(ភ្នំពេញ)៖ លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងប្រទេសប្រជាធិបតេយ្យដូចកម្ពុជា កំណើនសេដ្ឋកិច្ច និងប្រសិទ្ធភាពរដ្ឋបាលសាធារណៈ ត្រូវតែដើរទន្ទឹមគ្នា ដែលចំណុចទាំងពីរនេះខ្វះមួយណាក៏មិនបាន ប្រៀបដូចជាការទឹមគោដូច្នោះដែរ។
ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់រូបនេះ បានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី«កម្ពុជា និងលទ្ធិប្រជាធិបតេយ្យ» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ
លោកងី ច័ន្ទ្រផល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សេដ្ឋកិច្ចរឹងមាំទៅមុខ រដ្ឋបាលសាធារណៈមានប្រសិទ្ធភាព មានតែ២ហ្នឹងទេ គោ១នឹមនេះថែវាឱ្យបាន បើអត់ចំណីមួយណាហើយគឺកៀចហើយអាហ្នឹង បើកៀចហើយយើងអត់ទៅមុខទេ យើងទាំងអស់គ្នាជិះលើរទេះនេះ»។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ដើម្បីថែរក្សានូវភាពរឹងមាំផ្នែកសេដ្ឋកិច្ច និងរដ្ឋបាលសាធារណៈ គឺត្រូវតែមានការចូលរួមទាំងអស់គ្នាទាំងរាជរដ្ឋាភិបាល ដៃគូពាក់ព័ន្ធ និងប្រជាពលរដ្ឋខ្លួនឯង។
លោកអះអាងថា ដើម្បីបង្កើនប្រសិទ្ធភាពរដ្ឋបាលសាធារណៈ កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់យ៉ាងច្រើន ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល បានធ្វើការផ្ទេរអំណាចទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងរៀបចំឱ្យមានវេទិកាសាធារណៈ ដើម្បីស្តាប់កង្វល់របស់ប្រជាពលរដ្ឋ ហើយជំរុញការដោះស្រាយបញ្ហារបស់ពួកគាត់បានឆាប់រហ័សផងដែរ។ លោកអះអាងថា រហូតដល់ពេលនេះ ក្រសួងចំនួន៧ហើយ ដែលបានផ្ទេរមុខងារ ទៅឱ្យមូលដ្ឋាន។
មួយវិញទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវអភិក្រម៥ គឺកែលម្អចំណុចខ្វះខាត ហើយពង្រឹងគុណភាពរដ្ឋបាលសាធាណៈផងដែរ។ លោកបញ្ជាក់ដូច្នេះថា៖ «មកដល់ពេលនេះ យើងបានដើរលើផ្លូវត្រូវហើយ គ្រាន់តែមិនទាន់រលូនដូចអ្វីដែលយើងចង់បាន»។
មន្រ្តីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ទៀតថា កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ពិតជាបាន រួមចំណែកដល់ការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ការធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជនការពង្រឹងភាពជាអ្នកដឹកនាំនៅមូលដ្ឋានទាំងបុរស ទាំងស្រី្ត ហើយក៏បានធ្វើឱ្យមានការកែលម្អនូវការផ្តល់សេវាសាធារណៈ នៅមូលដ្ឋានផងដែរ។
លោកបន្តថា ក្នុងរយៈ១៥ឆ្នាំមកនេះ យើងអាចវាយតម្លៃបានថា កំណែទម្រង់អភិបាលកិច្ច តាមរយៈការអនុវត្តនូវយន្តការផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយពាក្យបណ្តឹងតវ៉ារបស់ការិយាល័យប្រជាពលរដ្ឋ ការអនុវត្តផែនការសកម្មភាពគណនេយ្យភាពសង្គម ទទួលបានលទ្ធផលជាវិជ្ជមាន និងទទួលបានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសគឺ ប្រជាពលរដ្ឋដែលជាអ្នកទទួលបាននូវសេវាប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
លោកបញ្ជាក់ថា ទាំងនេះគឺជាសក្ខីភាពបង្ហាញថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ពិតជាបានលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវា និងជាការផ្តល់ឱកាសឲ្យរដ្ឋបាលមូលដ្ឋានដែលនៅកៀកជិតនឹងប្រជាពលរដ្ឋអាចបំពេញតួនាទី ភារកិច្ចនិង មុខងាររបស់ខ្លួនស្របតាមច្បាប់រៀបចំអង្គការ សំដៅធ្វើយ៉ាងណាឲ្យការផ្ដល់សេវារដ្ឋបាល កាន់តែមានលក្ខណៈឆ្លើយតបតាមតម្រូវការជាក់ស្តែងនៅមូលដ្ឋាន៕