(ភ្នំពេញ)៖ លោកបណ្ឌិត ជាម យៀប ប្រធាន គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានសន្យាជួយដោះស្រាយបញ្ហាប្រឈមរបស់ធនាគារជាតិ តាមរយៈនីតិវិធីរដ្ឋសភា។

ការសន្យានេះ បានធ្វើឡើងខណៈលោកបានដឹកនាំ សមាជិក សមាជិការ គណៈកម្មការអញ្ជើញចុះសិក្សាស្វែងយល់ពីវឌ្ឍន៍ភាព និងបញ្ហាប្រឈមរបស់ធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅធនាគារជាតិនៃកម្ពុជា ។

លោក ជាម យៀប បានលើកឡើងថា គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា អញ្ជើញមកថ្ងៃនេះក្នុងគោលបំណងសិក្សាស្វែងយល់ពីការប្រតិបត្តិការចំណូលចំណាយរបស់ធនាគារជាតិនៃកម្ពុជាពីការអភិវឌ្ឍន៍ និងបញ្ហាប្រឈមនៃការប្រមូលចំណូល និង ចំណាយថវិកាជាតិរបស់ធនាគារជាតិនៃកម្ពុជា ហើយគណៈកម្មការ និងស្តាប់រាល់នូវសំណូមពរនានាដែលធនាគារជាតិនៃកម្ពុជា ស្នើឲ្យគណៈកម្មការជួយដោះស្រាយ និងគណៈកម្មការផ្តល់អនុសាសន៍មួយចំនួនដើម្បីកែលំអរលើវិស័យធនាគារ ដែលគណៈកម្មការទទួលខុសត្រូវឱ្យមានការអភិវឌ្ឍន៍រីកចម្រើនឡើង។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ធនាគារជាតិនៃកម្ពុជាត្រូវបានលើកពីប្រវត្តិនៃការបង្កើតធនាគាជាតិឡើង នៅថៃ្ងទី២៣ ខែធ្នូ ឆ្នាំ១៩៥៤ បន្ទាប់ពីប្រទេសជាតិ បានទទួលឯករាជ្យ ពីអាណានិគមនិយមបារាំង និងបន្ទាប់ពីវិជ្ជាស្ថាន បោះប្រាក់ឥណ្ឌូចិនត្រូវ បានបិទទ្វារ។

លោកថ្លែងថា នៅឆ្នាំ១៩៦៤ ដើម្បីបម្រើឲ្យគោលនយោបាយកសាងជាតិនៃសង្គមរា្រស្ត និយមរដ្ឋបានធ្វើ ការកែទម្រង់ ប្រព័ន្ធធនាគារជាបន្តបន្ទាប់ដើម្បី តម្រូវទៅតាមសេចក្តីត្រូវការ នៃសេដ្ឋកិច្ចជាតិនាសម័យនោះ ដោយបានប្រែក្លាយធនាគារជាតិនៃកម្ពុជា ពីទម្រង់ស្ថាប័នពាក់កណ្តាលស្វ័យតទៅ ជាធនាគាររដ្ឋក្រោមទម្រង់ជាស្ថាប័នសាធារណៈ ដែល មានលក្ខណៈឧស្សាហកម្ម និងពាណិជ្ជកម្ម ចំណែកឯធនាគារឯកជនជាតិ និងបរទេសត្រូវបានបិទទ្វារហើយរដ្ឋបានបង្កើតធនាគារដែលកាន់កាប់ដោយរដ្ឋមួយចំនួនដូចជាធនាគារឥណទានជាតិធនាគារអភិវឌ្ឍន៍និង ធនាគារកសិកម្មជនបទ។

