(ភ្នំពេញ)៖ មុងជ្រលក់ថ្នាំចំនួន ១៨០0មុង ជាអំណោយរបស់ក្រុមហ៊ុន Freshy ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន១៨០០គ្រួសារ មកពីសហគមន៍ក្រីក្រក្នុងខណ្ឌ៤ នៃភាគខាងលិចរាជធានីភ្នំពេញ គឺខណ្ឌដង្កោ ខណ្ឌសែនសុខ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន។
លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ក្នុងនាមអាជ្ញាធរខណ្ឌទាំង៤ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Freshy ដែលបានយកចិត្តទុកដាក់ពីសុទុក្ខប្រជាពលរដ្ឋ មិនថាតែខណ្ឌ៤ នាថ្ងៃនេះទេខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ សុទ្ធតែបានទទួលបានមុងជ្រលក់ថ្នាំ ចែកជូនប្រជាពលរដ្ឋដូចៗគ្នា ដោយសំដៅលើពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍ក្រីក្រ, កន្លែងប្រមូលផ្តុំ ដែលមានស្ថានភាពស្មុគ្រស្មាញ ប្រឈមបញ្ហាមូសច្រើន ពិសេសមូលខ្លា ដែលជាភ្នាក់ងារបង្កជំងឺគ្រុនឈាម។
លោកអភិបាលខណ្ឌ បានលើកឡើងថា ពីមុនគ្រុនឈាម កើតលើតែកុមារទេ តែបច្ចុប្បន្នវាមានកើតលើមុស្សចាស់ច្រើនជាងកុមារទៅទៀត ដែលគេតែងនិយាយលេងថា មកពីមនុស្សចាស់គេង មិនស្លៀកពាក់ តែតាមពិតមិនមែនទេ គឺមកពីការវិវឌ្ឍន៍ នៃស្ថានភាពបរិយាកាស ដែលមានការប្រែប្រួលជារៀងរាល់ឆ្នាំ បានធ្វើស្ថានភាពមេរោគវិវឌ្ឍន៍ទៅតាមនោះដែរ។
អភិបាលខណ្ឌ បានបន្តថា តាមការផ្សព្វផ្សាយពីមន្រ្តីជំនាញសុខាភិបាល វិធីសាស្រ្ត ដែលកំចាត់មូសខ្លាដ៏មានប្រសិទ្ធភាព គឺប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ ត្រូវចូលរួមសំអាតលំនៅឋាន ទាំងក្នុង និងក្រៅឱ្យបានស្ងាតល្អ, កាប់ស្ការព្រៃនៅជុំវិញផ្ទះឱ្យស្អាត, លុបថ្លុកទឹកដែលដក់ក្បែផ្ទះក្នុងសំបងដូង សំបកកំប៉ុង កង់ម៉ូតូ កង់ឡានចាស់ៗ ត្រូវជីកកប់, លាងសំអាតពាង អាងទឹកជាប្រចាំ ដាក់ថ្នាំអាបែត ក្នុងពាងទឹក ចានទ្រ តុ ទូ និងណែនាំកូនចៅឱ្យពាក់អាវវែងៗ, កុំឱ្យវាលេងក្នុងទីងងិត និងគេងត្រូវចងមុងជាប្រចាំ ពិសេសមុងជ្រលក់ថ្នាំនេះ វាជាមធ្យោបាយមួយដ៏ប្រសើណាស់ សំរាប់ការពារកូនចៅកុំឱ្យមូសខាំយ៉ាងមានប្រសិទ្ធភាព។
លោក ហែម ដារិទ្ធ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលកូនចៅមានអាការៈមិនស្រួល ហើយសង្ស័យថា អាចកើតជំងឺគ្រុនឈាម សូមរូតរះបញ្ជូនពួកគេទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យជាបន្ទាន់ ដើម្បីទទួលការពិនិត្យ ពិគ្រោះ និងព្យាបាល ព្រោះមានតែពេទ្យទេដែលដឹងថាកូនចៅយើង មានជម្ងឺអ្វី និងមានវិធីសាស្រ្តជួយសង្រ្គោះបានទាន់ពេលវេលា៕