(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បើកកិច្ចប្រជុំបន្ទាន់មួយភ្លាមៗ ដើម្បីកំណត់បែងចែកភារកិច្ចមន្រ្តីរាជការ និងកងកម្លាំងគ្រប់លំដាប់ថា្នក់ យកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗ ចំនួន៥ ដោយយោងតាមការផ្សព្វផ្សាយស្មារតីអង្គប្រជុំ របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។
កិច្ចប្រជុំបន្ទាន់របស់គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវនេះ ធ្វើឡើងដោយមានការចូលរួមពីគណៈអភិបាលរង, លោកអធិការ, លោកមេបញ្ជាការរង, គណៈនាយក, ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធខណ្ឌ, មន្រ្តីនគរបាល, យោធភូមិភាគពិសេស, លោក-លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង មេភូមិ និងសណ្តាប់ធ្នាប់ខណ្ឌ នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។
ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខណ្ឌ លោក ជា ពិសី បានគូសបញ្ជាក់ថា សម្រាប់ភារៈកិច្ចមន្រ្តីរាជការ និងកងកម្លាំងគ្រប់លំដាប់ថា្នក់ គួរយកចិត្តទុដាក់បន្តអនុវត្ត ក្រោមរបៀបវារៈសំខាន់ៗមួយចំនួន ដោយយោងតាមការផ្សព្វផ្សាយស្មារតីអង្គប្រជុំ របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ រួមមាន៖
*ទី១៖ ផ្សព្វផ្សាយស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ
*ទី២៖ កំណត់បែងចែកភារៈកិច្ចមន្រ្តីរាជការ និងកងកម្លាំងគ្រប់លំដាប់ថា្នក់ ក្នុងការរៀបចំសណ្តាប់ធ្នាប់ រំដោះចិញ្ចើមផ្លូវ ការងារបរិស្ថាន អនាម័យ និងបន្តការកាត់ស្លាកយីហោដែលមិនមានលិខិតអនុញ្ញាត ក្នុងមូលដ្ឋាន
*ទី៣៖ ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ បញ្ហាល្បែងស៊ីសង គ្រឿងញៀន និងបញ្ហាទប់ស្កាត់អគ្គីភ័យក្នុងមូលដ្ឋាន
*ទី៤៖ ពង្រឹងការគោរពច្បាប់ចរាចរអោយបានម៉ឹងម៉ាត់ ចំពោះមន្រ្តីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ (ពាក់មួកសុវត្ថិភាព)
*ទី៥៖ ផ្សព្វផ្សាយមិនអោយមានការប្រើប្រាស់គ្រឿងញៀនក្នុងក្លឹបកម្សាន្ត និងការបើកកម្សាន្ដនាពេលថ្ងៃ៕