លោកបានបន្តថា ចាប់តាំងពីចុងឆ្នាំ១៩៧០ រហូតដល់ ខែមេសា ឆ្នាំ១៩៧៥ រដ្ឋបានធ្វើសេរី ភាវូបនីយកម្មជាថ្មីទៅលើប្រព័ន្ធធនាគារ។ ធនាគារឯកជនត្រូវបាន អនុញ្ញាតឲ្យធ្វើសកម្មភាពទន្ទឹមគ្នានឹងធនាគាររដ្ឋក្រោមការបញ្ជាណែនាំ និងការត្រួតពិនិត្យ របស់ធនាគារជាតិនៃកម្ពុជា។ ជាអកុសលនៅថៃ្ងទី១៧ ខែមេសា ឆ្នាំ១៩៧៥ ធនាគារជាតិ នៃកម្ពុជាត្រូវបានបិទទ្វារប្រព័ន្ធធនាគារទូទាំងប្រទេស ត្រូវបានលុបបំបាត់ចោល អគារធនាគារជាតិនៃកម្ពុជាត្រូវបានកមេ្ទចរូបិយវត្ថុជាតិត្រូវបានឈប់ប្រើប្រាស់។ រហូតមកដល់ ឆ្នាំ១៩៧៩ ទើបធនាគារជាតិនៃកម្ពុជាត្រូវបានរៀបចំឡើងវិញក្នុង នាមជាធនាគារកណ្តាលរបស់ប្រទេសនៅថៃ្ងទី១០ ខែតុលា។ នៅពេលនោះធនាគារជាតិនៃកម្ពុជា ត្រូវបានស្តារឡើងវិញពីកម្រិតសូន្យទាំងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សត្រូវបានប្រមែប្រមូល និងកសាងជាបណើ្តរៗរហូតបង្កើតបាន ជាស្ថាប័នធនាគារជាតិមួយ ដែលមានឈ្មោះថា «ធនាគារជាតិនៃប្រជាជនកម្ពុជា»

លោកបានបន្តថា មុខងារនិងភារកិច្ចទូទៅរបស់ធនាគារជាតិនៃកម្ពុជា ឬធនាគារកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា មានមុខងារ និងភារកិច្ចដូច តទៅកំណត់គោលនយោបាយរូបិយវត្ថុដោយពិគ្រោះជាមួយរាជរដ្ឋាភិបាលក្នុងក្របខ័ណ្ឌនយោបាយសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។
ត្រិះរិះរកអនុវត្ត និងត្រួតពិនិត្យ នយោបាយរូបិយវត្ថុ និង ប្តូរប្រាក់ឱ្យសំរេចទៅតាមគោលដៅដែលបា នកំណត់។ ធ្វើការវិភាគស្ថានភាពសេដ្ឋកិច្ចនិង រូបិយវត្ថុ ជាប្រក្រតីរួចចេញផ្សាយលទ្ធផល ហើយលើកសំណើ និងវិធានការជូនរដ្ឋាភិបាល។ ផ្តល់ឬដកហូតអាជ្ញាប័ណ្ណអាជីវកម្ម ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានឯទៀត ដែលពាក់ព័ន្ធដូច ជាស្នងការគណនីគ្រឹះស្ថានជម្រះបញ្ជីជាដើម ព្រមទាំងចេញបទបញ្ជា និងត្រួតពិនិត្យគ្រឹះស្ថានទាំងនោះ។ ត្រួតពិនិត្យ ប្រព័ន្ធទូទាត់ក្នុង ព្រះរាជាណាច ក្រកម្ពុជា និង កែលំអប្រសិទ្ធភាព នៃការទូទាត់ អន្តរ-ធនាគារ។ ទទួលភារៈផ្តាច់មុខ ជាអ្នក បោះផ្សាយរូបិយវត្ថុជាតិកម្ពុជា។ ទទួលខុសត្រូវ និងអនុវត្តក្នុងនាមនៃ ព្រះរាជាណាចក្រកម្ពុជានូវកិច្ចការទាំងឡាយដែលជាលទ្ធផលនៃការចូលរួមរបស់ ព្រះរាជាណាចក្រកម្ពុជា ជាមួយស្ថាប័នអន្តរជាតិសាធារណៈ ក្នុងកិច្ចការធនាគារឥណទានរូបិយវត្ថុ។

លោក ជាម យៀប បានថ្លែងកោតសរសើរ និងវាយតម្លៃធនាគារជាតិនៃកម្ពុជា ចំពោះសមិទ្ធិផលទទួលបាន ក្នុងរយៈពេលកន្លងមក។ សមិទ្ធិផលទាំងនេះ បានកើតឡើងពីការខិតខំប្រឹងប្រែងរួមគ្នា ជាពិសេសថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា និងមន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់ដែលជាប្រតិបត្តិករផ្ទាល់នៅទីនេះ៕