(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានរៀបចំសិក្ខាសាលាស្ដីពី ការពង្រឹងការគ្រប់គ្រងកសិដ្ឋានចិញ្ចឹមសត្វ ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង បន្ថែមទៀតដល់មន្ត្រីជំនាញ ក្រុមហ៊ុនម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ និងអ្នកពាក់ព័ន្ធក្នុងខេត្តត្បងឃ្មុំ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងអង្គសិក្ខាសាលាខាងលើនេះ លោក ស៊ាង សុខលីម ប្រធាននាយកដ្ឋានផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងឲ្យដឹងថា ការចិញ្ចឹមសត្វនៅកម្ពុជាមានពីបែបផែនផលិតកម្ម គឺការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ និងការចិញ្ចឹមជាលក្ខណៈពាណិជ្ជកម្ម។ ហើយការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មមាន ៣ខ្នាតគឺ ខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ។
លោកបញ្ជាក់ថា ការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្ម គឺតម្រូវឱ្យម្ចាស់កសិដ្ឋានត្រូវសុំច្បាប់ពីសមត្ថកិច្ចជំនាញស្របតាមខ្លឹមសារនៃប្រកាសលេខ ៤៤៩ ផ្ទុយទៅវិញ ការចិញ្ចឹមសត្វជាលក្ខណៈ គ្រួសារ លក្ខណៈប្រពៃណី ដើម្បីបម្រើជីវភាពប្រចាំថ្ងៃ មិនតម្រូវឲ្យសុំច្បាប់នោះឡើយ ប៉ុន្តែត្រូវស្ថិតក្រោមការគ្រប់គ្រងបច្ចេកទេសពីសមត្ថកិច្ចជំនាញ។
លោក ស៊ាង សុខលីម ឲ្យដឹងបន្តថា ការចិញ្ចឹមសត្វនៅកម្ពុជាបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងកំណើនសេដ្ឋកិច្ចជាតិ ដែលបានចូលរួមចំណែកប្រមាណ ១១% ក្នុងសមាសភាគនៃអនុវិស័យ កសិកម្មឆ្នាំ២០១៨។ ក្នុងនោះសត្វសរុបមាន៤៤,៣ លានក្បាល គឺកើនឡើង៣,៦% បើធៀបនឹងឆ្នាំ២០១៧។
ជាមួយគ្នានោះ ប្រធាននាយកដ្ឋានផលិតកម្មសត្វរូបនេះ បានណែនាំដល់សិក្ខាកាមចូលរួមទាំងអស់ បង្ហាញគោលដៅក្នុងការចិញ្ចឹមសត្វដើម្បីទទួលបានជោគជ័យ ត្រូមាន២ចំណុចសំខាន់រួមមាន៖
*ទី១៖ ដើម្បីឲ្យការចិញ្ចឹមសត្វទទួលបានជោគជ័យ ត្រូវអនុវត្តតាមគោលការណ៍បច្ចេកទេស ៣គឺ ពូជ ចំណី និងការថែទាំ (ទ្រុង ជីវៈសុវត្ថិភាព វ៉ាក់សាំង បង្កាត់ពូជ...)
*ទី២៖ ដើម្បីឲ្យមុខរបរចិញ្ចឹមសត្វទទួលបានជោគជ័យ គឺត្រូវថែមកត្តាសំខាន់បីទៀត គឺត្រូវមានផែនការចិញ្ចឹមច្បាស់លាស់ ស្វែងយល់ពីតម្រូវការទីផ្សារ នឹងត្រូវសិក្សាពីប្រសិទ្ធភាពសេដ្ឋកិច្ច។
បើតាមលោក ស៊ឹម ធី អនុប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំឲ្យដឹងថា សិក្ខាសាលាដែលរៀបចំឡើងនេះក្នុងគោលបំណង ផ្សព្វផ្សាយនិងជំរុញការអនុវត្តប្រកាសលេខ ៥៤៩ ប្រក.កសក, កំណត់អំពីការបង្កើត ការគ្រប់គ្រង ចំណាត់ថ្នាក់ខ្នាត បទដ្ឋានបច្ចេកទេស, ណែនាំពីនីតិវិធីនៃការផ្ដល់លិខិតអនុញ្ញាតការចិញ្ចឹមសត្វ និងការបង្កាត់ពូជសត្វ ដល់មន្ត្រីជំនាញ ក្រុមហ៊ុន ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ និងអ្នកពាក់ព័ន្ធដទៃទៀតក្នុងខេត្តត្បូងឃ្មុំ៕