(ភ្នំពេញ)៖ កាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅនេះ បុគ្គលិកនៅ «អង្គការសុវណ្ណកុមារ» ត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន ហើយនៅថ្ងៃទី២៣ ខែសីហា ពួកគេត្រូវបានបញ្ឈប់ពីការងារដោយផ្អែក ទៅលើភស្តុតាង នៃការប្រព្រឹត្តអំពើខុសច្បាប់ដែលបានរកឃើញ។
កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ លោក អារុណ សុធា នាយកប្រតិបត្តិរបស់អង្គការសុវណ្ណកុមារ បានទទួលលិខិតបញ្ឈប់ការងារ តាមរយៈអ៊ីម៉ែល ដែលមានការចុះហត្ថលេខាដោយលោកស្រី Kara Heide ដែលជាសមាជិកក្រុមប្រឹក្សាភិបាលនៃ Golden Children, Inc គ្រប់គ្រងអង្គការអន្តរជាតិ Sovann Komar LLC បានបញ្ជាក់ពីមូលហេតុ នៃការបញ្ឈប់ការងារនេះ។
ការបោកប្រាស់ផ្នែកហិរញ្ញវត្ថុ ការប្រើប្រាស់មូលនិធិរបស់អង្គការមិនត្រឹមត្រូវ អំពើពុករលួយ ការរំលោភការទុកចិត្ត ការរំលោភបំពានលើរាងកាយ ការបង្កឱ្យមានបរិយាកាសដែលពោពេញ ដោយហិង្សា ការធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាព និងសុខុមាលភាពរបស់កុមារ ដោយបានដឹងអំពីការរំលោភបំពានលើរាងកាយ និងផ្លូវភេទ ការធ្វេសប្រហែស ការមិនបំពេញភារកិច្ច បក្ខពួកនិយម និងការបង្ខិតបង្ខំ។ Sovann Komar LLC កំពុងបន្តចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីដោះស្រាយអំពីការប្រព្រឹត្តអំពើរមិនត្រឹមត្រូវ ព្រមទាំងការបង្ហោះព័ត៌មានមិនពិត និងភាពភាន់ច្រលំផ្សេងៗ ទាក់ទងនឹងកុមារនៅលើទំព័រហ្វេសប៊ុករបស់ Sovann Komar LLC ។
លិខិតបញ្ឈប់ការងារនេះ ត្រូវបានប្រគល់ជូន និងទទួលយកដោយក្រសួង និងអាជ្ញាធរដូចខាងក្រោម៖ ស្ថានទូតអាមេរិកនៅភ្នំពេញ អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងសង្គមកិច្ច អតីតយុទ្ឋជន និងយុវនីតិសម្បទា ក្រសួងការងារ និងក្រសួងមហាផ្ទៃដែលនឹងបន្តរទទួលដំណឹងទាក់ទងពីការវិវឌ្ឍក្នុងករណីនេះផងដែរ។
កាលពីថ្ងៃទី៣ ខែកញ្ញា មានបាតុកម្មមួយបានធ្វើឡើងនៅមុខសាលាសុវណ្ណកុមារ ពីសំណាក់អតីតបុគ្គលិករបស់អង្គការសុវណ្ណកុមារ។ ហើយគេជឿថា បាតុកម្មនេះត្រូវបានរៀបចំឡើងដោយបុគ្គលិក ដែលត្រូវបានបញ្ឈប់។ ក្រុមអ្នកបាតុកម្មបានអះអាងថា ពួកគេបានរង់ចាំដោយអត់ធ្មត់ដើម្បីរកដំណោះស្រាយចំពោះស្ថានភាពរបស់ពួកគេ។ នៅក្នុងខ្សែវីដេអូ អ្នកបាតុកម្មម្នាក់បាននិយាយថា «តើអ្នកមានសិទ្ធិ អ្វីដេញយើងចេញ?» ដោយយោងទៅលើតំណាងស្របច្បាប់របស់អង្គការសុវណ្ណកុមារគឺលោក Brad Gordon ដែលកាន់អំណាចជាមេធាវីរបស់ Sovann Komar LLC។
តែបើយោងតាមលិខិតបញ្ឈប់ការងារនោះ បុគ្គលិកដែលត្រូវបានបញ្ឈប់ដោយគ្មានមូលហេតុ នឹងត្រូវទទួលបាន ប្រាក់បំណាច់តាមការផ្តល់ជូនយ៉ាងពេញលេញក្រោមច្បាប់របស់កម្ពុជា សម្រាប់ការបញ្ឈប់ការងារដោយគ្មានមូលហេតុ។ លើសពីនេះទៅទៀត បុគ្គលិកទាំងអស់ត្រូវបានអញ្ជើញមកអង្គការសុវណ្ណកុមារ ដើម្បីពិនិត្យប្រាក់បំណាច់ទោះ ប៉ុន្តែមានបុគ្គលិកតែម្នាក់គត់ដែលបានមកពិនិត្យ។ មានហេតុផលដែលគួរឱ្យជឿថាលោកស្រី មរកត ជាតិ ចាន់ អតីតគណនេយ្យករនៅអង្គការសុវណ្ណកុមារ បានប្រាប់បុគ្គលិក ដែលត្រូវបានបញ្ឈប់មិនឱ្យវិលត្រឡប់មកជួបយើងវិញ ហើយបានបង្គាប់ឱ្យពួកគាត់ធ្វើបាតុកម្មទៅវិញ។ បណ្តឹងព្រហ្មទណ្ឌចំពោះការក្លែងបន្លំកំពុង ត្រូវបានរៀបចំឡើងប្រឆាំងនឹងលោកស្រី ជាតិ ចាន់។
