(កំពង់ចាម)៖ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ដកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ លោកបណ្ឌិត ម៉ា ឈឿន បានជំរុញដល់សមាជិកបក្សទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយដោះស្រាយបញ្ហាប្រឈម ជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា។
ជាពិសេសត្រូវជួយសម្រួល ដល់ការធ្វើអត្ដសញ្ញាណបណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋ ដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ ដើម្បីផ្ដល់ភាពងាយស្រួល ក្នុងការបំពេញតម្រូវការចាំបាច់សម្រាប់ពួកគាត់ផងដែរ។
ការថ្លែងបែបនេះ របស់តំណាងរាស្ដ្រមណ្ឌលកំពង់ចាម ក្នុងកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យ វឌ្ឍនភាពនៃការងារផ្ដល់អត្ដសញ្ញាណបណ្ណ ដល់ប្រជាពលរដ្ឋ ចាប់ពីអាយុ១៥ឆ្នាំ ឡើងទៅ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ដែលប្រារព្ធធ្វើឡើងនៅសាលាស្រុកជើងព្រៃ ខេត្ដកំពង់ចាម។
តំណាងរាស្ដ្រមណ្ឌលកំពង់ចាម ម៉ា ឈឿន បានថ្លែងបន្ដថា «ក្រុមការងារបក្សរបស់យើង នឹងបន្ដចុះជួបប្រាស្រ័យផ្ទាល់ជាមួយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងស្ដាប់នូវកង្វល់សំណើ សំណូមពរ និងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋាន ដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ ហើយបញ្ហាណាដែលដោះស្រាយបាន គឺត្រូវដោះស្រាយភ្លាមៗ និងបញ្ហាផ្សេងៗទៀត ដែលមិនទាន់ត្រូវបានដោះស្រាយ និងត្រូវរាយការណ៍សុំយោបល់បន្ដទៀត។ ទោះក្នុងកាលៈទេសៈណាក៏យើងនៅតែខិតខំប្រឹងប្រែងបម្រើ និងលើកកម្ពស់ជីវភាពរបស់ពួកគាត់ផងដែរ»។
លើសពីនោះ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម ម៉ា ឈឿន បានថ្លែងបន្ថែមថា «យើងនឹងពង្រឹង និងពង្រីកសមត្ថភាពការងាររបស់ក្រុមការងារយើងឱ្យកាន់តែប្រសើរ ក្នុងការបែងចែកនូវភារៈកិច្ចប្រកប ដោយតម្លាភាពជូនពលរដ្ឋកម្ពុជាយើង តាមសកម្មភាពការងារផ្សេងៗគ្នា រួមមានការបើកវេទិកាសាធារណៈ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ។
សូមជម្រាបថា តំណាងរាស្រ្តមណ្ឌលកំពង់ចាម លោកបណ្ឌិត ម៉ា ឈឿន កន្លងមកនេះបានបន្ដបើកវេទិកាសាធារណៈ ជាមួយតំណាងប្រជាពលរដ្ឋ ដើម្បីប្រមូលរាល់សេចក្តីត្រូវការ សំណូមពរ ក៏ដូចជា បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ មកពិនិត្យលទ្ធភាពដោះស្រាយជូន ពិសេសបញ្ហាខ្វះខាតទឹកប្រើប្រាស់ ក្នុងរដូវប្រាំង និងរដូវវស្សា និងជាពិសេសការសង់លំនៅឋាន ជូនប្រជាពលរដ្ឋក្រីក្រ គ្មានផ្ទះសំបែងសមរម្យ។
វេទិកាសាធារណៈនេះ គឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានលើកឡើងនូវសេចក្តីត្រូវការរបស់ខ្លូន ក៏ជាសំណូមពរ និងបានលើកឡើងនូវបញ្ហាប្រឈមក្នុងមូលដ្ឋានរបស់ខ្លូន ដូចជា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាល្បែងស៊ីសង់ គ្រឿងញៀន និងអំពើចោរកម្មជាដើម៕