(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក Anthony Tan នាយកប្រតិបត្តិនៃ DrMap កម្ពុជា នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី (SGMC) បានឲ្យដឹងថា មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី ដែលមានក្រុមវេជ្ជបណ្ឌិតជំនាញឯកទេសពិសេស នឹងបើកដំណើរការនៅក្នុងពេលឆាប់ៗខាងមុខនេះ ហើយនឹងចាប់ផ្ដើមទទួលអតិថិជន និងអ្នកជំងឺ ដើម្បីផ្ដល់ជូននូវសេវាកម្មវេជ្ជសាស្រ្ត និងថែទាំសុខភាពប្រកប ដោយគុណភាពខ្ពស់ និងទំនើប។
លោក Anthony Tan បន្ដទៀតថា ប្រជាជនកម្ពុជា និងជនបរទេស ដែលរស់នៅក្នុងប្រទេសកម្ពុជាពីមុន តែងតែធ្វើដំណើរទៅក្រៅប្រទេស ដើម្បីទៅទទួលសេវាកម្មវេជ្ជសាស្រ្ត និងថែទាំសុខភាព ប៉ុន្តែចាប់ពីពេលនេះ ពួកគាត់អាចទទួលបានសេវាកម្ម ប្រកបដោយគុណភាពកម្រិត ដូចនៅក្នុងប្រទេសសិង្ហបុរី នៅក្នុងទីក្រុងភ្នំពេញតែម្ដង។
SGMC នឹងផ្ដល់នូវសេវាកម្មវេជ្ជសាស្រ្ត និងថែទាំសុខភាពគ្រប់ផ្នែក ដែលមានចាប់ពីសេវាកម្មវេជ្ជសាស្រ្តទូទៅ ពិនិត្យសុខភាព និងការថតឆ្លុះធ្វើរោគវិនិច្ឆ័យ សេវកម្មសុខភាពស្រ្តី ផ្នែកកែសម្ផស្ស ការវះកាត់ទូទៅ ការព្យាបាលដោយកាំរស្មីឡាស៊ែរ ការព្យាបាលដោយអ៊ីយ៉ុងអវិជ្ជមាន និងកាំរស្មីអ៊ីនហ្រ្វា (NIFI) ការព្យាបាលដោយប្រើកំអែខ្សាច់ភ្នំភ្លើង (Volcanic Sand Bath Therapy) ការព្យាបាលដោយផ្ដល់ជាតិទឹកសេរ៉ូម IV និងសេវាកម្មអាហារូបត្ថម្ភជាដើម។
លោកបញ្ជាក់ថា «គោលបំណងសំខាន់បំផុតរបស់យើង គឺដើម្បីផ្ដល់សេវាកម្មថែទាំវេជ្ជសាស្រ្ត ឈានមុខគេស្របទៅតាមស្តង់ដារឯកទេស និងទឹកចិត្តដ៏ល្អប្រពៃរបស់វេជ្ជបណ្ឌិតជំនាញឯកទេសសិង្ហបុរី និងកម្ពុជា ព្រមទាំងដើម្បីពាំនាំមកនូវសេវាកម្មសុខុមាលភាព វេជ្ជសាស្រ្តសិង្ហបុរី ពេញលេញជូនដល់ប្រទេសកម្ពុជាផងដែរ»។
លោកថា SGMC គោរពយ៉ាងខ្ជាប់ខ្ជួនបំផុតនូវបទដ្ឋានសុវត្ថិភាព និងក្រមសីលធម៌ខ្ពស់បំផុត។ ក្នុងនាមជាជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរីមួយ យើងសូមធានាថា រាល់ពិធីសារ និងនីតិវិធីសុទ្ធតែប្រកបទៅដោយក្រមសីលធម៌ខ្ពស់ អនុវត្តតាមនីតិវិធីវេជ្ជសាស្រ្ត និងអ្នកជំងឺ ព្រមទាំងបទដ្ឋានសុវត្ថិភាពផងដែរ។
លោកថា «លើសពីនេះទៅទៀត មុនពេលនីតិវិធីថ្មីណាមួយត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ដាក់អនុវត្ត និងដាក់ឱ្យប្រើប្រាស់ SGMC ធ្វើការត្រួតពិនិត្យយ៉ាងលម្អិតល្អន់បំផុតដើម្បីធានាថា រាល់បទដ្ឋានទាំងអស់ សុទ្ធតែត្រូវបានគោរពយ៉ាងម៉តចត់»។
លោកបានបញ្ជាក់ថា «ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ តទៅ SGMC នឹងបើកបម្រើសាធារណជន សម្រាប់សេវាកម្មវេជ្ជសាស្រ្តទូទៅ ការពិនិត្យសុខភាព និងសេវាថែទាំសុខភាពទូទៅ។ SGMC ស្ថិតនៅឯអគារដឹប្រ៊ីដ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ»៕