យោងតាមលិខិតបញ្ឈប់ការងារនោះ អតីតប្រធានសន្តិសុខនៅអង្គការសុវណ្ណកុមារ ត្រូវបានបញ្ឈប់ពីការងារដោយមានមូលហេតុចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ដោយសំអាងលើព័ត៌មានមិនពិត និងភាន់ច្រលំដែលបានបង្ហោះលើហ្វេសប៊ុករបស់លោក។ បណ្តឹងព្រហ្មទណ្ឌកំពុងត្រូវបានរៀបចំឡើងប្រឆាំងនឹងអតីតប្រធានសន្តិសុខ។ Sovann Komar LLC បានដាក់ក្រុមការងារជំនាញថ្មី ដើម្បីដឹកនាំ និងថែរក្សាប្រតិបត្តិការរបស់អង្គការនិងកុមារៗ ដែលនៅក្រោមការមើលថែទាំរបស់អង្គការកុមារនេះ។ Sovann Komar LLC និងក្រុមការងារជំនាញថ្មីទាំងនេះនៅតែប្តេជ្ញាចិត្ត ដើម្បីធានាសុវត្ថិភាពដល់កុមារនៅសុវណ្ណកុមារ។
លោកស្រី Heide បានមានប្រសាសន៍ថា ជំហ៊ានចាំបាច់ទាំងអស់ត្រូវបានអនុវត្តដោយផ្តោតទៅលើសុវត្ថិភាព និងផលប្រយោជន៍ល្អបំផុតសម្រាប់កុមារ។ «យើងកំពុងតែយកចិត្តទុកដាក់លើការប្រព្រឹត្តខុសនេះយ៉ាងតឹងរឹងបំផុត ហើយការធានាសុវត្ថិភាព និងសុខុមាលភាពរបស់កុមារនៅអង្គការសុវណ្ណកុមារ គឺជាអាទិភាពទីមួយរបស់យើង»។
អាជ្ញាធរ និងម្ចាស់ជំនួយកំពុងចាប់អារម្មណ៍ពីព័ត៌មានបន្ថែមស្តីពី ការប្រព្រឹត្តមិនត្រឹមត្រូវរួមមានការលួចបន្លំ ការរំលោភបំពាន និងអំពើពុករលួយផ្សេងៗ ដើម្បីឱ្យភាគីមានកំហុសទាំងអស់អាច ត្រូវបានកាត់ទោស។
ប្រតិកម្មខាងលើនេះ បានធ្វើឡើងក្រោយពីបុគ្គលិក និងសន្តិសុខចំនួន ១៧នាក់ រួមទាំងលោក សុធា អរុណ ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់អង្គការ «សុវណ្ណកុមារកម្ពុជា» ត្រូវបានបណ្តេញចេញពីកន្លែងការងារ ដោយពុំមានលិខិតស្នាមផ្លូវការណាមួយជាក់លាក់ និងគ្មានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ពិសេសពុំបានជូន ដំណឹងជាមុន ដែលផ្ទុយពីច្បាប់របស់ក្រសួងការងារនោះ កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃអង្គការមួយនេះ បានផ្ទុះការតវ៉ាជាថ្មី ដើម្បីសុំស្វែងរកអន្តរាគមន៍ ពីថ្នាក់ដឹកនាំ។
ថ្នាក់ដឹកនាំ និងបុគ្គលិកទំាងនេះ បានធ្វើការតវ៉ាសារជាថ្មី ដើម្បីស្នើសុំរអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធជួយរកដំណោះស្រាយជូនពួកគាត់រួមមាន៖
*ទី១៖ បញ្ជាក់ពីមូលហេតុដែលបញ្ឈប់ពួកគាត់ដោយគ្មានឯកសារគតិយុទ្ធ
*ទី២៖ យើងខ្ញុំស្នើសុំចូលធ្វើការងារជាធម្មតាវិញ
*ទី៣៖ បើបញ្ឈប់ពួកយើងត្រូវផ្តល់ប្រាក់អតីតភាពការងារដល់ពួកយើង ដែលខំធ្វើការជាមួយអង្គការជាង ១០ឆ្នាំមកហើយ និងផ្តល់សំណងជំងឺចិត្តដល់ពួកយើង តាមគោលការណ៍ច្បាប់ ព្រោះយើងបានចុះកិច្ចសន្យាការងារជាមួយអង្គការរយៈពេល ២ឆ្នាំ៕