(ប៉េកាំង)៖ យ៉ាងហោចណាស់មានប្រទេសចំនួន ៨ទៀត កំពុងស្ថិតក្រោមការពិចារណារបស់ អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដើម្បីឲ្យក្លាយជាសមាជិករបស់អង្គការមួយនេះ។ នេះបើយោងតាមរបាយការណ៍ ដែលត្រូវបានបង្ហាញនៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះ ក្នុងជំនួបរវាងលោក Norov អគ្គលេខាធិការ SCO និងអ្នកសារព័ត៌មានមកពី១៨ប្រទេស។

របាយការណ៍របស់ SCO ដែលត្រូវបានបង្ហាញនៅទីស្នាក់ការរបស់ខ្លួន នាទីក្រុងប៉េកាំងប្រទេសចិន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រទេសចំនួន៨ កំពុងស្ថិតក្រោមការពិចារណា ឱ្យចូលរួមជាគ្រួសាររបស់ SCO រួមមាន អ៉ីស្រាអែល អារ៉ាប៊ីសាអ៊ូឌីត បានរៀន អេហ្ស៉ីប កាតារ មាល់ដៀវ និងស៊ីរី»។

របាយការណ៍ដដែលនេះ បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ SCO មានប្រទេសជាសមាជិកចំនួន៨ រួមមាន ចិន ឥណ្ឌា កាហ្សាក់ស្ថាន Kyrgyzstan ប៉ាគីស្ថាន រុស្ស៊ី តាជីគីស្ថាន និង Uzbekistan។ ប្រទេសជាអ្នកសង្កេតការណ៍មាន៤ រួមមាន៖ អាហ្វកានីស្ថាន បេឡារុស អ៉ីរ៉ង និងម៉ុងហ្គោលី។ ចំណែកឯប្រទេស ដែលជាដៃគូសន្ទនាមាន៦ រួមមាន៖ កម្ពុជា អាហ្សេបេហ្សង់ អាមេនី នេប៉ាល់ តួកគី និងស្រីឡាំងកា។

ក្នុងឱកាសនោះ លោក Norov បានថ្លែងនូវការស្វាគមន៍យ៉ាងរាក់ទាក់ចំពោះអ្នកសារព័ត៌មានទាំង ១៨ប្រទេស។ លោកក៏បានសម្តែងការស្វាគមន៍ ចំពោះអ្នកសារព័ត៌មានមកពីកម្ពុជា ដែលលោកចាត់ទុកថា នេះជាមោទកភាពបំផុត ដែលមានកម្ពុជាគឺជាដៃសន្ទនារបស់ SCO។

សូមបញ្ជាក់ថា គណៈកម្មាការភាពជាអ្នកជិតខាងល្អ មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (GNFCC SCO) បានអញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអង្គភាពព័ត៌មាន មកពី១៧ប្រទេសផ្សេងទៀត ឱ្យធ្វើទស្សនកិច្ច នៅប្រទេសចិន ចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។

ក្នុងនាមជាអនុស្ថាប័ន ដែលជាផ្នែកមួយនៃ ក្រសួងការបរទេស, GNFCC បានប្តេជ្ញាពង្រីកបណ្តាញផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ប្រកបដោយភាពស្និទ្ធស្នាល ក្នុងចំណោមប្រទេស SCO និងរួមចំណែក ដល់ការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់៕