(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅគោលដៅចំនួន២ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួមមានគោលដៅទី១ នៅភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ត និងគោលដៅទី២ នៅច្រកអានសេះ ក្នុងឃុំឈើទាលគង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ស្ថានភាពពេលនេះនៅគោលដៅទី១ គឺកំណាត់ផ្លូវលំ១ខ្សែ កំពុងរងការខូចខាតដោយទឹកជំនន់លិចលង់ ដែលប្រជាពលរដ្ឋ មិនអាចធ្វើដំណើរឆ្លងកាត់បានតាមរយៈរថយន្ត និងម៉ូតូនោះឡើយ។

បច្ចុប្បន្នប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវខាងលើនោះ បានដោយតាមរយៈទូកប្រើម៉ាស៊ីន។ ដោយឡែក គោលដៅទី២ នៅចំណុចច្រកអានសេះ គឺផ្លូវឡើងទៅច្រកអានសេះ មានការបាក់ស្រុកដោយកន្លែង ហើយការធ្វើដំណើរបានត្រឹមតែតាមម៉ូតូប៉ុណ្ណោះ។

នៅក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកជំនន់, លោក ប្រាក់ សុវណ្ណ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ត្រូវរៀបចំលក្ខណៈឲ្យបានគ្រប់គ្រាន់ដើម្បីជម្លៀសខ្លួន ទៅកាន់ទីទួល សុវត្ថិភាព ពិសេសត្រូវប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងសត្វអសិរពិសផងដែរ ហើយត្រូវរក្សាអនាម័យឲ្យបានល្អហូបស្អាត ផឹកស្អាត រស់នៅស្អាតដើម្បីការពារសុខភាព។

ជាមួយគ្នានេះដែរ លោក ប្រាក់ សុវណ្ណ ក៏បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ ធ្វើយ៉ាងណាពន្លឿនធ្វើផ្លូវខាងលើនេះឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ លោកអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា បើទោះបីច្រកតំបន់ផ្សារអានសេះនេះ មិនជាច្រកអន្តរជាតិ ក៏ដោយក៏ច្រក១នេះវាមានសារសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ លោកធ្វើចរាចរណ៍ប្រកបរបចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់ដែលខេត្តជាប់ព្រំដែននោះ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក៏បានលើកឡើងផងដែរថា សម្រាប់ផ្លូវដែលមានក្នុងខេត្តព្រះវិហារ ដែលគ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សរុបមានប្រវែង៨០០គីឡូម៉ែត ដោយមិនគិតផ្លូវដែលគ្រប់គ្រងដោយមន្ទីរអភិវឌ្ឍន៍ជនបទនោះទេ ហើយផ្លូវដែលរងផលប៉ះពាល់ដោយសាជំនន់ទឹកភ្លៀង ដែលជាផ្លូវគ្រប់គ្រងដោយមន្ទីរសាធារណការខេត្តនោះ គឺមាន ៨គីឡូម៉ែត ដែលទឹកហូរកាត់ពីលើនោះតែនៅចរាចរណ៍បានជាធម្មតាទេ។

ដោយឡែក លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានឲ្យដឹងនៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ថា ស្ថានភាពទឹកដងស្ទឹងសែន គឺដល់កម្រិតប្រកាសអាសន្នហើយគឺ១១.៥០ម៉ែត្រ ដែលករណីនេះលោកសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយត្ន័។ ចំណែកនៅឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារជាប់និងព្រំដែនឡាវគឺទឹកទន្លេបានឡើងហូរចូលភូមិប្រជាពលរដ្ឋហើយ៕