(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងសាធារណការ បានគ្រោងដាក់ជញ្ជីងសម្រាប់ថ្លឹងរថយន្ត ដែលបើកមកពីប្រទេសវៀតណាមបន្ថែមទៀត នៅតាមផ្លូវជាតិលេខ២១។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំខែកក្កដា កាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា នៅទីស្តីការក្រសួង លោកស៊ុន ចាន់ថុល បានលើកឡើងថា នៅផ្លូវជាតិលេខ២១ មានម៉ាស៊ីនថ្លឹងរថយន្តតែមួយប៉ុណ្ណោះ បើយើងចុះពីភ្នំពេញនៅខាងស្តាំដៃ។
លោកបន្តថា បើរថយន្តមកពីប្រទេសវៀតណាមវិញមិនទាន់មានម៉ាស៊ីនសម្រាប់ថ្លឹងនោះទេ អញ្ចឹងត្រូវឆ្លងកាត់ផ្លូវម្ខាងដើម្បីថ្លឹង ដែលជាមានការពិបាកព្រោះផ្លូវជាតិលេខ២១មានទំហំតូច។

លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «យើងមានការលំបាក ដោយសារផ្លូវតូចផង ខ្ញុំក៏បានស្នើសុំក្រុមហ៊ុន មួយដើម្បីដាក់ថ្លឹងតែម្តង។ អីញ្ចឹងពេលបើកឡានកាត់ដឹងគីឡូតែម្តង។ ក្រុមហ៊ុន ឯកភាពដាក់ទាំងកាមេរ៉ា និងជញ្ជីង អញ្ចឹងយើងដាក់សាងនៅផ្លូវជាតិលេខ២១សិន»

ពាក់ព័ន្ធនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ឯណោះវិញ តាមរបាយការណ៍ បានបង្ហាញថា នៅក្នុងខែកក្កដាកន្លងមកនេះ អ្នកគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣៣៦លើក បណ្តាលឱ្យស្លាប់ចំនួន ១៤១នាក់ និងរបួសចំនួន ៥៩៨នាក់ (របួសធ្ងន់ ៣៤៥នាក់)។ កន្លែងមានគ្រោះថ្នាក់ចរាចរណ៍ស្លាប់ច្រើនជាងគេ នៅរាជធានីភ្នំពេញចំនួន២៩នាក់ ខេត្តព្រះសីហនុចំនួន ១៥នាក់ និងខេត្តកំពង់ស្ពឺចំនួន ១៣នាក់៕