(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះ អ្នកសារព័ត៌មានកម្ពុជា ក្នុងនោះមានអ្នកសារព័ត៌មាន Fresh News និងអង្គភាពព័ត៌មានមកពី ១៧ប្រទេសផ្សេងទៀត បានជិះកង់លក្ខណៈទេសចរណ៍ ដើម្បីលើកស្ទួយការថែរក្សាបរិយាកាស ឱ្យមានភាពស្រស់បំព្រងពណ៌បៃតង នៅទីក្រុងប៉េកាំង ប្រទេសចិន។
ការជិះកង់មើលទិដ្ឋភាពទីក្រុងមួយនេះ ត្រូវបានធ្វើឡើង ក្រោមប្រធានបទ ផ្លូវសូត្រពណ៌បៃតង- Green Silk Road និងដួងព្រលឹងនៃប្រទេស ដែលជាសមាជិក អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ជាមួយនឹងបុគ្គលិកលក្ខណៈ របស់ទីក្រុងប៉េកាំង។
សូមបញ្ជាក់ថា គណៈកម្មាការភាពជាអ្នកជិតខាងល្អ មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (GNFCC SCO) បានអញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអង្គភាពព័ត៌មាន មកពី១៧ប្រទេសផ្សេងទៀត ឱ្យធ្វើទស្សនកិច្ច នៅប្រទេសចិន ចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។
ក្នុងនាមជាអនុស្ថាប័ន ដែលជាផ្នែកមួយនៃ ក្រសួងការបរទេស, GNFCC បានប្តេជ្ញាពង្រីកបណ្តាញផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ប្រកបដោយភាពស្និទ្ធស្នាល ក្នុងចំណោមប្រទេស SCO និងរួមចំណែក ដល់ការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់។
បច្ចុប្បន្ននេះ SCO មានប្រទេសជាសមាជិកចំនួន៨ រួមមាន ចិន ឥណ្ឌា កាហ្សាក់ស្ថាន Kyrgyzstan ប៉ាគីស្ថាន រុស្ស៊ី តាជីគីស្ថាន និង Uzbekistan។ ប្រទេសជាអ្នកសង្កេតការណ៍មាន៤ រួមមាន អាហ្វកានីស្ថាន បេឡារុស អ៉ីរ៉ង និងម៉ុងហ្គោលី។ ចំណែកឯ ប្រទេស ដែលជាដៃគូសន្ទនាមាន៦ រួមមាន កម្ពុជា អាហ្សេបេហ្សង់ អាមេនី នេប៉ាល់ តួកគី និងស្រីឡាំងកា៕