងមានប្រសិទ្ធភាពថែមទៀត ជាមួយភាគីពាក់ព័ន្ធនិងរាជរដ្ឋាភិបាល សំដៅចូលរួមចំណែកក្នុងការធ្វើឱ្យសម្រេចបានតាមគោលដៅទាំង ១៨ចំណុច ប្រកបដោយជោគជ័យនៅឆ្នាំ២០៣០។ ជាងនេះទៀត វេទិកាសន្ទនានេះក៏បានបើកទូលាយឱ្យអង្គការសង្គមស៊ីវិលនិងអាជ្ញាធរពាក់ព័ន្ធ បានជជែកពិភាក្សាដោយត្រង់ទៅត្រង់មក អំពីបញ្ហាប្រឈមនិងសំណូមពរជាច្រើន ដែលអង្គការសង្គមស៊ីវិលបានជួបប្រទះក្នុងការអនុវត្តការងាររបស់ខ្លួននាពេលកន្លងមក ដើម្បីស្វែងរកដំណោះស្រាយសមស្របជាមួយគ្នា។
លោកប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសង្គមស៊ីវិលដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គមជាតិនាពេលកន្លងមក និងបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលនៅក្នុងខេត្តឧត្តរមានជ័យ យកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងាររបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពផ្នែកនយោបាយ និងត្រូវអនុវត្តតាមតួនាទី ភារកិច្ច និងកាតព្វកិច្ចតាមផ្លូវច្បាប់ជាធរមាន ជាពិសេសត្រូវធ្វើការចុះបញ្ជីនៅក្រសួង ស្ថាប័នពាក់ព័ន្ធឱ្យបានត្រឹមត្រូវតាមនីតិវិធី រួមទាំងការចុះបញ្ជីពន្ធដារ ដើម្បីអង្គការសង្គមស៊ីវិលអាចទទួលបានការការពារដោយច្បាប់ និងអនុគ្រោះពន្ធផ្សេងៗ។
ទន្ទឹមនឹងនេះ លោក កឹមរ័ត្ន វិសិដ្ឋ បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល ត្រូវបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបាននូវសង្គតិភាពផែនការការងាររបស់ខ្លួន ជាមួយផែនការអភិវឌ្ឍន៍ និងវិនិយោគថ្នាក់មូលដ្ឋាន សំដៅចូលរួមចំណែកធ្វើឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ហើយអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសម្របសម្រួលង្គការសង្គមស៊ីវិលក្នុងការអនុវត្តការងាររបស់ខ្លួននៅតាមមូលដ្ឋាន។
លោកក៏បានគូសបញ្ជាក់ថា អង្គការសង្គមស៊ីវិលទាំងអស់ត្រូវតែទទួលស្គាល់គុណតម្លៃរួម ក្នុងការអនុវត្តការងាររវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល ក៏ព្រោះតែសមិទ្ធផលទាំងឡាយ ដែលអង្គការសង្គមស៊ីវិលសម្រេចបាន តែងមានការចូលរួមចំណែកយ៉ាងសំខាន់ពីរាជរដ្ឋាភិបាល តាមរយៈការធានាឱ្យមានសុវត្ថិភាពនិងស្ថិរភាពទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ច រួមទាំងការសម្របសម្រួលគ្រប់បែបយ៉ាង ដើម្បីបង្កបរិយាកាសអំណោយផលសម្រាប់អង្គការសង្គមស៊ីវិល អាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន ក្រោមដំបូលនៃសន្តិភាព។
វាជាការចាំបាច់ណាស់ដែលរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលត្រូវបន្តបង្កើនកិច្ចសហការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត និងត្រូវបង្កើតភាពដៃគូដោយឆន្ទៈស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីចូលរួមចំណែកឱ្យកាន់តែសកម្មថែមទៀតក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនិងជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